លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអំពាវនាវបន្ថែមទៀត សូមថែរក្សាសុវត្ថិភាពសុខភាពចៀសវាងការឆ្លងជំងឺកូវីដ១៩ អំឡុងពេលនៃការឈប់សម្រាកពីថ្ងៃទី១៧ខែសីហា ដល់ថ្ងៃទី ២១ ខែសីហា។ លើកឡើងនៅថ្ងៃច័ន្ទនេះ លោកហ៊ុន សែន បានប្រាប់ពលរដ្ឋពីវិធីការពារមួយចំនួន ដូចជាសម្អាតរថយន្តជាប្រចាំ ពាក់ម៉ាស់ជាប់ជានិច្ច លាងដៃឱ្យបានញឹកញាប់ រក្សាគម្លាតសុវត្ថិភាពចៀសវាងធ្វើដំណើរជាមួយអ្នកមានអាការៈក្តៅខ្លួន និងមានបញ្ហាផ្លូវដង្ហើម ព្រមទាំងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលជាដើម។
ក្រៅពីសុវត្ថិភាពសុខភាព លោកនាយករដ្ឋមន្ត្រី ក៏ស្នើឱ្យអ្នកបើកបរមានការប្រុងប្រយ័ត្ន យោគយល់អោយគ្នាទៅវិញទៅមក ហើយគោរពច្បាប់ចរាចរទាំងអស់គ្នា ចៀសវាងកុំអោយមានការសោកស្តាយនៅក្នុងថ្ងៃឈប់សម្រាក ដោយសារបញ្ហាគ្រោះថ្នាក់ចរាចរណ៍។ជាមួយគ្នានេះ លោកក៏ជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ការពារសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរអោយបានល្អនៅក្នុងថ្ងៃឈប់សម្រាកចាប់ពីថ្ងៃទី ១៧ ដល់ ២១ សីហា ២០២០ ដែលជាថ្ងៃរដ្ឋាភិបាលអនុញ្ញាតឱ្យពលរដ្ឋឈប់សងថ្ងៃសម្រាកអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលត្រូវបានខកខានឈប់សម្រាកដោយសារវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩នោះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃចន្ទទី១៧ខែសីហានេះ បញ្ជាក់ថា មិនមានករណីឆ្លងថ្មីនៃមេរោគកូវីដ១៩ ហើយក៏មិនមានករណីព្យាបាលជាសះស្បើយដែរ។ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ សរុបមានចំនួន២៧៣នាក់ និងព្យាបាលជាសះស្បើយមានចំនួន២៣៨នាក់ ឬស្មើនឹងជាង៨៧ភាគរយ ៕