28 C
Phnom Penh

នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនល្មើស ចាប់ស្ត្រីចិនម្នាក់សែងចូលក្នុងរថយន្ត កាលពីសប្តាហ៍មុននោះបានហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជីវករ និងពលរដ្ឋក្រុងព្រះសីហនុស្វាគមន៍ និងអបអរសាទរ ចំពោះកងកម្លាំងនគរបាលខេត្តព្រះសីហនុ ដែលធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន០៣នាក់ លើករណីចាប់ស្ត្រីជនជាតិចិនម្នាក់ ញាត់បញ្ចូលក្នុងឡាន រួចនាំយកទៅបង្ខាំងជំរិតទារប្រាក់ កាលពីវេលាម៉ោងជាង ១០យប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

ជាងនេះទៅទៀតពួកគេ ក៏បានលើទឹកចិត្ត និងសំណូមពរបន្ថែមដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសកម្លាំងនគរបាល ឲ្យបន្តសកម្មភាពចុះអនុវត្តការងារ ឲ្យបានល្អថែមទៀតនាថ្ងៃខាងមុខ។

ទាក់ទិនបញ្ហានេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា កម្លាំងជំនាញបានចុះស្រាវជ្រាវរហូតជួយរំដោះស្ត្រីរងគ្រោះម្នាក់ កាលពីព្រឹកថ្ងៃទី១៤ ខែសីហា។ បន្ទាប់មកកម្លាំងនគរបាល ក៏បន្តចុះស្រាវជ្រាវរហូតដល់ថ្ងៃទី១៥ ខែសីហា វេលាម៉ោង ១៥ និង៣០នាទី ទើបកម្លាំងសមត្ថកិច្ចបានឈានទៅឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំណុចសណ្ឋាគារ និងកាស៊ីណូ រ៉ូយ៉ាល់លីហ័រ ស្ថិតនៅក្រុម១៣ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដោយដកហូតរថយន្តម៉ាក ហាយលែនឌឺ ពណ៌ទឹកប្រាក់ មានផ្លាកលេខៈ ភ្នំពេញ 2K-7388 ដែលក្រុមជនសង្ស័យជិះធ្វើសកម្មភាពចាប់ជំរិតជនរងគ្រោះ។

លោក ជួន ណារិន្ទ បន្តថា បន្ទាប់ពីបានសាកសួរជនសង្ស័យរូបនេះរួច កម្លាំងសមត្ថកិច្ច ក៏បានបន្តចុះចាប់ឃាត់ខ្លួនជនសង្ស័យ០២នាក់បន្ថែមទៀត នៅថ្ងៃទី១៥ ខែសីហា វេលាម៉ោង ២១ និង៣០នាទី នៅចំណុចកែងផ្លូវ LV ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

លោកស្នងការ ជួន ណារិន្ទ ឲ្យដឹងថា ស្ត្រីរងគ្រោះលើករណីចាប់ជំរិតនេះ មានឈ្មោះ WU JIAJIA ភេទស្រីអាយុ៤២ឆ្នាំ ជនជាតិចិន មុខរបរលក់សំលៀកបំពាក់ ស្នាក់នៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានស្នាមរងបួសដាច់រលាត់ស្បែកបន្តិចបន្តួច(រងរបួសស្រាល)។

រីឯជនសង្ស័យទាំង ០៣នាក់ មានឈ្មោះ៖ – ឈ្មោះ WANG XIAO ZHANG ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកហាងលក់អំពូលភ្លើងសូឡា កាន់លិខិតឆ្លងដែនលេខៈ EH7330702 ស្នាក់នៅសណ្ឋាគារកាស៊ីណូ រ៉ូយ៉ាល់លីហ័រ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ទី២- ឈ្មោះ RAN FU CHUAN ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងហាងបាយ HUAN LE គ្មានលិខិតឆ្លង ដែនលេខជាប់ខ្លួន ស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះ សីហនុ។

ទី៣- ឈ្មោះ JIANG HONG ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកទិញឥវ៉ាន់ហាងបាយ HUAN LE គ្មានលិខិតឆ្លង ដែនលេខជាប់ខ្លួន ស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

ចំពោះវត្ថុតាងចាប់យកបានរួមមាន៖ រថយន្ត ០១គ្រឿង ម៉ាកហាយលែនឌឺ ពណ៌ទឹកប្រាក់ ផ្លាកលេខៈ ភ្នំពេញ 2K-7388 ជាមធ្យោបាយធ្វើសកម្មភាពចាប់ជំរិត និងក្នុងរថយន្តមានសម្ភារមួយចំនួនទៀត, រថយន្ត ០១គ្រឿង ម៉ាក TOYOTA-TUN DRA ពណ៌ស ផ្លាកលេខៈ ភ្នំពេញ 2AY-0176, ដំបងដែករលាស់ ០១ដើម, ខ្សែដៃអង្កាំ, ចិញ្ចៀន១វង់, ស៊ីមទូរស័ព្ទដៃ១, នាឡិកាដៃ០២ និងបំពង់ប្រើប្រាស់គ្រឿងញៀន១ និងទូរស័ព្ទដៃ៧គ្រឿង។

បច្ចុប្បន្ននេះ ចំពោះជនសង្ស័យ និងវត្ថុតាង នៃបទល្មើស ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់រួចហើយ។

កាលពីរាត្រីថ្ងៃទី១៣ ខែសីហា ចន្លោះម៉ោង ១០ ទៅម៉ោង ១១យប់ មានជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពចាប់មនុស្សស្រីម្នាក់ ដោយចាប់ចេញពីរថយន្ត Lang Rover ពណ៌សមួយគ្រឿង រួចសែងញាត់បញ្ជូល ក្នុងរថយន្តនៅមុខហាង លក់សម្លៀកបំពាក់យីហោ “កូកូ” មានទីតាំងនៅចំណុចផ្លូវកែងអតីតមហោស្រពចាស់ ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ រួចបើកចេញ ឆ្ពោះទៅតាមផ្លូវជាតិលេខ៤។

លោក ជួន ណារិន្ទ បន្តថា ក្រោយកើតហេតុ ភ្លាមៗ រូបលោក ក៏បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកម្រិតស្រាល បើកការស៊ើបអង្កេត និងចុះស្រាវជ្រាវជាបន្ទាន់ រហូតដល់វេលាម៉ោង ០៦ព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហានេះ ទើបក្រុមសមត្ថកិច្ចជំនាញ បានកំណត់មុខសញ្ញាឈានទៅរំដោះស្ត្រីរងគ្រោះម្នាក់ ពីកណ្តាប់ដៃជនល្មើស នៅម្តុំក្នុងព្រៃឆ្នេរព្រែកត្រែង ស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយជនសង្ស័យ ក៏បានរត់គេចខ្លួនអស់ ប៉ុន្តែពេលនេះសមត្ថកិច្ច បានបង្ក្រាប និងចាប់ខ្លួន បញ្ជូនសំណុំរឿងទៅកាន់តុលាការផ្តន្ទាទោសរួចហើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស