ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលនឹងអាចកើតមានឡើង ចន្លោះពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែសីហា។
ជាងនេះទៀត ក្រសួងក៏បានសង្កត់ធ្ងន់ទៅបណ្តាខេត្តនៅភាគពាយ័ព្យជាប់ប្រទេសថៃ និងខេត្តជាប់ជួរភ្នំដងរែក ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ច្រើនចាប់ពីចុងសប្តាហ៍នេះ ដល់ដើមសប្តាហ៍ក្រោយ ដោយសារកម្ពុជារងសម្ភាពទាបដែលអូសបន្លាយពីប្រទេសថៃ។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃអង្គារនេះ បានលើកឡើងថា តាមការព្យាករអាកាសធាតុ កម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាបដែលអូសបន្លាយពីប្រទេសថៃ ដោយឆ្លងកាត់ប្រទេសឡាវ និងវៀតណាម ខណៈដែលវិសម្ពាធទាបមួយបានកើតឡើងលើសមុទ្រចិនខាងត្បូងដែលអាចវិវត្តទៅជាព្យុះទី៧។
ប្រភពដដែលបន្តថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល អាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន និងបណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ខណៈបណ្តាខេត្តជាប់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម។
ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនៅបន្តកើតមាន។ លើសពីនេះ តាមបណ្ដាខេត្តនៅភាគពាយ័ព្យជាប់ប្រទេសថៃ និងខេត្តជាប់ជួរភ្នំដងរែក សូមប្រុងប្រយ័ត្ន ចំពោះភ្លៀងធ្លាក់ច្រើនជាប់បន្តចាប់ពីថ្ងៃទី ២២-២៤ ខែសីហា៕