
ប្រទេសភូមានឹងឆ្លងកាត់ការបោះឆ្នោតបែបប្រជាធិបតេយ្យពិតប្រាកដម្តងទៀតនៅថ្ងៃទី៨ ខែវិច្ឆិកា២០២០ ដែលការបោះឆ្នោតនេះធ្វើឡើងទាំងការបោះឆ្នោតប្រធានាធិបតី បោះឆ្នោតសភា និងបោះឆ្នោតសភាប្រចាំតំបន់។អតីតរបបសឹកមួយនេះបានឆ្លងកាត់ការបោះឆ្នោតបែបប្រជាធិបតេយ្យដំបូងរបស់ខ្លួនកាលពីខែវិច្ឆិកាឆ្នាំ២០១៥។ ការបោះឆ្នោតនៅឆ្នាំនោះក្រោយពីពួកយោធាបានសម្រេចបញ្ចប់របបរបស់ខ្លួនដែលគ្រប់គ្រងប្រទេសជាងកន្លះសតវត្ស។
អ្នកស្រី អ៊ុងសានស៊ូជី គឺជាជើងឯកតែមួយគត់នៃប្រទេសនេះដែលបានស្កាល់រស់ជាតិនៃការឃុំខ្លួនក្នុងផ្ទះ និងក្នុងពន្ធនាគារជាច្រើនទសវត្ស ក្រោយពីបក្សរបស់អ្នកស្រីត្រូវបានពួកយោធាប្លន់យកអំណាចម្ដងទៀតនៅក្នុងការបោះឆ្នោតឆ្នាំ១៩៩០ ដែលនៅពេលនោះគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យរបស់អ្នកស្រីបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី។ក្រោយពីពួកយោធាប្លន់អំណាចភ្លាម ភូមាបានធ្លាក់ក្នុងរបបសឹកជាថ្មីម្ដងទៀត ហើយមេដឹកនាំរបបសឹកដ៏ផ្ដាច់ការបំផុតគឺឧត្តមសេនីយ៍ ថាន់ស្វេ។
យ៉ាងណាក៏ដោយឧត្តមសេនីយ៍រូបនេះបានសម្រេចអោយមានការបោះឆ្នោតជាថ្មីម្ដងទៀតនៅចុងឆ្នាំ២០១៥ ហើយជ័យជម្នះនៅពេលនោះក៏ឈ្នះភ្លូកទឹកភ្លូកដីដោយបានទៅលើគណបក្សរបស់អ្នកស្រី អ៊ុង សានសូជី ដដែល។ទោះជាបែបណាក៏ដោយមេដឹកនាំរបបសឹកលោកឧត្តមសេនីយ៍ថាន់ស្វេដែលយល់ព្រមអោយមានការបោះឆ្នោតនោះ ដោយសារតែមិនអាចទ្រាំរស់បានក្រោមការដាក់ទណ្ឌកម្មធ្ងន់ធ្ងរពីសំណាក់លោកខាងលិច។ ការបោះឆ្នោតនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះគឺក្រោមការរៀបចំដោយគណបក្សរបស់អ្នកស្រីតែម្ដងព្រោះពេលនេះរដ្ឋអំណាចស៊ីវិលរបស់ប្រទេសភូមា គឺស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សសម្ព័ន្ធប្រជាធិបតេយ្យ។
ស្របពេលដែលភូមាកំពុងរៀបចំខ្លួនទៅរកការបោះឆ្នោតជាថ្មីម្ដងទៀតនេះ យ៉ាងហោចណាស់មានក្រុមអង្គការសង្គមស៊ីវិលដែលជំនាញខាងកិច្ចការបោះឆ្នោតនិងសិទ្ថិមនុស្សក្នុងស្រុក និងអន្ដរជាតិប្រមាណជា៤៥០ បានសម្រុកដាក់ពាក្យបញ្ចូនអ្នកសង្កេតការណ៍របស់ខ្លួនដើម្បីឃ្លាំមើលការបោះឆ្នោតជាប្រវត្តិសាស្រ្ដម្ដងទៀតនេះ។ក្នុងចំណោមអង្គការណ៍ទាំងនោះមានក្រុមសម្ព័ន្ធប្រជាជនដើម្បីការបោះឆ្នោតទុកចិត្តបាន បានស្នើសុំអ្នកសង្កេតការណ៍របស់ខ្លួនដល់ទៅជិត៣ពាន់នាក់ ដូចគ្នាទៅនឹងការបោះឆ្នោតកាលពីប្រាំឆ្នាំមុនដើម្បីឃ្លាំមើលការបោះឆ្នោតដែលប្រព្រឹត្តទៅថ្ងៃ៨វិច្ឆិកា២០២០នេះ។
មុនការបោះឆ្នោតមកដល់នេះ ក្រុមអង្គការសង្គមស៊ីវិលដែលដាក់ពាក្យសុំជាអ្នកសង្កេតការណ៍បានទទូចអោយរដ្ឋាភិបាលភូមាបើក សេរីភាពអោយកាន់តែទូលំទូលាយជាងការបោះឆ្នោតដែលពួកយោធាបានរៀបចំឡើងកាលពីក្នុងការបោះឆ្នោតខែវិច្ឆិកាឆ្នាំ២០១៥។ ក្រុមអង្គការសង្គមស៊ីវិលទាំងនោះដែលក្នុងនោះមានទាំងសម្ព័ន្ធប្រជាជនដើម្បីការបោះឆ្នោតដាក់ការរំពឹងថា ការបោះឆ្នោតដែលប្រព្រឹត្តទៅសម័យកូវីដនេះសង្ឃឹមថារដ្ឋាភិបាលរបស់អ្នកស្រីអ៊ុងសាងស៊ូជីនឹងមិនរឹតបន្ដឹងខ្លាំងក្លាពេកនោះទេ ហើយសង្ឃឹមថា ការបោះឆ្នោតនេះនឹងធ្វើឡើងដោយសេរីត្រឹមត្រូវនិងតម្លាភាពជាងការបោះឆ្នោតអាណត្តិមុន។នៅក្នុងការបោះឆ្នោតប្រាំឆ្នាំកន្លងទៅនេះគឺមានបក្សនយោបាយចូលរួមបោះឆ្នោតរហូតដល់ទៅជាង១០០បក្សឯណោះប៉ុន្ដែបក្សនយោបាយដែលជាប់ឆ្នោតមិនដល់២០គណបក្សនោះទេ។
ក្នុងនោះក៏មានបក្សនយោបាយបមកពីជនជាតិដើមផងដែរ។ ក្នុងការបោះឆ្នោតនៅពេលនោះ បក្សសម្ព័ន្ធប្រជាធិបតេយ្យរបស់អ្នកស្រីអ៊ុងសាងស៊ូជីដណ្ដើមបានអាសនៈរហូតដល់ទៅ៨០% ដោយទុកអោយគណបក្សសហភាពសាមគ្គីភាពរបស់ពួកយោធាដឹកនាំដោយឧត្តមសេនីយ៍ ថេនសេន បានមិនដល់១០%នោះទេ។
អ្នកស្រីអ៊ុងសានស៊ូជីពេលនោះមិនបានក្លាយជាប្រធានាធិបតីទេគឺដោយសារតែរដ្ឋធម្មនុញ្ញតាក់តែងឡើងដោយពួកយោធាបានបិទបាំងសិទ្ធិរបស់អ្នកស្រីឈរជាបេក្ខជនប្រធានាធិបតីនៅក្នុងរដ្ឋសភាព្រោះតែរដ្ឋធម្មនុញ្ញហាមបេក្ខជន មានសហព័ន្ធជាជនបរទេសមិនអោយធ្វើជាប្រធានាធិបតី។តែពេលនេះអ្នកស្រីដែលមានឋានៈស្មើនឹងប្រធានាធិបតី គឺតួនាទីជាទីប្រឹក្សារដ្ឋត្រូវបានគេមើលឃើញថា អ្នកស្រីបានសម្របសម្រួលច្រើនណាស់ជាមួយនឹងពួកយោធាហើយមិនតែប៉ុណ្ណោះអ្នកស្រីបានជួយការពារពួកយោធាដែលត្រូវបានចោទករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរទៅលើសហគមន៍ម៉ូស្លីមរ៉ូហីនយ៉ា ទៀតផង។
ករណីនេះហើយដែលធ្វើឲ្យអ្នកស្រី ធ្លាក់ប្រជាប្រិយភាពបន្ដិចព្រោះតែជួយការពារពួកយោធា។តែយ៉ាងណា ការបោះឆ្នោតដំណាក់កាលទីពីរនៃប្រទេសដែលបានឆ្លងផុតរបបសឹកប្រាំឆ្នាំមកនេះ គឺជាការវាស់ស្ទង់កម្រិតប្រជាធិបតេយ្យតំបន់ជាថ្មីម្ដងទៀតសម្រាប់ភូមិសាស្រ្ដនយោបាយនៅអាស៊ីអាគ្នេយ៍៕