38 C
Phnom Penh

សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ៦នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​យ៉ាងហោចណាស់​ចំនួន​ចំនួន៦នាក់ រួមមាន កញ្ញា ឈឿន ដារ៉ា​វី និង​លោក ហ៊ុន វណ្ណៈ​, សំណាង​, ឡា​វី​, សៀង ហៃ និង​កញ្ញា ជា គន្ធី​ន ត្រូវ​បាន​សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ​ចាប់ខ្លួន​នៅ​រសៀល​ថ្ងៃទី១៣ ខែសីហា​នេះ នៅ​កន្លងែ​ងផ្សេងគ្នា។

ការ​ចាប់ខ្លួន​នេះ ធ្វើឡើង​បន្ទាប់ពី​សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​រូប​នេះ តែង​ធ្វើសកម្មភាព​សកម្ម ក្នុង​ការ​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​ប្រធាន សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន និង​តែង​ផ្សាយ​ផ្ទាល់ ឬ បង្ហោះ​ព័ត៌មាន​នាំការ​តវ៉ា ព្រមទាំង​បញ្ហា​អយុត្តិធម៌​ក្នុង​សង្គម​ជាច្រើន​ទៀត។ នៅមុន​ការ​ចាប់ខ្លួន គណនី​ហ្វេសប៊ុក សមាជិក​ក្រុម​ខ្មែរ​យុវជន​ថាវរៈ គឺ លោក ហ៊ុន វណ្ណៈ បាន​បង្ហោះ​ជា​វីដេអូ ដោយ​រៀបរាប់​ថា សមត្ថកិច្ច​បាន​ចាប់ខ្លួន កញ្ញា ឈឿន ដារ៉ា​វី នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ខណៈ​ដែល កញ្ញា និង​យុវជន​ជាង១០នាក់​ទៀត ប្រមូល​ផ្តុំគ្នា​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ។

ប្រភព​ដដែល​បន្ត​ថា សមត្ថកិច្ច​បាន​ចាប់ខ្លួន កញ្ញា ឈឿន ដារ៉ា​វី ហើយ​ថែមទាំង​បាន​ដាក់​កម្លាំង​ព័ទ្ធ​ផ្ទះ​របស់​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ដែល​ជួល​នៅ​ថែមទៀត​ផង។នៅ​ព្រឹក​នេះ មានការ​ប្រមូល​ផ្តុំគ្នា​តវ៉ា នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន ឱ្យ​មាន​សេរីភាព​វិញ និង​ទម្លាក់​ចោលការ​ចោទប្រកាន់​លើ​រូបលោក។

ក្នុង​ការ​តវ៉ា​នោះ មានការ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ ហើយ​កញ្ញា ឈឿន ដារ៉ា​វី បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ព្រឹក​នេះ​ថា អំឡុង​ពេល​ប៉ះទង្គិច​គ្នា​នោះ ក្រុម​សន្តិសុខ​ខណ្ឌ បាន​ទាញ​យក​កាបូប​របស់​គាត់​ទៅបាត់ ដោយ​ក្នុង​កាបូប​នោះ​មាន​លុយ​និង​សម្ភារ​មួយចំនួន។ ដោយសារ​បញ្ហា​នេះ ទើប​កញ្ញា និង​យុវជន​ផ្សេងទៀត បន្ត​រង់ចាំ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​យក​កាបូប​នោះ​មកវិញ។

The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​ស្នងការ​នគរបាល​ក្រុងភ្នំពេញ​លោក ស ថេត និង​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ខឿន បាន​នៅឡើយ​ទេ។យ៉ាងនេះ​ក្តី ទាំង​អាជ្ញាធរ​ក្រុងភ្នំពេញ និង​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​តាម​លិខិត​របស់​ខ្លួន បាន​ព្រមាន​ចាត់វិធានការ​ច្បាប់​រួច​ទៅ​ហើយ ទៅលើ​ក្រុម​អ្នកគាំទ្រ​ទាមទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន ដោយ​ថា​ជាសកម្ម​ភាព​ខុសច្បាប់។

សា​ព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ​វី​អូ​ឌី បាន​ដកស្រង់​សម្តី​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត ចុះផ្សាយ​ថា សមត្ថកិច្ច​ពិតជា​បាន​ចាប់ខ្លួន​មនុស្ស​ទាំង ៦នាក់​នោះ​ពិតមែន ក្នុង​នោះ មាន​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការ និង៥នាក់​ទៀត ជា​បទល្មើស​ជាក់ស្តែង។ទោះជាយ៉ាងណា​ក៏ដោយ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋអាមេរិក បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស ការ​ចាប់​ឃាត់ខ្លួន​យុវជន៦នាក់ របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ថ្កោលទោស​ការប្រើ​អំពើ​ហិង្សា​របស់​កង​សន្តិសុខ​ខ័ណ្ឌ៧មករា មក​លើ​ពលរដ្ឋ​ដែល​បាន​ប្រើ​សិទ្ធិ​ស្របច្បាប់​របស់​ខ្លួន​ក្នុង​ការ​តវ៉ា​ទាមទារ ឱ្យ​ដោះលែង​លោក រ៉ុង ឈុន ។

ក្រុម​នេះ ព្រមាន​ថា​ការ​ចាប់​ឃាត់ខ្លួន និង​ការប្រើ​អំ​ពើ​ហឹង្សា​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​និង​កង​សន្តិសុខ​ខ័ណ្ឌ៧មករា មក​លើ​ពលរដ្ឋ នេះ គឺជា​ការរំលោភ​សិទ្ធិ​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ ហើយ​ទាមទារ​ឲ្យ​មានការ​ដោះលែង​យុវជន​ទាំង៦នាក់​ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។

ការ​បន្ត​ចាប់ខ្លួន​យុវជន សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ និង​អ្នករិះគន់​បញ្ហា​សង្គម​ជាបន្តបន្ទាប់​នេះ ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប​បានសម្រេច​នីតិវិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០​% ពី​កម្ពុជា​ជា​ផ្លូវការ​កាលពី​ថ្ងៃម្សិលមិញ។យ៉ាងនេះ​ក្តី​អឺរ៉ុប បង្ហើប​ថា ប្រសិនបើ​សហគមន៍​អន្តរជាតិ​មួយ​នេះ មើលឃើញ​ថា​ស្ថានភាព​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស សិទ្ធិ​ការងារ​កម្ពុជា​បាន​ប្រសើរ អឺរ៉ុប​នឹង​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មួយ​នេះ ពេញលេញ​ដល់​កម្ពុជា​ឡើងវិញ​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស