
នៅទីបំផុត នាវាចម្បាំងរបស់ប្រទេសក្រិចបានសម្រេចបើកបុកនាវាចម្បាំងរបស់តួកគី ដែលកើតឡើងនៅលើដែនសមុទ្រ Mediterranean ខាងកើត។ នេះបើតាម ប្រភពពីក្រសួងការពារជាតិនៃប្រទេសក្រិចហើយត្រូវបានទីភ្នាក់ងារសារព័ត៌មាន Reuters ដកស្រង់ចុះផ្សាយនៅថ្ងៃសុក្រទី១៤ ខែសីហានេះ។
ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃព្រហស្បតិ៍ ក្នុងសប្ដាហ៍នេះ បន្ទាប់ពីប្រទេសតួកគីបានបញ្ជូននាវាខួងប្រេងមួយគ្រឿង អមដោយនាវាចម្បាំង បានបើកចូល ទៅតំបន់ដែនទឹកដែលប្រទេសក្រិចអះអាងថា ជាដែនអធិបតេយ្យរបស់ខ្លួនហើយ នាវាតួកគីបើកទៅទីនោះ ដើម្បី ស្ទង់រកអណ្ដូងប្រេងកាត និងឧស្ម័ន។ ប៉ុន្តែសម្រាប់តួកគីក៏បាន អះអាងថា តំបន់នោះជាដែនទឹករបស់តួកគី។
ពាក់ព័ន្ធហេតុការណ៍នេះ បាននាំអោយ ក្រុមរដ្ឋមន្ត្រីការបរទេសជួបប្រជុំគ្នានៅថ្ងៃនេះ។ នាវាខួងប្រេងរបស់តួកគី Oruc Reis ត្រូវបានរាយការណ៍មកថា បាន បើកឆ្លងកាត់កោះ Cyprus និងកោះមួយចំនួនរបស់ក្រិច ហើយក្រោយមកនាវាចម្បាំងជាច្រើនរបស់ក្រិចក៏បានបើកសំដៅទៅកាន់នាវារបស់តួកគី។ក្រសួងការពារជាតិប្រទេសក្រិចបានបញ្ជាក់ថា នាវាចម្បាំងរបស់ក្រិច មិនចង់ប៉ះទង្កិច នឹងនាវាចម្បាំងរបស់តួកគីនោះទេ ប៉ុន្តែវាជាឧបទ្ទវហេតុដែលតួកគីបង្កឡើង ព្រោះបានបើកចូលដែនទឹករបស់ក្រិច ចំពេល នាវាចម្បាំងរបស់ក្រិច បានកំពុងធ្វើសមយុទ្ធទ័ពជើងទឹកជាមួយ កងនាវាចម្បាំងនៃប្រទេសបារាំង។
សេចក្ដីរាយការណ៍របស់សារព័ត៌មានអង់គ្លេស The Guardian បានចុះផ្សាយថាក្រិចបានប្រកាសគ្រាមានអាសន្នផ្នែកកងទ័ព ដោយកោះហៅ បុគ្គលិកនៃកងនាវាចម្បាំង និងកងទ័ពជើងអាកាស ដែលកំពុងសម្រាកប្រចាំឆ្នាំអោយត្រឡប់មកកាន់ទីតាំងឈរជើងរបស់ខ្លួនវិញដើម្បីប្រឈមជាមួយប្រទេសតួកគីដែលបញ្ជូន នាវាចម្បាំងជាច្រើនគ្រឿងចូលទៅដែនទឹករបស់ក្រិច។
រដ្ឋាភិបាលនៃ ប្រទេសតួកគីបានបញ្ជូននាវាស្ទង់ប្រេងមួយឈ្មោះថា Oruc Reis បំពាក់ដោយឧបករណ៍ខួងប្រេងអមដោយនាវាចម្បាំងបានទៅដល់ដែនទឹកនៃ សមុទ្រមេឌីទ័រ៉ូណេ ខាងកើត ដែលប្រទេសក្រិចអះអាងថាបានចូលដែនទឹករបស់ខ្លួនដោយបានប្រាប់ទៅតួកគីអោយដកត្រឡប់មកវិញនូវនាវាទាំងនោះ តែតួកគីមិនស្ដាប់ឡើយ ។ទាំងក្រិច និងតួកគី គឺជាសមាជិកនៃអង្គការយោធាណាតូ ប៉ុន្តែតួកគី បានកំពុងប្រែក្លាយជាសត្រូវបន្តិចម្ដងៗរបស់អង្គការនេះ ដោយបានទិញកាំជ្រួច S-400 របស់រុស្ស៊ី ដែលជាការបំពានគោលការផ្ទៃក្នុងរបស់ ណាតូហើយបង្កឲ្យប្រទេសជាច្រើន នៅក្នុងអង្គការណាតូសម្ដែងកំហឹងទៅលើប្រទេសបារាំងជាពិសេស និងសហរដ្ឋអាមេរិក។
សេចក្ដីរាយការណ៍របស់The Guardian បានបញ្ជាក់ទៀតថា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប អ៊ីស្រាអែល បានសំដែងការព្រួយ បារម្ភអំពីស្ថានភាពដ៏តាន់តឹងនេះជាពិសេសគឺប្រទេសបារាំង។បារាំង ដែលជាសមាជិកនៃអង្គការណាតូបានបញ្ចូនយន្ដហោះRafael ទៅអន្ដរាគមន៍ជួយការពារ ដែនអធិបតេយ្យរបស់ក្រិច។ នេះបើតាមនាយករដ្ឋមន្ត្រីរបស់ក្រិច។នាយករដ្ឋមន្ដ្រីក្រិច Kyriakos Mitsotakis បានថ្លែងទៅកាន់ជនរួមជាតិក្រិចថា ប្រទេសរបស់ យើងមិនគំរាមកំហែងប្រទេសណាមួយទេប៉ុន្ដែយើងក៏មិនអាចឲ្យប្រទេសផ្សេងទៀតមក គំរាមកំហែងយើងដែរ។
លោកបញ្ជាក់ទៀតថានៅពេលនេះពិភពលោកទាំងមូលមានការព្រួយបារម្ភជាខ្លាំងអំពីមហិច្ចតារបស់តួកគី។ ដូច្នេះយើងសូមអរគុណលោកប្រធានាធិបតី បារាំង Emmanuel Macron ដែលជាមិត្តពិតប្រាកដរបស់ក្រិចដែលជាអ្នកការពារយើងក្នុងគ្រប់តំលៃ នៃអឺរ៉ុប និងការពារស្របតាមច្បាប់អន្ដរជាតិ។ ឥឡូវនេះយើងឃើញហើយថាប្រធានាធិបតីបារាំងបានទាមទារឲ្យតួកគីបញ្ឈប់សកម្មភាពស្ទង់និងរុករកឧស្ម័ននៅតំបន់នោះជាបន្ទាន់ ហើយបានប្រកាសថាបារាំងនឹងបញ្ជូនកងទ័ពនិងគ្រឿងសព្វាវុធទៅក្រិចជាបន្ទាន់បន្ថែមទៀត។បើតាមនាយករដ្ឋមន្ត្រីក្រិច ក្រសួងការពារជាតិបារាំងបានសំរេចបញ្ជូនយន្ដហោះ Rafale ចំនួន ពីរគ្រឿងនិងនាវាពិឃាតមួយគ្រឿងទៅសមុទ្រមេឌីទ័រ៉ូណេនៅតំបន់ភាគខាងកើតនៃប្រទេស ក្រិចបន្ទាប់ពី
ប្រធានាធិបតីបារាំងបានថ្កោលទោសតួកគី ហើយបានសម្ដែងការព្រួយបារម្ភអំពី ស្ថានភាពដ៏តាន់តឹងនេះ។តាមមេដឹកនាំក្រិច លោក Macron បានបញ្ជាក់នៅក្នុងសារលិខិតរបស់លោកថាតួកគី ត្រូវតែបញ្ឈប់ជាបន្ទាន់ ហើយត្រូវតែត្រលប់មកតុចរចារជាបន្ទាន់ព្រោះតួកគី និងក្រិចក៏ជាសមាជិកអង្គការណាតូដូច គ្នា។ជាមួយគ្នានេះ ប្រធានាធិបតីបារាំងMacron ក៏បានអំពាវនាវឲ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្ម ប្រឆាំងតួកគីនូវអ្វីដែលលោកហៅថាជាការបំពានលើដែនអធិបតេយ្យលើប្រទេសក្រិច និងកោះសីប។
ជាមួយគ្នានេះទៀតប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបលោក Josep Borrell បានហៅ ការចល័តកងកំលាំងនាវាចម្បាំងនៃប្រទេសទាំងពីរ ក្រិច និង តួកគីថាជាការបង្ហាញអំពីសញ្ញាអាសន្នហើយត្រូវតែកោះប្រជុំជាបន្ទាន់នៃក្រុមប្រឹក្សាការបរទេសនៃសហភាពអឺរ៉ុប នៅថ្ងៃសុក្រទី១៤សីហានេះ។
ស្របពេលជាមួយគ្នានេះមានសេចក្ដីរាយការណ៍មកថាបារាំងនិងក្រិចក៏បានចាំផ្ដើមធ្វើសម យុទ្ធទ័ពជើងទឹកភ្លាមៗនៅថ្ងៃទី១៣ ខែសីហានេះគឺនៅតំបន់សមុទ្រមេឌីទ័រ៉ូណេភាគខាងកើត ដែលនៅទីនោះនាវាខួងប្រេងរបស់តួកគីបានស្ថិតទីនោះដែរ។ប្រធានាធិបតីតូគីលោក Recep Tayyip Erdogan ព្រមានថា ការបាញ់នាវារបស់តួកគី គឺត្រូវសងមកវិញនូវតំលៃខ្ពស់បំផុត ហើយពុំនោះទេ តួកគីនឹងបាញ់កាំជ្រួចសងសឹកលើនាវានោះ៕