32 C
Phnom Penh

ក្រសួងតម្រូវឱ្យជនជាតិវៀតណាមពីរនាក់ធ្វើចត្តាឡីស័កឡើងវិញ ក្រោយរត់ចេញពីមណ្ឌល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ជនជាតិវៀតណាមពីរនាក់ត្រូវធ្វើចត្តាឡីស័ក ឬដាក់នៅដាច់ដោយឡែកក្នុងមណ្ឌលធ្វើចត្តាឡីស័កឡើងវិញ។

ការអះអាងនេះ ធ្វើឡើងក្រោយពេល មានស្រ្តីជនជាតិវៀតណាមម្នាក់ និងកូនប្រុសអាយុ ១៣ ឆ្នាំម្នាក់ទៀត បានរត់ចេញពីមណ្ឌលចត្តាឡីស័ក នៅក្នុងមន្ទីរពេទ្យបង្អែកព្រះស្តេច ខេត្តព្រៃវែង មកកាន់ខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី១៦ ខែសីហា កន្លងទៅ។

អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បានប្រាប់ក្រុមអ្នកសារព័ត៌មានតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម កាលពីយប់ថ្ងៃអង្គារថា ជនជាតិវៀតណាមទាំងពីរនាក់នោះ មានស្ត្រី អាយុ ៣៧ឆ្នាំ និងកុមារ អាយុ ១៣ឆ្នាំ ជាអ្នករស់នៅភូមិប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ។

អ្នកស្រីបន្តថា ជនជាតិវៀតណាមទាំងពីរនាក់ ដែលត្រូវជាម្តាយនិងកូន បានលួចចេញពីកន្លែងធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកស្រុកព្រះស្តេច ខេត្តព្រៃវែង កាលពីថ្ងៃទី១៦ ខែសីហា។

អ្នកស្រីបន្តថា ក្រោយពេលរត់ចេញ អ្នកទាំងពីរបានឡើងឡានក្រុងមករាជធានីភ្នំពេញ រួចបន្តដំណើរដោយរថយន្តឈ្នួល ទៅកាន់ខេត្តកំពង់ឆ្នាំង បន្ទាប់មកពួកគេបន្តដំណើរដោយម៉ូតូទៅកាន់ភូមិប្រាសាទដែលជាទីកន្លែងរស់នៅរបស់ខ្លួន។

អ្នកនាំពាក្យរូបនេះ បានឱ្យដឹងដែរថា នៅផ្ទះរបស់គាត់ក្នុងខេត្តកំពង់ឆ្នាំង ពួកគេពុំបានជួបជាមួយបងប្អូនទេ ដោយពួកគេត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច ដឹកទៅកាន់មណ្ឌលចត្តាឡីស័កកំរិត២នៅសាលាគំរូ ក្រុងកំពង់ឆ្នាំងនៅម៉ោង៥កន្លះល្ងាចថ្ងៃទី១៦ ខែសីហាដដែលនោះ។

ប្រភពដដែលបន្តថា លទ្ធផលតេស្តលើកទី១ របស់គាត់ និងកូនកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ គឺអវិជ្ជមានវីរុសកូវីដ-១៩ ទាំងពីរនាក់ និងមិនមានអការៈអ្វីគួរឱ្យបារម្ភនោះទេ។

តែយ៉ាងនេះក្តី ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង កំពុងយកចិត្តទុកដាក់ បន្តតាមដានសុខភាពជនជាតិវៀតណាមទាំងពីរនាក់ បន្ថែមទៀត ដោយត្រូវធ្វើចត្តាឡីស័កពួកគេ ១៤ថ្ងៃឡើងវិញ ផងដែរ។

ជនជាតិវៀតណាមទាំងពីរនាក់ បានចាកចេញពីកម្ពុជា មុនពេលចូលឆ្នាំខ្មែរកាលពីខែមេសា ទៅរស់នៅទល់ដែនកម្ពុជា-វៀតណាមឌិញបា។ ដោយសារមិនអាចរកស៊ីនៅទីនោះបាន ពួកគេក៏បានត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ និងត្រូវបានក្រុមការងារមាត់ច្រកព្រំដែនអន្តរជាតិបន្ទាយចក្រី បញ្ជូនទៅធ្វើចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យបង្អែកព្រះស្តេច ខេត្តព្រៃវែង។

គិតត្រឹមថ្ងៃទី ១៩ ខែសីហានេះ ក្រសួងសុខាភិបាលបញ្ជាក់ថាអ្នកជំងឺកូវីដ១៩សរុបមានចំនួន២៧៣នាក់។ ក្នុងនោះ អ្នកជំងឺកូវីដចំនួន ២៥១នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងអ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ និងនៅស្ថានទូតអាមេរិកប្រចាំកម្ពុជាចំនួន ២២នាក់៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស