35 C
Phnom Penh

រដ្ឋាភិបាល​ថា គ្មាន​ការ​សុំ​ពន្យា​ពេល​ការ​វិលត្រឡប់​របស់​កងទ័ព​មួក​ខៀវ​កម្ពុជា​និង​ការ​បញ្ជូន​កងទ័ព​មួក​ខៀវ​ទៅ​ជំនួស​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​លោក ហ៊ុន សែន អះអាង​ថា លោក​នឹង​មិន​មានការ​ស្នើ​សុំ​ពន្យា​ពេល​ការ​វិលត្រឡប់​របស់​កងទ័ព​មួក​ខៀវ​កម្ពុជា និង​ការ​បញ្ជូន​កងទ័ព​មួក​ខៀវ​ទៅ​ជំនួស​នោះ​ឡើយ ទោះបីជា​ពិភពលោក​កំពុង​ជួប​គ្រោះអាសន្ន​ពី​វិបត្តិ​កូ​វីដ១៩ យ៉ាងណា​ក្តី ។

លោក​អះអាង​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃច័ន្ទ​នេះ ថា ការរៀបចំ​ពេលវេលា​របស់​អង្គការសហប្រជាជាតិ​បាន​ផ្តល់​ឱ្យ​កម្ពុជា​រៀបចំ​ការ​ធ្វើ​ចត្តាឡីស័​កបាន​ងាយស្រួល​ដើម្បី​ទប់ស្កាត់​ការនាំចូល កូ​វីដ១៩មក​ក្នុង​ប្រទេស​នោះ ដោយ​កងកម្លាំង​ទ័ព​មួក​ខៀវ​កម្ពុជា​នឹង ត្រឡប់​មក​ពី​ប្រទេស​ម៉ាលី ខែកញ្ញា ២០២០ ត្រឡប់​មក​ពី​ប្រទេស ស៊ូដង់​ខាងត្បូង ក្នុង​ខែតុលា២០២០។

ដោយឡែក ត្រឡប់​មក​ពី​ប្រទេស​អាហ្រ្វិក​កណ្តាល នៅ​ខែវិច្ឆិកា ឆ្នាំ២០២០ និង​ត្រឡប់​ពី​ប្រទេស​លីបង់ ក្នុង​ខែមករា២០២១។លោក​បន្ត​ថា បញ្ហា​នេះ សូមនាយ​ទាហាន​នាយទាហានរង​និង​ពលទាហាន​ដែល​កំពុង​ស្ថិតនៅ​ប្រទេស​ទាំង៤ខាងលើ​រៀបចំខ្លួន​ដើម្បី​វិលត្រឡប់ និង​សូមនាយ​ទាហាន នាយទាហានរង និង​ពលទាហាន​ដែល​នឹង​ត្រូវ​ទៅ​ជំនួស​រៀបចំខ្លួន​ចេញដំណើរ​តាម​ការចាត់ចែង​របស់ក្រ​សួង​ការពារ​ជាតិ និង​អង្គការសហប្រជាជាតិ។

យ៉ាងនេះ​ក្តី​ការ​ត្រឡប់​មក​កម្ពុជា​វិញ នូវ​កម្លាំង​មួក​ខៀវ​កម្ពុជា​ពីក្រៅ​ប្រទេស កន្លងមក ក៏​មាន​កងទ័ពមួយ​ចំនួន​ត្រូវ​បាន​ក្រសួងសុខាភិបាល​រក​ឃើញថា​មាន​ឆ្លង​ជំងឺ​កូ​វីដ១៩ផង​ដែរ។លោក​ហ៊ុន សែន អួត​ថា បើ​ទោះបី​កម្ពុជា​ជា​ប្រទេស​ក្រីក្រ និង​កំពុង​ប្រឈម​ជាមួយ​ជំងឺ​កូ​វីដ១៩បន្ថែម​ទៀត ហើយ​កងទ័ព​មួក​ខៀវ​កម្ពុជា កំពុង​មានការ​វាយលុក​ដោយ​កូ​វីដ១៩ក៏ដោយ ក៏​រដ្ឋាភិបាល​របស់​លោក និង​កងទ័ព​របស់​ខ្លួន​មិន​បោះបង់ចោល​ភារកិច្ច​ក្នុង​ការចូលរួម​ថែរក្សា​សន្តិភាព​នៅ​តាម​ប្រទេស​នានា​ក្រោម​ឆ័ត្រ​របស់​អង្គការសហប្រជាជាតិ​នោះ​ឡើយ។

លោក​ថា កម្ពុជា​ចូលរួម​ដោយស្ម័គ្រចិត្ត និង​ការទទួលខុសត្រូវ​ក្នុង​ឋាន:ជាស​មា​ជិ​កអង្គការសហប្រជាជាតិ។ អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក ឈុំ សុជាត ធ្លាប់​បញ្ជាក់​ថា បច្ចុប្បន្ន​កម្ពុជា មាន​កងកម្លាំង​រក្សា​សន្តិភាព​សរុប​ជិត៧០០នាក់ កំពុង​បំពេញបេសកកម្ម​មនុស្សធម៌​ក្រោម​ឆ័ត្រ​របស់​អង្គការសហប្រជាជាតិ នៅ​ប្រទេស​ចំនួន៤ រួមមាន​ប្រទេស​ម៉ាលី ស៊ូដង់​ខាងត្បូង អាហ្វ្រិក​កណ្ដាល និង​លីបង់​ជាដើម​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស