30 C
Phnom Penh

អ្នកវិភាគថា ការនៅស្ងៀមស្ងាត់ ដូចឲ្យរបបខ្មែរក្រហមរស់ឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគនយោបាយនៅក្រៅប្រទេស លើកឡើងថាការនៅស្ងៀមស្ងាត់គឺប្រៀបដូចទៅនឹងធ្វើឱ្យរបបខ្មែរក្រហមរស់ឡើងវិញយ៉ាងនោះឯង។ អ្នកវិភាគនយោបាយលោក គឹម សុខ បានចោទជាសំណួរថា គួរនៅស្ងៀមស្ងាត់ទៀតឬយ៉ាងណា?

លោកគឹម សុខ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា របបខ្មែរក្រហម តម្រូវឲ្យពលរដ្ឋខ្មែរហូបបបររាវៗដូចទឹក មានកាកបបរ១ស្លាបព្រាក្នុងមួយថ្ងៃ មិនឲ្យចាយលុយ គ្មានមុខរបរ រស់នៅជាសហករណ៍ តាមអង្គការចាត់ចែង រួមទាំងជីវិត។ ប៉ុន្តែ ពួកមេៗខ្មែរក្រហម មានលុយបរទេស ចាយមិនខ្វះនាំគ្នាទៅដេក នៅប៉ាត់តាយ៉ា ប្រទេសថៃ ហូបចុកសុទ្ធតែបង្កង ក្ដាម គ្រឿងសមុទ្រ អាហារឆ្ងាញ់ៗ ជាដើម ។

ងាកមកសម័យតេជោវិញ លោកបន្តថា លោក ហ៊ុន សែន អតីតមេទាហានខ្មែរក្រហម ប្រាប់ឲ្យពលរដ្ឋខាំស្មៅ ទ្រាំអត់ការងារនៅពេលបក្ខពួកគ្រួសារត្រកូល ហ៊ុន មានលុយរាប់រយ ឬរាប់ពាន់លានដុល្លារ មានអាហារល្អៗ ពេញតុរាល់ថ្ងៃ ដេកស៊ី ផឹកឥតក្រែង ក្រែងតែឡើងគីឡូតែប៉ុណ្ណោះ ។

លោកថាខ្លះទៀត ទិញយន្តហោះឯកជន ជិះដឹកស្រីស្នេហ៍ សម្ញែងប្រជាពលរដ្ឋខ្មែរ និងបង្អួតជនបរទេស ដោយមិនចេះខ្មាសអៀន នៅគ្រាដែលប្រជាពលរដ្ឋខ្មែរបន្តរស់អត់ឃ្លាន ជំពាក់បំណុលអង្គការវ័ណ្ឌករើខ្លួនមិនរួច ។

ការលើកឡើងរបស់អ្នកវិភាគនយោបាយរូបនេះ នៅពេលលោកចែករំលែក ឬ Share វីដេអូរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានបង្ហោះកាលពីថ្ងៃម្សិលមិញ ដោយលោកបានសរសេរថា«ឪពុកម្តាយដែលជាកូនរបស់លោកបាននាំកូនធំៗ ដើរលេងទុកកូនតូចឱ្យជីដូនជីតាមើល» ហើយលោកបាននាំភរិយា និងចៅមើលទេសភាពតារាងកូនគោលក្នុងឱកាសនៃការឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំខ្មែរ។

កាលពីថ្ងៃអាទិត្យ ទី១៦ខែសីហា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រតិតកម្មតបទៅនឹងលោក គឹម សុខ ដែលបានលើកឡើងម្តងហើយម្តងទៀត អំពីគម្រោងធ្វើមហាបាតុកម្មដោយអហិង្សាប្រឆាំង                  រដ្ឋាភិបាល ទាមទារឱ្យមានយុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដមួយនៅកម្ពុជា។

លោក ហ៊ុន សែន បានអះអាងថា លោកនឹងឱ្យគេរៀបចំយន្តហោះឯកជនមួយ ដើម្បីទៅដឹកលោក គឹម សុខ ពីប្រទេសហ្វាំងឡង់ មកដឹកនាំធ្វើបាតុកម្មប្រឆាំងនឹងលោក ដោយលោកសន្យាថានឹងមិនធ្វើអ្វីលោក គឹម សុខ នោះឡើយ។

ការអះអាងនេះ សម្រាប់លោក គឹម សុខ ក៏បានឆ្លើយតបវិញថា លោកនឹងត្រៀមខ្លួនវិលចូលស្រុកខ្មែរវិញ ដើម្បីដឹកនាំធ្វើមហាបាតុកម្មប្រឆាំងការដឹកនាំបែបផ្តាច់ការរបស់លោក ហ៊ុន សែន ទាមទារឱ្យមានយុត្តិធម៌ពិត សិទ្ធិសេរីភាពពេញលេញ និងលទ្ធិប្រជាធិបតេយ្យមែនទែន ដោយអហិង្សា។

លោកបន្តថា ពលរដ្ឋខ្មែរចម្រុះ ទាំងក្នុង និងក្រៅប្រទេស កសិករ កម្មករ សកម្មជនសង្គម មន្ត្រីរាជការ រហូតដល់បញ្ញវន្ត ដែលមានទាំងសមាជិកនិងអ្នកគាំទ្រគណបក្សប្រឆាំង និងទាំងផ្ទៃក្នុងគណបក្សប្រជាជនមួយភាគ រង់ចាំលោក ទៅដឹកនាំចលនាមហាបាតុកម្មអហិង្សានៅកម្ពុជា ។

លោក គឹម សុខ បញ្ជាក់ថា លោកក៏បានត្រៀមខ្លួនរួចហើយដែរ សល់តែតេជោ សែន ដែលត្រូវធ្វើការបញ្ជាក់ឲ្យច្បាស់ តាមការប្រកាសរបស់ខ្លួនជាសាធារណៈ ថាតើថ្ងៃណា និងរៀបចំយន្តហោះ មកដឹកលោកពីហ្វាំងឡង់ ទៅភ្នំពេញវិញ? 

លោក គឹម សុខ បានភៀសខ្លួនទៅរស់នៅប្រទេសហ្វាំងឡង់កាលពីចុងឆ្នាំ២០១៨ ក្រោយពេលមានការធ្វើទុក្ខបុកម្នេញពីរដ្ឋអំណាចគណបក្សប្រជាជនកម្ពុជា បើទោះបីជាលោកធ្លាប់ត្រូវបានរដ្ឋអំណាចប្តឹងដាក់ពន្ធធនាគារជិត២ឆ្នាំ ម្តងរួចមកហើយកាលពីឆ្នាំ២០១៧ បន្ទាប់ពីអ្នកវិភាគរូបនេះលើកឡើងរដ្ឋាភិបាលដឹកនាំគណបក្សប្រជាជនកម្ពុជា នៅពីក្រោយខ្នងនៃការសម្លាប់លោកបណ្ឌិត កែម ឡី និងបានរៀបចំជាប្រព័ន្ធនៃការសម្លាប់មនុស្សថែមទៀត។

យ៉ាងនេះក្តី លោក ហ៊ុន សែន បង្ហើបថា ការបណ្តោយឱ្យលោកគឹម សុខ ចេញពីកម្ពុជា ឆ្លងដែនទៅប្រទេសថៃ មុនពេលបានទៅកាន់ប្រទេសហ្វាំងឡង់នោះ គឺ លោក អ្នកបញ្ជាឱ្យដោះលែងអ្នកវិភាគរូបនេះតែប៉ុណ្ណោះ៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស