28.4 C
Phnom Penh

ក្រសួងទេសចរណ៍​អះអាង​ថា​ថ្ងៃសម្រាក​ដំបូង មាន​ទេសចរ​ចេញ​ដើរកម្សាន្ត​ជាង២៣ ម៉ឺន​នាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងទេសចរណ៍​បាន​អះអាង​ថា កាលពី​ថ្ងៃទី១៧ ខែសីហា​ម្សិលមិញ ដែល​ជា​ថ្ងៃ​ដំបូង​នៃ​ការ​ឈប់សម្រាក​សង​នោះ គឺ​មាន​ភ្ញៀវ​ទេសចរ និង ពលរដ្ឋ​ចេញ​ដើរកម្សាន្ត​ចំនួន​ជាង ២៣ម៉ឺន​នាក់។

ទិ​ន្និ​ន័យ​របស់ក្រ​សួង​ទេសចរណ៍ ដែល​ផ្សាយ​នៅ​ថ្ងៃ​អង្គារ៍​នេះ បានឱ្យ​ដឹង​ថា តាម​របាយការណ៍​ពី​គ្រប់​មន្ទីរ ទេសចរណ៍​រាជធានី ខេត្ត បាន​ឲ្យដឹង​ថា ពេញមួយថ្ងៃ​ទី១៧ ខែសីហា ដែល​ត្រូវ​នឹង​ថ្ងៃ​ដំបូង​នៃ​ការ​សង​ថ្ងៃឈប់​សម្រាក​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​នោះ គឺ​មាន​ភ្ញៀវ​ទេសចរ និង​ពលរដ្ឋ​ចេញ​ដើរកម្សាន្ត​នៅ​ទូទាំង​ប្រទេស​ចំនួន​ជាង ២៣ម៉ឺន​នាក់​( ២៣៣ ៣២៩​)។

ក្នុង​នោះ​ខេត្ត​ជាគោល​ដៅ​ភ្ញៀវ​ទេសចរ​ទៅលេង​ច្រើនជាង​គេ គឺ​ខេត្តកំពត និង​ខេត្តសៀមរាប។រដ្ឋាភិបាល​បាន សម្រេច​យក​ថ្ងៃទី១៧ រហូតដល់​ថ្ងៃទី២១ ខែសីហា​នេះ ជា​ថ្ងៃឈប់​សម្រាក​សង ថ្ងៃបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​ខកខាន​ឈប់សម្រាក ក្រោម​ហេតុផល​នៃ​ការទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩។ក្រសួងទេសចរណ៍​ឱ្យ​ដឹង​ថា រាជធានី និង​ខេត្ត​មួយចំនួន​មានការ​រៀបចំ​អភិវឌ្ឍ​ជា​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ ក្នុង​ឱកាស​ឈប់សម្រាក​សង​រយៈពេល៥ថ្ងៃនេះ។

ដោយឡែក ការ​កើនឡើង​ភ្ញៀវ​ទេសចរ​ទៅកាន់​ខេត្តសៀមរាប ក៏បាន​ធ្វើឲ្យ​មគ្គុទ្ទេសក៍​ទេសចរណ៍​មានការ​ងារ​វិញ​ខ្លះ ទាំង​មគ្គុទ្ទេសក៍​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​ផ្ទៃក្នុង និង​មគ្គុទ្ទេសក៍​សម្រាប់​ភ្ញៀវ​ក្នុង​ស្រុក។ក្រសួង​បន្ត​ថា តាម​ការសង្កេត​ជាក់ស្តែង ប្រជាពលរដ្ឋ​មានការ​យល់ដឹង​កាន់តែ​ប្រសើរ​អំពី​ការអនុវត្ត​តាម​ការណែនាំ​របស់ក្រ​សួង​សុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​អំពី​ជំងឺ​កូ​វីដ១៩ ហើយ​រដ្ឋបាល​ខេត្ត​ដែល​មាន​មន្ទីរ​ទេសចរណ៍ មន្ទី​សុខាភិបាល​ជា​សេនាធិការ បាន​ខិតខំ​ណែនាំ និង​ជំរុញ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​យ៉ាងសកម្ម​ផង​ដែរ។

ទន្ទឹម​នឹង​នេះ ក្រសួង​បញ្ជាក់​ថា គោលដៅ​ទេសចរណ៍​នានា​ក៏បាន​ខិតខំ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ ជាពិសេស​ការ​ស្កេន​កម្ដៅ បាញ់​អាល់កុល កត់ឈ្មោះ​ភ្ញៀវ និង​ការជំរុញ​ឲ្យ​ភ្ញៀវ​ទេសចរ​ពាក់​ម៉ាស់ ឬក្រមា​ឲ្យបាន​ជាប់​ជាប្រចាំ ហើយ​រមណីយដ្ឋាន​ខ្លះ​ដែល​ជា​រមណីយដ្ឋាន​សំខាន់​ក្នុង​ខេត្ត​បាន​ដាក់​រថយន្ត​ពេទ្យ​ប្រចាំការ ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ជាយថាហេតុ។

យ៉ាងនេះ​ក្តី ក្រសួងទេសចរណ៍​ទទួលស្គាល់​ថា រី​ឯការ​រក្សា​គម្លាត​សុវត្ថិភាព​នៅ​មិនទាន់​អនុវត្ត​បាន​ពេញលេញ​នៅឡើយ​ទេ ជាពិសេស​ការ​អង្គុយ​ទទួលទាន​អាហារ​ជុំគ្នា​ច្រើន​ជា​ក្រុម​ក្រុម​គ្រួសារ ឬក្រុម​របស់​ពួក​គាត់​តែមួយ ហើយ​រមណីយដ្ឋាន​ខ្លះ​មាន​សភាព​ហួស​ចំណុះផ្ទុក​ធម្មតា ដោយសារ​ភ្ញៀវ​ទេសចរ​មកលេង​ច្រើន​ក្នុង​ពេល​តែមួយ ។

យ៉ាងនេះ​ក្តី អ្នកគ្រប់គ្រង​គោលដៅ​ទេសចរណ៍ និង​មន្ត្រី​ជំនាញ​នឹង​បន្ត​ខិតខំ​ណែនាំ​បន្ថែម​ទៀត​ឲ្យ​មានការ​ចែករំលែក និង​បង្វែរ​ទស្សនកិច្ច ដើម្បី​សម្រួល​កុំឱ្យ​មានការ​ផ្ទុក​លើស​ពី ៥០​%៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស