យុវតីម្នាក់ ក្នុងចំណោម៦នាក់ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីថ្ងៃម្សិលមិញ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃសុក្រនេះ។ដោយឡែក ក្រុមយុវជន៥នាក់ទៀត សមត្ថកិច្ចកំពុងសាកសួរនៅស្នងការនគរបាលរាជធានីភ្នំពេញមិនទាន់បញ្ចប់នៅឡើយ។
សារព័ត៌មានសំឡេងប្រជាធិបតេយ្យ VOD បានដកស្រង់ការលើកឡើងរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា នៅថ្ងៃទី១៤ ខែសីហាថា យុវជនម្នាក់ក្នុងចំណោម៦នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញហើយ ខណៈ៥នាក់ទៀត កំពុងស្ថិតក្នុងនីតិវិធីសាកសួរ។ក្រុមខ្មែរថាវរៈម្នាក់ ដែលបញ្ជូនខ្លួននិងសំណុំរឿងទៅតុលាការនោះ គឺ កញ្ញា ឈឿន ដារ៉ាវី ដោយតុលាការចោទប្រកាន់កញ្ញាពីបទញុះញង់បង្កឱ្យមានភាពវឹកវរដល់សង្គម។
អាជ្ញាធររាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញ បានចាប់ខ្លួនមនុស្ស ៦នាក់ ក្នុងនោះមានយុវជនខ្មែរថាវរៈចំនួន៥នាក់ ដែលគេសង្កេតឃើញថាជាមនុស្សសកម្មក្នុងការតវ៉ាទាមទារឱ្យដោះលែងប្រធានសហភាពសជីពកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ពាក់ព័ន្ធការលើកឡើងអំពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ។ក្រុមយុវជនដែលត្រូវបានអាជ្ញាធរលោក ហ៊ុន សែន ចាប់ខ្លួន រួមមានឈ្មោះ ហ៊ុន វណ្ណៈ កញ្ញា ឈឿន ដារ៉ាវី ឈ្មោះ សំណាង ឈ្មោះ ថា ឡាវី ឈ្មោះ យ៉ង សៀងហៃ និងកញ្ញា ជា គន្ធីន។
លើកលែងតែកញ្ញា ឈឿន ដារ៉ាវី ម្នាក់ប៉ុណ្ណោះដែលបញ្ជូនទៅតុលាការ ក្រៅពីនេះសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅកំពុងសាកសួរពួកគេមិនទាន់បញ្ចប់នៅឡើយ។សំណុំរឿងទាមទារឱ្យដោះលែងលោក រ៉ុង ឈុន នេះដែរ នៅថ្ងៃសុក្រនេះ សមត្ថកិច្ចរបស់លោក ហ៊ុន សែន ក៏បានចាប់ខ្លួនប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ដោយចោទពីបទញុះញង់បំភ្លៃការពិត ពាក់ព័ន្ធរឿងព្រំដែនជាមួយវៀតណាម នៅខេត្តត្បូងឃ្មុំ។នៅថ្ងៃនេះ ដែល ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានលើកឡើងថា ឯកអគ្គរដ្ឋទូតរបស់ខ្លួន លោក Patrick Murphy បានជួបជាមួយក្រុមអង្គការសង្គមស៊ីវិលកម្ពុជាដើម្បីស្តាប់ពីកង្វល់របស់ពួកគេ ជុំវិញការចាប់ និងឃុំខ្លួន លោក រ៉ុង ឈុន ដែលជាមេដឹកនាំសហជីពទទួលបានការគោរ។
បន្ទាប់ពីកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតរូបនេះ បានសរសេរនៅលើទំព័រធ្វីទ័ររបស់លោកថាដោយសម្តែងការគាំទ្រជាខ្លាំងចំពោះជំហរ របស់សង្គមស៊ីវិលនៅកម្ពុជា។ លោកបន្តថា ជាគោលការណ៍ សហរដ្ឋអាមេរិកក៏ដូចជាក្រុមអង្គការសង្គមស៊ីវិលទាំងនោះដែរ ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដោយរួមទាំងសេរីភាពក្នុងការបញ្ចេញមតិផងដែរ៕