អភិបាលខេត្តសៀមរាបអំពាវនាវឲ្យពលរដ្ឋ ជាពិសេសភ្ញៀវទេសជាតិ-អន្តរជាតិ ដែលចូលមកទ្សនាខេត្តទេសចរណ៍មួយនេះ ត្រូវប្រុងប្រយ័ត្ន និងចូលរួមការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ឲ្យបានទាំងអស់គ្នា។លោក ទៀ សីហា អភិបាលខេត្តសៀមរាប សំណូមពរថា ទាំងពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរទាំងអស់ ដែលចូលមកទស្សនាខេត្តសៀមរាប នាឱកាសថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ហើយបានចូលចូលមកកម្សាន្តខេត្តនេះគប្បីបន្តគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ដោយត្រូវធ្វើអនាម័យ លាងដៃជាមួយអាកុល ជែល និងត្រូវពាក់ម៉ាស់ពេលធ្វើដំណើរនៅតាមទីសាធារណៈជាដើម។
លោក ទៀ សីហា បានអំពាវនាវដូច្នេះ ធ្វើឡើងនៅក្នុងកម្មវិធីជិះកង់សប្បុរសធម៌ ដើម្បីកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០២០ រៀបចំឡើងដោយ សាខាកាកបាទក្រហមខេត្តសៀមរាប។ លោក ទៀ សីហា បានឲ្យដឹងក្នុងវេទិកាជួបជុំ កាលពីព្រឹកមិញនេះថា នៅថ្ងៃដំបូងនៃថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំខ្មែរ សង្កេតឃើញថា មានវត្តមានភ្ញៀវទេសចរជាតិច្រើនកុះករ រហូតដល់រាប់ម៉ឺននាក់ បានចូលមកទស្សនា នៅតាមប្រសាទបុរាណនានា ក្នុងខេត្តសៀមរាប។ លោកក៏បានរំលឹកដល់ពលរដ្ឋ រស់នៅខេត្តសៀមរាប ក៏ដូចជាភ្ញៀវទេសចរ ដែលចូលមកទស្សនាខេត្តបុរាណមួយនេះ មិនត្រូវធ្វេសប្រហែសខ្លួន អំពីការការពារជំងឺកូវីដ-១៩នោះទេ។
នាឱកាសថ្ងៃឈប់សម្រាកនេះដែរ រដ្ឋបាលខេត្តសៀមរាប បានរៀបចំទីតាំងជាច្រើនកន្លែង ដើម្បីផ្តល់ជម្រើសកម្សាន្តជូនភ្ញៀវជាតិ និងអន្តរជាតិ មានដូចជា៖ ទៅលេងប្រាសាទបុរាណ ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរ។ ជិះកង់មើលថ្ងៃរះ នៅពេលព្រឹកព្រលឹម ជាមួយមនុស្សជាទីស្រឡាញ់។ ជិះទូកកម្សាន្តតាមដងស្ទឹងបុរាណខេត្តសៀមរាប។ ញាំម្ហូបអាហារឆ្ងាញ់ៗ ប្រចាំខេត្តសៀមរាប។ កម្មវិធីពិព័រណ៍ផលិតផលខ្មែរ ដែលមានលក់ផលិតផលធ្វើដោយសិប្បករខ្មែរ មានការប្រកួតមាន់អាំងឆ្ងាញ់ជាងគេក្នុងខេត្តសៀមរាប និងម្ហូបល្បីៗ ប្រចាំស្រុក-ក្រុងទាំង១២ផងដែរ។
តាមរបាយការណ៍ របស់ក្រសួងទេសចរណ៍ បង្ហាញថា កាលពីថ្ងៃទី១៧ ខែសីហាម្សិលមិញនេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជិត ០៣ម៉ឺននាក់ (២៨,១៤០) ចូលមកទស្សនាខេត្តនេះ។ ទាក់ទិនវិធានការទប់ស្កាត់ជំងឺកូវីដ-១៩នេះដែរ កញ្ញា មាស សុខសោភា ដែលបានមកចូលរួម ក្នុងកម្មវិធីជិះកង់សប្បុរសធម៌ ដើម្បីកាកបាទក្រហមកម្ពុជា នាខេត្តសៀមរាប ក៏បានរំលឹកដល់ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរ ដែលចូលទស្សនាខេត្តសៀមរាប សូមប្រុងប្រយ័ត្ន និងចូលរួមការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ ឲ្យបានគ្រប់ពេលវេលា។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បង្ហាញថា គិតត្រឹមម៉ោង ០៧ព្រឹកថ្ងៃចន្ទ ទី១៨ ខែសីហានេះ ប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបមានចំនួន ២៧៣នាក់។ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ២៣៨នាក់ និងកំពុងតែសម្រាកព្យាបាលនៅមន្ទីពេទ្យរដ្ឋ និងឯកជនមានចំនួន ៣៥នាក់។ ដោយឡែកគិតត្រឹមម៉ោង ០៧ព្រឹកថ្ងៃទី១៨ ខែសីហានេះ ក្រសួងសុខាភិបាលបញ្ជាក់ថា មិនមានអ្នកជំងឺកូវីដ-១៩ ឆ្លងថ្មីទៀតទេ។ ហើយក៏មិនមានអ្នកជំងឺកូវី-២៩ ជាសះស្បើយនោះដែរ៕