38.1 C
Phnom Penh

អភិបាលខេត្ត​សៀមរាប អំពាវនាវ​ដល់​ភ្ញៀវ​ទេសចរ ត្រូវ​ធ្វើ​អនាម័យ និង​ពាក់​ម៉ាស់ ការពារ​ជំងឺ​កូ​វីដ​-១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​អភិបាលខេត្ត​សៀមរាប​អំពាវនាវ​ឲ្យ​ពលរដ្ឋ ជាពិសេស​ភ្ញៀវ​ទេស​ជាតិ​-អន្តរជាតិ ដែល​ចូ​លម​កទ្ស​នា​ខេត្ត​ទេសចរណ៍​មួយ​នេះ ត្រូវ​ប្រុងប្រយ័ត្ន និង​ចូលរួម​ការពារ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ឲ្យបាន​ទាំងអស់គ្នា។លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប សំណូមពរ​ថា ទាំង​ពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ទេសចរ​ទាំងអស់ ដែល​ចូល​មក​ទស្សនា​ខេត្តសៀមរាប នា​ឱកាស​ថ្ងៃឈប់​សម្រាក​សង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ ចាប់ពី​ថ្ងៃទី១៧ ដល់​ថ្ងៃទី២១ ខែសីហា ហើយ​បាន​ចូល​ចូល​មក​កម្សាន្ត​ខេត្ត​នេះ​គប្បី​បន្ត​គោរព​តាម​ការណែនាំ របស់ក្រ​សួង​សុខាភិបាល ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ដោយ​ត្រូវ​ធ្វើ​អនាម័យ លាងដៃ​ជាមួយ​អាកុល ជែល និង​ត្រូវ​ពាក់​ម៉ាស់​ពេល​ធ្វើដំណើរ​នៅ​តាម​ទី​សាធារណៈ​ជាដើម។

លោក ទៀ សីហា បាន​អំពាវនាវ​ដូច្នេះ ធ្វើឡើង​នៅក្នុង​កម្មវិធី​ជិះកង់​សប្បុរសធម៌ ដើម្បី​កាកបាទក្រហម​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី១៨ ខែសីហា ឆ្នាំ២០២០ រៀបចំឡើង​ដោយ សាខា​កាកបាទក្រហម​ខេត្តសៀមរាប។ លោក ទៀ សីហា បាន​ឲ្យដឹង​ក្នុង​វេទិកា​ជួបជុំ កាលពី​ព្រឹកមិញ​នេះ​ថា នៅ​ថ្ងៃ​ដំបូង​នៃ​ថ្ងៃឈប់​សម្រាក​សង​បុណ្យចូលឆ្នាំ​ខ្មែរ សង្កេតឃើញ​ថា មាន​វត្តមាន​ភ្ញៀវ​ទេសចរ​ជាតិ​ច្រើន​កុះករ រហូតដល់​រាប់​ម៉ឺន​នាក់ បាន​ចូល​មក​ទស្សនា នៅ​តាម​ប្រសាទ​បុរាណ​នានា ក្នុង​ខេត្តសៀមរាប។ លោក​ក៏បាន​រំលឹក​ដល់​ពលរដ្ឋ រស់នៅ​ខេត្តសៀមរាប ក៏ដូចជា​ភ្ញៀវ​ទេសចរ ដែល​ចូល​មក​ទស្សនា​ខេត្ត​បុរាណ​មួយ​នេះ មិន​ត្រូវ​ធ្វេសប្រហែស​ខ្លួន អំពី​ការ​ការពារ​ជំងឺ​កូ​វីដ​-១៩នោះ​ទេ។

នា​ឱកាស​ថ្ងៃឈប់​សម្រាក​នេះ​ដែរ រដ្ឋបាល​ខេត្តសៀមរាប បាន​រៀបចំ​ទីតាំង​ជាច្រើន​កន្លែង ដើម្បី​ផ្តល់​ជម្រើស​កម្សាន្ត​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មាន​ដូចជា៖ ទៅលេង​ប្រាសាទបុរាណ ដើម្បី​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ។ ជិះកង់​មើល​ថ្ងៃរះ នៅពេល​ព្រឹកព្រលឹម ជាមួយ​មនុស្សជា​ទីស្រឡាញ់។ ជិះទូក​កម្សាន្ត​តាម​ដងស្ទឹង​បុរាណ​ខេត្តសៀមរាប។ ញាំ​ម្ហូប​អា​ហារ​ឆ្ងាញ់​ៗ ប្រចាំ​ខេត្តសៀមរាប។ កម្មវិធី​ពិព័រណ៍​ផលិតផល​ខ្មែរ ដែល​មាន​លក់​ផលិតផល​ធ្វើ​ដោយ​សិប្បករ​ខ្មែរ មានការ​ប្រកួត​មាន់អាំង​ឆ្ងាញ់​ជាងគេ​ក្នុង​ខេត្តសៀមរាប និង​ម្ហូប​ល្បី​ៗ ប្រចាំ​ស្រុក​-ក្រុង​ទាំង១២ផង​ដែរ។

តាម​របាយការណ៍ របស់ក្រ​សួង​ទេសចរណ៍ បង្ហាញថា កាលពី​ថ្ងៃទី១៧ ខែសីហា​ម្សិលមិញ​នេះ ខេត្តសៀមរាប ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ជិត ០៣ម៉ឺន​នាក់ (២៨,១៤០​) ចូល​មក​ទស្សនា​ខេត្ត​នេះ។ ទាក់ទិន​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩នេះ​ដែរ កញ្ញា មាស សុខ​សោភា ដែល​បាន​មក​ចូលរួម ក្នុង​កម្មវិធី​ជិះកង់​សប្បុរសធម៌ ដើម្បី​កាកបាទក្រហម​កម្ពុជា នា​ខេត្តសៀមរាប ក៏បាន​រំលឹក​ដល់​ប្រជាពលរដ្ឋ ជាពិសេស​ភ្ញៀវ​ទេសចរ ដែល​ចូល​ទស្សនា​ខេត្តសៀមរាប សូម​ប្រុងប្រយ័ត្ន និង​ចូលរួម​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ឲ្យបាន​គ្រប់ពេលវេលា។

សេចក្តី​ប្រកាស​ព័ត៌មាន របស់ក្រ​សួង​សុខាភិបាល បង្ហាញថា គិត​ត្រឹម​ម៉ោង ០៧ព្រឹក​ថ្ងៃ​ចន្ទ ទី១៨ ខែសីហា​នេះ ប្រទេស​កម្ពុជា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប​មាន​ចំនួន ២៧៣នាក់។ ក្នុង​នោះ បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ២៣៨នាក់ និង​កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​រដ្ឋ និង​ឯកជន​មាន​ចំនួន ៣៥នាក់។ ដោយឡែក​គិត​ត្រឹម​ម៉ោង ០៧ព្រឹក​ថ្ងៃទី១៨ ខែសីហា​នេះ ក្រសួងសុខាភិបាល​បញ្ជាក់​ថា មិន​មាន​អ្នកជំងឺ​កូ​វីដ​-១៩ ឆ្លង​ថ្មីទៀត​ទេ។ ហើយក៏​មិន​មាន​អ្នកជំងឺ​កូ​វី​-២៩ ជាសះស្បើយ​នោះ​ដែរ​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស