នយោបាយ

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ហៅ​ការ​ចាប់ខ្លួន​ក្រុម​យុវជន និង​មេ​បក្សនយោបាយ​មួយ​ថា ជា​ការរំលោភ​ច្បាប់​ជាតិ និង​អន្តរជាតិ និង​បិទបាំង​តម្លាភាព​លើ​បញ្ហា​ព្រំដែន កម្ពុជា​-វៀតណាម

By ឌឹ ខេមបូឌា ដេលី

August 15, 2020

​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស ណ័​រវេ​យ៍ (Naway​) នៅ​ថ្ងៃទី​សុក្រ ទី១៤ ខែសីហា​នេះ ថ្កោលទោស​យ៉ាង​ដាច់ អហង្កា ចំពោះ​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា ដែល​ចាប់ខ្លួន​លោក សួង សុភ័​ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ និង​ចាប់​យុវជន​ខ្មែរ​ថាវរៈ​ចំនួន៦នាក់ កាលពី​ថ្ងៃ​ព្រហស្បតិ៍។

សមត្ថកិច្ច រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចាប់​ឃាត់ខ្លួន​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័​ណ្ឌ នៅ​រសៀល​ថ្ងៃទី១៤ ខែសីហា ពី​បទល្មើស​ជាក់ស្តែង​ពាក់ព័ន្ធ​នឹង​រឿង​ព្រំដែន​កម្ពុជា​-វៀតណាម។សារព័ត៌មាន​ស្និត​រដ្ឋាភិបាល Fresh News ស្រង់​សម្តី​ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក គុជ គឹម​ឡុង នៅ​ថ្ងៃសុក្រ​នេះ ថា លោក សួង សុភ័​ណ្ឌ ពិតជា​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​មែន។

លោក​ថា ការ​ចាប់ខ្លួន​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ​នេះ ពាក់ព័ន្ធ​បទល្មើស​ជាក់ស្តែង​ទាក់ទង និង​ការ​ញុះញង់​បំភ្លៃ​ការពិត​លើ​បញ្ហា​ព្រំដែន និង​ការចោទប្រកាន់​មួលបង្កាច់​ទម្លាក់កំហុស លើ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ថា ប្រព្រឹត្ត​បទល្មើស​ក្បត់ ជាតិ។ លោក​បន្ត​ថា បច្ចុប្បន្ន​លោក សួង សុភ័​ណ្ឌ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត។ការ​ចាប់ខ្លួន លោក សួង សុភ័​ណ្ណ ក្រោយពេល​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ​រូប​នេះ​បាន​ចុះទៅ​ពិនិត្យ​បង្គោលព្រំ​ដែន​រវាង​កម្ពុជា​-វៀតណាម​ដែល​បោះ​រួច​នៅ​ខេត្ត​ត្បូងឃ្មុំ​កាលពី​ថ្ងៃទី១០ខែសីហា ដោយ​អះអាង​ថាទៅ​ដើម្បី​ស្វែងរក​ការពិត ព្រោះតែ​ករណី​ដី​មាន​ជម្លោះ​តំបន់​នោះ​របស់​ពលរដ្ឋ ដែល​នាំ​ឱ្យ​មានការ​ចាប់ខ្លួន​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ផង​ដែរ។

ក្រោយ​លោក សួង សុភ័​ណ្ណ ដឹកនាំ​អ្នកគាំទ្រ និង​ពលរដ្ឋ​ចុះ​ពិនិត្យមើល​បញ្ហា​ព្រំដែន​នៅ​ខេត្ត​ត្បូងឃ្មុំ ហើយ​មួយថ្ងៃ​ក្រោយមក អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ី​ផាន បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នក​តវ៉ា រឿង​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម ដើម្បី​ទប់ស្កាត់​ចលាចល​ក្នុង​សង្គម។ សេចក្តី​ថ្លែង​ការ​របស់​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ដែល​ចេញផ្សាយ​នៅ​ថ្ងៃសុក្រ​នេះ បាន​ហៅ​ករណី​ការ​ចាប់ខ្លួន​ក្រុមសកម្ម​ជន​សង្គម​ជាបន្តបន្ទាប់​មកនេះ ជា​ការរំលោភ​យ៉ាងធ្ងន់ធ្ងរ ទៅលើ​រដ្ឋធម្មនុញ្ញ​កម្ពុជា ត្រង់​មាត្រា៣៥ និង​មាត្រា៤១ និង​រំលោភ​លើ​មាត្រា១៩ នៃ​សេចក្តី​ប្រកាស​ជាស​កល ស្តី​ពី​សិទ្ធិមនុស្ស។

ក្រុម​នេះ​ព្រមាន​ថា រដ្ឋាភិបាល​កម្ពុជា​របស់​លោក ហ៊ុន សែន កំពុង​រុញច្រាន​ស្ថាន​ការ​ប្រទេស​កម្ពុជា ឲ្យ​បន្ត​ធ្លាក់​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ នៃ​ការ អនុវត្ត​អំណាច​ផ្តាច់​ការ ដែល​ប្រាសចាក​ពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ឆ្នាំ១៩៩៣ និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ១៩៩១ ហើយ​ចាត់ទុក​ទង្វើ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា គ្មាន​តម្លាភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន ជាមួយ​ប្រទេស​វៀតណាម។ ជាង​នេះ​ទៅទៀត ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​តុលាការ​កម្ពុជា ត្រូវ​ដោះលែង​ក្រុមសកម្ម​ជន​ទាំងអស់ ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ ដើម្បី​រួមចំណែក​លើកកម្ពស់​សិទ្ធិមនុស្ស សិទ្ធិ​បញ្ចេញមតិ សិទ្ធិ​ជួប​ប្រជុំ​ជា​សាធារណៈ​របស់​ពលរដ្ឋ​ឡើងវិញ ហើយ​រួបរួម​គ្នា​ការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាពទឹកដី​ខ្មែរ ស្របតាម​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​កម្ពុជា គោលការណ៍​ច្បាប់អន្តរជាតិ និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ១៩៩១។

កាលពី​យប់ ថ្ងៃទី៣១ ខែកក្កដា សមត្ថកិច្ច​បាន​ចាប់ខ្លួន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជាទី​ប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ក្រោយពេល​លោក​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ពី​បញ្ហា​ដីធ្លី​របស់​ពលរដ្ឋ​នៅ​ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដោយ​ថា​បាន​បាត់បង់​ទៅលើ​វៀតណាម ។មួយថ្ងៃ​បន្ទាប់ លោ​ករ៉ុង ឈុន ត្រូវ​បាន​តុលាការ សម្រេច​ឃុំខ្លួន​រូបលោក​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស ពី​បទ​ញុះញង់​ឱ្យ​មានការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម។ទាំង​អង្គការ​ជាតិ និង​អន្តរជាតិ បាន​ហោះ​ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ​កាន់តែ​ធ្ងន់ធ្ងរ និង ប្រាសចាក​ពី​គោលការណ៍​នៃ​ច្បាប់​ជាតិ និង​អន្តរជាតិ។

បញ្ហា​ព្រំដែន​កម្ពុជា​-វៀតណាម នៅតែ​ជា​បញ្ហា​រសើប ខណៈ​រដ្ឋាភិបាល​លោក​ហ៊ុន សែន តែង​បង្ក្រាប​ទៅលើ​សំឡេង​ប្រឆាំង ឬក្រុម​អ្នករិះគន់​ជាបន្តបន្ទាប់ ប៉ុន្តែ​នៅពេល​វៀតណាម​បំពាន​ព្រំដែន​កម្ពុជា រដ្ឋាភិបាល​លោក​ហ៊ុន សែន មិន​ហ៊ាន​ចេញមុខ​តវ៉ា ឬប្រតិកម្ម​អ្វី​នោះ​ឡើយ​៕