29 C
Phnom Penh

ក្រុម​យុវជន និង​ពលរដ្ឋ ដែល​តវ៉ា​ដោះលែង​លោក រ៉ុង ឈុន បាន​ប៉ះទង្គិច​គ្នា​ជាមួយ​អាជ្ញាធរ​ក្រុងភ្នំពេញ​ជាថ្មី​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ក្រុម​អ្នក​តវ៉ា​ឱ្យ​មានការ​ដោះលែង ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ដែល​ប្រមូល​ផ្តុំគ្នា​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប៉ះទង្គិច​គ្នា​ជាមួយ​អាជ្ញាធរ​ក្រុងភ្នំពេញ​ជាថ្មី​ទៀត​នៅ​ថ្ងៃទី១៣ ខែសីហា​នេះ។

ការ​តវ៉ា​នេះ ស្រប​ពេល​ដែល​សំណុំរឿង​របស់​លោក រ៉ុង ឈុន ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង បន្ត​នីតិវិធី​សួរនាំ​លោក បន្ថែម​នៅ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ។ក្រុម​យុវន​ខ្មែរ​ថាវរៈ សាច់ញាតិ​លោក រ៉ុង ឈុន និង​សកម្មជន​ប្រមាណ៥០នាក់ រួម​ទាំង​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័​ណ្ឌ បាន​នាំគ្នា​ទៅ​ប្រមូល​ផ្តុំ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​ស្ថាប័ន​មួយ​នេះ​ដោះលែង​លោក រ៉ុង ឈុន។ ការ​តវ៉ា​នោះ​ត្រូវ​បាន​អាជ្ញាធរ និង​សន្តិសុខ​ខណ្ឌ៧មករា រារាំង និង​រុញច្រាន​ពួក​គេ​ចេញពី​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ បណ្តាល​ក្រុម​អ្នក​តវ៉ា​មួយចំនួន​រង​របួស​ថែមទៀត​ផង។

ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័​ណ្ឌ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា លោក​មានការ​សោក​ស្តាយ​ជា​ខ្លាំង​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល​បាន​បង្ក្រាប​ទៅលើ​ពលរដ្ឋ​ដែល​តវ៉ា​ដោយសន្តិវិធី​នេះ។លោក​បន្ត​ថា មន្ត្រី​រដ្ឋាភិបាល​តែង​អះអាង​ថា ខ្លួន​គោរពច្បាប់ អនុវត្ត​ច្បាប់ ប៉ុន្តែ​ជាក់ស្តែង​បែរជា​រំលោភច្បាប់ និង​បង្ក្រាប​ទៅលើ​ពលរដ្ឋ​គ្រាន់តែ​មានបំណង​តាមដាន​សំណុំរឿង​របស់​លោក រ៉ុង ឈុន ប៉ុណ្ណោះ។

នេះ មិនមែន​ជា​លើក​ទី១ទេ សំរាប់​ការរារាំង ឬបង្ក្រាប​ទៅលើ​ក្រុម យុវជន និង​ពលរដ្ឋ​ដែល​ប្រមូល​ផ្តុំគ្នា​ទាមទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន ត្បិត​ពួក​គេ​ថា​ការ​ចាប់ខ្លួន​លោ​ករ៉ុង ឈុន ជា​រឿង​អយុត្តិធម៌ និង​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ក្រុម​អាជ្ញាធរ​បាន​បង្ក​ឲ្យ​មានរបួស​ស្នាម​ដល់​ក្រុម​អ្នក​តវ៉ា​មួយចំនួន ហើយ​មាន​ខ្លះទៀត​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ប៉ុន្តែ​ដោះលែង​វិញ​ក្រោយ​ធ្វើ​កិច្ចសន្យា​រួច លើកលែងតែ​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ២នាក់ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​សរ ដោយ​ចោទ​ពី​បទ​ញុះញង់​ឲ្យ​មានការ​ប្រព្រឹត្ត​បទល្មើស។

រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៣ ខែសីហា បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ទៅ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ថាត្រូវ​ចាត់វិធានការ​មិន​ឱ្យ​មានការ​ជួបជុំ​តវ៉ា ឬធ្វើសកម្មភាព​ណា​ដែល​មិនបាន​ជូនដំណឹង​ជា​លាយលក្ខណ៍​អក្សរ​មក​អាជ្ញាធរ​នោះ​ទេ។ លើស​ពីនេះ សកម្មភាព​ជួបជុំ​ប្រមូល​ផ្តុំ​នៅមុខ​សាលាដំបូង​នោះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រក្រតី​ភាព​សង្គម សណ្តាប់​ធ្នាប់​សាធារណៈ លំហូរ​ចរាចរណ៍ និង​ប្រាស​ចាស​ពី​គោលការណ៍​ច្បាប់​ស្តី​ពី​ការ​ធ្វើបាតុកម្ម​ដោយសន្តិវិធី។

មិនមែន​តែរ​ដ្ឋ​បាល​ក្រុងភ្នំពេញ​នោះ​ទេ​ដែល​ចេញ​លិខិត​ព្រមាន​នេះ ដោយឡែក អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ក៏បាន​ចេញ​លិខិត​ព្រមាន​ដល់​ក្រុម​អ្នក​តវ៉ា​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន ថា​ជា​រឿង​ខុសច្បាប់ ហើយ​ពួក​គេ​ប្រឈម​នឹង​ការ​ចាត់វិធានការ​តាមច្បាប់​ទៀតផង។

ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជាស​មា​ជិ​កក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ត្រូវ​បាន​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី៣១ខែកក្កដា ហើយ​មួយថ្ងៃ​បន្ទាប់​លោក​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស ក្រោម​បទ​ចោទ​ថា ញុះញង់​ឱ្យ​មានការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស