ប្រភពព័ត៌មានពីមន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ឲ្យដឹងថាយ៉ាងហោចណាស់អាចមានមន្ត្រីជាង ២០នាក់ ដែលជាប់ពាក់ព័ន្ធនឹងការទន្ទ្រានយកដីរដ្ឋ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយខុសច្បាប់ក្នុងខេត្តមណ្ឌលគិរី ត្រូវបានគណៈរដ្ឋមន្ត្រី ស្នើសុំគោលការណ៍ពី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដកហូតតួនាទី និង បណ្ដេញចេញពីសមាជិកគណបក្សប្រជាជនកម្ពុជា។
ប្រភពដដែលបន្តថា យោងតាមរបាយការណ៍ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ របស់លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ដែលបានស្នើសុំគោលការណ៍ពីលោក ហ៊ុន សែន ដើម្បីចាត់ការទៅលើមន្រ្តីមួយចំនួន ដែលជាប់ពាក់ព័ន្ធចូលទន្ទ្រានកាន់កាប់ដីចំការស្រល់ និងដីសាធារណៈ របស់រដ្ឋ ដោយខុសច្បាប់រួមមាន ៖
១- គួរសម្រួលភារកិច្ច លោក ស្វាយ សំអ៊ាង ពីអភិបាលខេត្តមណ្ឌលគីរី ដោយហេតុថា បុគ្គលរូបនេះ មិនបានអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ជាប្រធានគណៈបញ្ជាការឯកភាពខេត្តក្នុងការចាត់វិធានការចាំបាច់នានា ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តឲ្យមានប្រសិទ្ធិភាព និងមានឯកសារខ្លះ បានចូលរួមចុះហត្ថលេខាទទួលស្គាល់ការទន្ទ្រានយកដីព្រៃដោយខុសច្បាប់ ក្នុងខេត្តមណ្ឌលគិរី។
២- គួរបញ្ចប់ដំណែង លោក សេង សុវណ្ណារ៉ា ពីសមាជិក គណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា ដោយហេតុថា លោកបានឃុបឃិតគ្នាជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំឯកសារជាច្រើន ដើម្បីយកដីព្រៃរបស់រដ្ឋ មកគ្រប់គ្រងជាកម្មសិទ្ធិផ្ទាល់ខ្លួន ទោះបីជាត្រូវបានដកដំណែងចេញពីអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងពីសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគីរីរួចហើយក៏ដោយ ក៏បុគ្គលរូបនេះ នៅតែបន្តព្យាយាមស្នើសុំកាន់កាប់ដីព្រៃ ដែលរដ្ឋបាលខេត្តបានចេញលិខិតនិរាករណ៍រួចហើយ។
៣- គួរចាត់វិធានការបញ្ចប់ដំណែង លោក ណយ ស្រូន ពីសមាជិកព្រឹទ្ធសភាភូមិភាគទី៨ ដោយហេតុថា បុគ្គលរូបនេះ មានជាប់ពាក់ព័ន្ធនឹងការកាន់កាប់ដីព្រៃដោយខុសច្បាប់ជាច្រើនហិកតា។
៤- គួរចាត់វិធានការបញ្ចប់ដំណែង លោក ស៊ិន វណ្ណវុឌ្ឍ ពីអភិបាលស្រុកកោះញែក និងធ្វើការស៊ើបអង្កេត ឈានទៅអនុវត្តវិធានការច្បាប់បន្ថែមទៀត ចំពោះបុគ្គលរូបនេះ ដោយហេតុថា លោកអភិបាលស្រុករូបនេះ មានជាប់ពាក់ព័ន្ធនឹងការឃុបឃិតកាប់រានទន្ទ្រានយកដីព្រៃ ដោយខុសច្បាប់ជាច្រើនកន្លែង នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា និងដែនជម្រកសត្វព្រៃស្រែពក ចាប់តាំងពីរូបលោក ចូលមកកាន់តំណែង ជាអភិបាលស្រុកកែវសីមា បន្តរហូតជាអភិបាលស្រុកកោះញែក នាពេលបច្ចុប្បន្ននេះ។
៥- គួរចាត់វិធានការបញ្ចប់តំណែងលោក សៀក មុន្នី ពីអភិបាលស្រុកអូររាំង ដោយហេតុថា លោកអភិបាលស្រុករូបនេះ មានការជាប់ពាក់ព័ន្ធ និងឃុបឃិតគ្នាទន្ទ្រានដីព្រៃ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ដើម្បីយកទៅលក់និងធ្វើកម្មសិទ្ធិដោយតម្រូវឲ្យមេភូមិ មេឃុំ ចុះហត្ថលេខាលើការបញ្ជាក់កម្មសិទ្ធិដីធ្លីដោយខុសច្បាប់ជាច្រើន។
៦- គួរចាត់វិធានការបញ្ចប់តំណែងលោកស្រី ថ្វាន់ ត្រែល ពីចៅសង្កាត់ សែនមនោរម្យ ស្រុកអូររាំង ដោយហេតុថា ចៅសង្កាត់រូបនេះតែងតែចុះហត្ថលេខាដឹងឮលើការលក់ដូរដីព្រៃ ដោយខុសច្បាប់ និងធ្វើលិខិតបញ្ជាក់ផ្សេងៗជាមួយឈ្មោះ ញ៉ាង ម្យក់ មេភូមិ ពូហ្សាម។
៧- គួរចាត់វិធានការបញ្ចប់តំណែងលោក ប៊ុត សំអែល ពីឃុំ ស្រែខ្ទុម ព្រោះហេតុថា មេឃុំរូបនេះ មានការចូលរួមឃុបឃិតរៀបចំផែនការផ្សេងៗ ក្នុងការកាប់រានទន្ទ្រានយកដីព្រៃ ពិសេសបានចូលរួមញុះញង់ប្រជាពលរដ្ឋឲ្យតវ៉ាទាមទារ និងកាន់កាប់ដីព្រៃដោយខុសច្បាប់។
៨- គួរចាត់វិធានការបញ្ចប់តំណែងលោក ពឿប ពេ មេឃុំ ស្រែព្រះ ដោយហេតុថា មេឃុំរូបនេះ ជាអ្នកឃុបឃិតដ៏សកម្ម ក្នុងការទន្ទ្រានដីព្រៃសហគមន៍ ដោយមានការចាត់ចែងពីថ្នាក់ខេត្ត និងបង្ករការងាយស្រួលឲ្យមានការទន្ទ្រានយកដីព្រៃដោយខុសច្បាប់ និងបែងចែកដីព្រៃយ៉ាងអនាធិបតេយ្យឲ្យពលរដ្ឋមកពីតំបន់ផ្សេងៗ ដោយមិនញញើតច្បាប់ឡើយ។ ហើយថា មេឃុំរូបនេះ បានឃុបឃិតជាមួយអតីតអភិបាលស្រុកកែវសីមា លោក ស៊ិន វណ្ណវុឌ្ឍ និងលោក សុខ សេរា បើកដៃឲ្យមានការទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់។
៩- គួរចាត់វិធានការបញ្ចប់តំណែងលោក សុខ សេរា ពីនាយករងរដ្ឋ បាលសាលាខេត្តមណ្ឌលគិរី ដោយហេតុថា រូបលោកជាអ្នកសម្របសម្រួលការងារ និងប្រើប្រាស់រូបភាពស្នើសុំដីសម្បទានសង្គមកិច្ច ដែលបង្ករឲ្យមានការកាប់រានទន្ទ្រានដីព្រៃដោយខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិយកទៅលក់ឲ្យឈ្មួញជាបន្តបន្ទាប់។
១០- គួរចាត់វិធានការបញ្ចប់តំណែង ឧត្ដមសេនីយ៍ ជេត ហ៊ាង មេបញ្ជាការរងកងឯកភាពស្ថាបនាថ្នល់លេខ ៧១៦ ជាប្រធានការដ្ឋានខ្សែក្រវាត់ព្រំដែន និងនាយទាហាន នាយទាហានរង ចំនួន ១២ រូបទៀត ដែលបានប្រើប្រាស់តួនាទី បេសកកម្ម និង គ្រឿងចក្រ របស់អង្គភាព ធ្វើសកម្មភាព កាប់រានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ តាមដងផ្លូវក្រវាត់ព្រំដែន ក្នុងភូមិស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
១១- គួរចាត់វិធានការបញ្ចប់តំណែងលោក ថាន ប៊ុនធឿន ពីមេបញ្ជាការសឹករងស្រុកកោះញែក ដោយសារតែតាមភរិយារបស់ខ្លួនឈ្មោះ ខេង សុខនី បានទិញដីជាច្រើនហិកតាពីពលរដ្ឋ ដែលទន្ទ្រានកាន់កាប់ដោយខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃកែវសីមា។
ប្រភពបន្តថា ដោយសារតែករណីខាងលើនេះ មានជាប់ពាក់ព័ន្ធជាមួយមន្ត្រីច្រើន កាលៀថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ លោក ហ៊ុន សែន បានចារលើរបាយការណ៍របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ហើយបញ្ជូនបន្តទៅ លោក ស ខេង ដើម្បីដឹកនាំការប្រជុំ និង លើកយោបល់មកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ។ ពាក់ព័ន្ធរឿងនេះដែរ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងមួយ ដែលមានក្រសួងមហាផ្ទៃ, ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ , ក្រសួងបរិស្ថាន និង ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ ដែលមាន លោក អង្គ មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធាន។
ក្រុមការងារអន្តរក្រសួងនេះមានតួនាទី និង ភារកិច្ចចុះសិក្សាស្រាវជ្រាវ លើករណីនីមួយៗ នៃការកាប់រានទន្ទ្រានយកដីព្រៃដោយខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគិរី តាមរបាយការណ៍ របស់ទីស្ដីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ឲ្យបានជាក់ស្ដែង ប្រមូលឯកសារ និងភស្តុតាងនានាពាក់ព័ន្ធនឹងមន្ត្រី ឬអ្នកពាក់ព័ន្ធនឹងសកម្មភាពទាំងនោះ។
គួររំលឹកថាថ្មីៗនេះ លោក ហ៊ុន សែន បានព្រមានថា នឹងមិនអត់ឲ្យមន្រ្តីទាំងឡាយណា ដែលទន្ទ្រានយកដីព្រៃរបស់រដ្ឋជាដាច់ខាត ហើយនឹងត្រូវដកតំណែ ឬនឹងត្រូវផ្តន្ទាទោសតាមច្បាបថែមទៀតផង។ សារព្រមានខាងលើនេះ ទទួលបានការសាទរពីសំណាក់ប្រជាពលរដ្ឋ ស្ទើរទូទាំងប្រទេស ចំពោះចំណាត់ការក្តៅ របស់រាជរដ្ឋាភិបាលកម្ពុជា លើពួកមន្រ្តីខិលខូចមួយចំនួន ដែលឃុបឃិតគ្នាទន្ទ្រានយកដីព្រៃរបស់រដ្ឋ យកមកធ្វើជាកម្មសិទ្ធិឯកជនផ្ទាល់ខ្លួន ដោយខុសច្បាប់៕