អតីតស្នងការ នគរបាលខេត្តកំពង់ធំ លោក អ៊ុក កុសល បានបដិសេធនូវបណ្តឹងដែលចោទប្រកាន់រូបលោកថា បានបៀតបៀនកេរភេទទៅលើមន្ត្រីនគរបាលក្រោមឱវាទជាស្ត្រី។ថ្លែងក្នុងបទសម្ភាសន៍មួយ ដែលវីដេអូនោះត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃសុក្រនេះ លោក អ៊ុក កុសល បានបញ្ជាក់ថា បណ្តឹងរឿងអាស្រូវចោទប្រកាន់លោកនោះ ត្រូវបានរៀបចំដោយជនមួយក្តាប់តូចមានបំណងទម្លាក់រូបលោកពី តំណែងតែប៉ុណ្ណោះ។
លោកបន្តថា លោកមានការសោកស្តាយចំពោះការផ្សព្វផ្សាយនូវ បណ្តឹងរបស់ក្រុមនគរបាល នារីមួយចំនួនតូចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលចោទប្រកាន់រូបលោកថា បៀតបៀនកេរភេទ ទៅលើពួកគេទាំងនោះ គឺធ្វើឱ្យប៉ះពាល់ដល់អង្គភាពនគរបាលយុត្តិធម៌ទាំងមូល ប៉ះពាល់កិត្តិយសនារី និងធ្វើប៉ះពាល់ដល់កិត្តិយសរបស់លោកផងដែរត។ លោកបន្តថាបណ្តឹងនេះគឺធ្វើឡើងដោយមានការរៀបចំជាប្រព័ន្ធ ដោយមានជនមួយក្តាប់តូច បានអូសទាញ បង្កញុះញង់ ធ្វើឱ្យបែកបាក់សាមគ្គីផ្ទៃក្នុង លាក់បាំងរឿងអាថ៌កំបាំងមួយចំនួន ដើម្បីឈានទៅដល់ការផ្តួលតួនាទីក្នុងនាមលោកជាស្នងការខេត្តតែម្តង។
លោកបន្តថា ជាបទពិសោធន៍កន្លងមក ស្នងការខេត្តនេះ តែងរងបណ្តឹងបែបនេះ ឬបណ្តឹងផ្សេងទៀត ដើម្បីផ្តួលរំលំចេញពីតំណែងផងដែរ។កាលពីថ្ងៃទី៣០ ខែកក្កដា មន្ត្រីប៉ូលិសស្រីក្នុងខេត្តកំពង់ធំ បានផ្ញើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ឱ្យជួយរកយុត្តិធម៌ជុំវិញរឿងអាស្រូវដែលលោក អ៊ុក កុសល បានបំពានកេរ្តិ៍ភេទ លើពួកគាត់។
ក្នុងបណ្តឹងនោះបានរៀបរាប់ពីដំណើររឿង ដោយចោទស្នងការនគរបាលខេត្តកំពង់ធំ លោក អ៊ុក កុសល ថាបានបំពានកេរ្តិ៍ភេទទៅលើមន្ត្រីនគរបាលជាស្ត្រីនៅខេត្តកំពង់ធំ ជាច្រើននាក់ដោយលួងថានឹងតម្កើងតំណែងឬស័ក្កិ និងប្រើអំណាចមិនឱ្យមន្ត្រីនគរបាលទាំងនោះបញ្ចេញព័ត៌មានអាស្រូវផ្លូវភេទរបស់ខ្លួនទៅក្រៅទៀតផង។ប្រភពដដែលបន្តថា ពួកគាត់ខ្លះមានប្តី ហើយត្រូវបែកបាក់គ្រួសារដោយសារស្នងការខេត្តរូបនេះ បំពាលបំពានលើពួកគាត់ម្តងហើយម្តងទៀត បើទោះបីជាពួកគាត់ធ្លាប់បានដាក់ពាក្យប្តឹងនៅក្នុងខេត្ត ប៉ុន្តែគ្មានលទ្ធផលឡើយ។
ក្រៅពីមិនអាចដោះស្រាយបាន ស្ត្រីជានគរបាលទាំងនោះ អះអាងថា ពួកគាត់ថែមទាំងត្រូវរងការគំរាមកំហែង និងធ្វើបាបពីស្នងការខេត្ត លោក អ៊ុក កុសល ថែមទៀត។ បញ្ហាទាំងនេះ ដែលជំរុញ ឱ្យពួកគាត់សម្រេចស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែម្តង។កាលពីថ្ងៃទី១១ ខែសីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស ខេង បានបញ្ជាក់ថា លោកបានបញ្ជាទៅអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន និងអភិបាលខេត្តកំពង់ធំ លោក សុខ លូ ឱ្យពិនិត្យមើលលើបណ្ដឹងរឿងអាស្រូវរបស់ស្នងការ ខេត្តរូបនេះ។
វិវាទរឿងអាស្រូវនេះ កាលពីថ្ងៃទី១២ ខែសីហា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានសម្រេច ផ្អាកការងារស្នងការនគរបាលខេត្តកំពង់ធំ លោក អ៊ុក កុសល ជាបណ្ដោះអាសន្ន ពាក់ព័ន្ធរឿងអាស្រូវបៀតបៀនផ្លូវភេទជាមួយកូនចៅជាស្ត្រីដែលជាមន្ត្រីក្រោមបង្គាប់របស់ខ្លួន ។
សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី១២ ខែសីហា បានសម្រេចផ្អាកការងារជាបណ្តោះអាសន្ន ចំពោះលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ដែលជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។ក្នុងលិខិតដដែលបន្តថា ក្រៅពីសម្រេចផ្អាកការងារជាមន្ត្រីផ្កាយមាសពីររូបនេះ គឺត្រូវទៅបង្ហាញខ្លួននៅនាយកដ្ឋានបុគ្គលិករៀងរាល់ម៉ោង ធ្វើការ ដើម្បីរង់ចាំការសម្រេចជាថ្មីទៀត៕