29.3 C
Phnom Penh

លោក ហ៊ុន សែន ថា​នឹង​មិន​អត់អោន​ឱ្យ​អ្នករិះគន់​រឿង​ព្រំដែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រមុខ​រដ្ឋាភិបាល​លោក​ហ៊ុន សែន អះអាង​ថា លោក​នឹង​មិន​អត់អោន​ឱ្យ​ជន​ទាំងឡាយ​ណា​ដែល​រិះគន់​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេសជិតខាង ដោយ​ថា​ពួក​គេ​នឹង​ប្រឈមមុខ​ការ​ចាប់ខ្លួន​បន្ត​ទៀត។ថ្លែង​ក្នុង​ពិធីសម្ពោធ​សួន​ទឹ​កហ្គា​ឌិន​ស៊ិ​ធី ស្ថិតនៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៦ ខែសីហា លោក​ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​របស់​លោក​តែង​យកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​ព្រំដែន ជាមួយ​ប្រទេសជិតខាង ប៉ុន្តែ​នៅតែ​មាន​អ្នករិះគន់​លើ​បញ្ហា​នេះ រួម​ទាំង​ចោទ​រដ្ឋាភិបាល​ក្បត់ជាតិ​ទៅវិញ ដែល​ជា​ការប្រមាថ​ធ្ងន់ធ្ងរ​ដល់​ព្រះមហាក្សត្រ​ដល់​រដ្ឋសភា និង​ដល់​រដ្ឋាភិបាល​របស់​លោក​តែម្តង។

បញ្ហា​នេះ លោក ហ៊ុន សែន ប្រកាស​បន្ត​ចាប់ខ្លួន​អ្នករិះគន់​រឿង​ព្រំដែន​នេះ​ថែមទៀត ដោយ​ថា​ចេញ​រិះគន់​មួយ នឹង​ត្រូវ​ចាប់​មួយ ហើយ​ចេញ​ច្រើន​ប៉ុណ្ណា គឺ​ចាប់​ប៉ុណ្ណឹង។ការ​អះអាង​នេះ ក្រោយពេល​មនុស្ស​ពីរ​នាក់ រួមមាន ប្រធាន​សហភាព​សជីព​កម្ពុជា លោក រ៉ុង ឈុន និង​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័​ណ្ឌ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ជាបន្តបន្ទាប់ ក្រោយពេល​ពួក​គេ​ចុះ​ពិនិត្យបញ្ហា​ព្រំដែន​កម្ពុជា​-វៀតណាម ក្នុង​ខេត្ត​ត្បូងឃ្មុំ។ ក្រោយ​ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន សកម្មភាព​តវ៉ា​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ និង​ដោះលែង​លោក​ឱ្យ​មាន​សេរីភាព​ឡើងវិញ ពីសំណាក់​ក្រុម​យុវជន ពលរដ្ឋ និង​សាច់ញាតិ​របស់​លោ​កើតមាន​ជាហូរហែ។

យ៉ាងនេះ​ក្តី អាជ្ញាធរ​តែង​ធ្វើទុក្ខ​ម្នេញ​ទៅ​ក្រុម​អ្នក​ទាមទារ ឱ្យ​ដោះលែង​លោក រ៉ុង ឈុន រហូត​ឈាន​ទៅ​ចាប់ខ្លួន​យុវជន​ខ្មែរ​ថាវរៈ​ពីរ​នាក់ គឺ​លោក ហ៊ុន វណ្ណៈ និង​កញ្ញា ឈឿន ដា​វ៉ា​វី ព្រមទាំង​អតីត​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ២នាក់​ផ្សេងទៀត។ លោក ហ៊ុន សែន អះអាង​ថា ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន និង​លោក សួង សុភ័​ណ្ឌ គឺ​លោក​ជា​អ្នកបញ្ជា​ផ្ទាល់​ផង​ដែរ ដោយសារ​លោក​មិន​អនុញ្ញាត​ឱ្យ​មានការ​តវ៉ា​ទាំងនោះ ឈាន​ទៅ​មាន​សង្គ្រាម​ជាមួយ​ប្រទេសជិតខាង​ឡើយ។

ទាំង​លោក រ៉ុង ឈុន និង​លោក សួង សោភ័ណ្ឌ កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស ក្រោម​បទ​ចោទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា៤៩៤ និង​តាម៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ។លោក ហ៊ុន សែន បន្ត​ថា រាល់​ការ​ចាប់ខ្លួន​អ្នករិះគន់​បញ្ហា​ព្រំដែន​ទាំងអស់ គឺ​ក្រោម​បទល្មើស​ជាក់ស្ដែង ដែល​ត្រូវ​ចាប់​ខ្លួ​នភ្លាមៗ​នៅ​ហ្នឹង​កន្លែង។

ជាង​នេះ​ទៅទៀត លោក​ក៏បាន​រំ​ឭក​ត្រួស​ៗអំពី​ការ​ចាប់ខ្លួន​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​នឹង​ការរិះគន់​រឿង​ព្រំដែន​កន្លងមក ថា​ការ​ចាប់ខ្លួន ហុង សុខ​ហួរ អតីត​សមាជិកព្រឹទ្ធសភា និង អ៊ុំ សំ​អាន អតីត​សមាជិករដ្ឋសភា គឺ​ចាប់​ក្នុង​បទល្មើស​ជាក់ស្ដែង​ដូចគ្នា​ដែរ។

ទោះបីជា​យ៉ាងនេះ​ក្តី ក្រោយ​ការ​ចាប់ខ្លួន​ក្រុម​អ្នករិះគន់​រឿង​ព្រំដែន និង​ការ​ចាប់ខ្លួន​អ្នក​តវ៉ា​ឱ្យ​ដោះលែង​អ្នករិះគន់​ទាំងនោះ ក្រុម​អង្គការ​ជាតិ​និង​អង្គការ​អន្តរជាតិ​នានា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជាបន្តបន្ទាប់ ដោយ​ទាមទារ​ឱ្យ​ទម្លាក់​បទ​ចោទ និង​ដោះ​លែង​បអ្នករិះគន់​រឿង​ព្រំដែន​ដែរ ត្បិត​ការ​លើកឡើង​របស់​ពួក​គេ​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ត ស្របតាម​ច្បាប់​ជាតិ និង​អន្តរជាតិ ហើយក៏​ជា​ការ​ព្រួយបារម្ភ​ក្នុងនាម​ពលរដ្ឋ​ជុំវិញ​បញ្ហា​ជាតិ​តែប៉ុណ្ណោះ។

លោក​បណ្ឌិត ឡៅ ម៉ុង​ហៃ បាន​លើកឡើង​នៅ​គណនី​ហ្វេសប៊ុក ដោយ​ចោទ​ជា​សំណួរ​ឡើង ដោយ​ស្រង់​យក​ឃ្លា​កំណាព្យ​ទូន្មាន​ព្រាន​ប្រដៅ​របស់​អ្នកប្រាជ្ញ​ក្រ​មង៉ុយ​ខ្មែរ​ពី​បុរាណ​ថា តើ​សង្គម​ខ្មែរយើង​ឥឡូវ ទៅជា​សង្គម “យកខុស​ជា​ត្រូវ យក​ឆ្កួត​ធ្វើជា … អាង​មាស​អាង​ប្រាក់ អាង​ព្រើល​អាង​ប្រាជ្ញ អាង​កោង​អាង​កាច អាង​កាប់​អាង​ចាក់ អាង​ជើង​អាង​ដៃ អាង​វាយ​អាង​ធាក់ អាង​គុក​អាង​ច្រវាក់ អាង​ម៉ាស៊ីន​កាត់​ក” ទៅ​ហើយ​ឬ? លោក​បន្ត​ថា បើដូច្នេះមែន វា​ខុសស្រឡះ​ពី​ឆន្ទ:របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចង់​កសាង​សង្គម​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ធានា​សិទ្ធិមនុស្ស គោរពច្បាប់ បដិ​បត្ត​ធម៌ព្រះពុទ្ធ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ១៩៩៣ ។ លោក ជំរុញ​ឱ្យ​រដ្ឋាភិបាល គួរ​នាំគ្នា​គោរព​ឆន្ទ:ប្រជាជាតិ​ខ្មែរ និង​កសាង​សង្គម​តាម​ឆន្ទ:រាស្ត្រ​ឡើងវិញ​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស