30 C
Phnom Penh

លោក គឹម សុខ បន្តទាមទារឱ្យលោកហ៊ុន សែន គោរពតាមសន្យារបស់ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគនយោបាយដែលមានមូលដ្ឋាននៅប្រទេសហ្វាំងឡង់ បន្តទាមទារឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន គោរពតាមសន្យារបស់ខ្លួនក្នុងការយកយន្តហោះឯកជនទៅដឹកលោកមកដឹកនាំធ្វើមហាបាតុកម្មនៅកម្ពុជា។

អ្នកវិភាគនយោបាយលោក គឹម សុខ បានសរសេរនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកចុះផ្សាយនៅថ្ងៃទី២០ ខែសីហានេះថា លោកហ៊ុន សែន តែងតែតម្កើងខ្លួនឯងថាជាបុរសខ្លាំង តែបើពេលនេះ លោកមិនហ៊ានគោរពពាក្យសន្យាដែលបានប្រកាសជាសាធារណៈទេ លោក នឹងក្លាយជាបុរសខ្លាច ពោលគឺខ្លាចពលរដ្ឋខ្មែរដែលប្រាថ្នាប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។

ការឌឺដងដូចនេះ ក្រោយពេលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃអាទិត្យទី១៦ ខែសីហា បានប្រកាសជាសាធារណៈថាលោកនឹងរៀបចំយន្តហោះឯកជនទៅយកលោក គឹម សុខ ពីក្រៅប្រទេសមកដឹកនាំធ្វើមហាបាតុកម្មនៅកម្ពុជា បន្ទាប់ពីអ្នកវិភាគរូបនេះលើកឡើងម្តងហើយម្តងទៀតឱ្យមានការរួមគ្នាធ្វើមហាតុកម្មដោយអហិង្សា ផ្តើមពីការចូលរួមពីពលរដ្ឋម្នាក់ៗ សហគមន៍ និងសង្គមទាំងមូល ដើម្បីទាមទារយុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។

លោក ហ៊ុន សែន ប្រកាសថា នៅពេលលោក គឹម សុខ វិលចូលកម្ពុជា លោកនឹងមិនធ្វើអីលោក គឹម សុខ នោះឡើយ។ ប៉ុន្តែមកទល់ពេលនេះ ប្រមុខរដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់របស់ខ្លួន នៅមិនទាន់បញ្ជាក់ជំហរយកហោះយន្តទៅដឹកលោក គឹម សុខ នៅឡើយទេ។

យ៉ាងនេះក្តី លោក គឹម សុខ ថា លោកបានត្រៀមខ្លួនរួចហើយក្នុងការរង់ចាំយន្តហោះរបស់លោកនាយករដ្ឋមន្ត្រីទៅដឹកលោក ពីប្រទេសហ្វាំងឡង់ វិលមកកម្ពុជា។ ប៉ុន្តែលោកទាមទារឱ្យហ៊ុន សែន គោរពការសន្យារបស់ខ្លួន ហើយទម្លាក់ចោលរឿងក្តីក្តាំងដែលមានចំពោះលោកជាមុនសិន ជៀសវាងការប្រើលេសអនុវត្តសំណុំរឿងដើម្បីចាប់ខ្លួនលោក។

អ្នកវិភាគដដែល បន្តថា ប្រសិនបើការសន្យាជាសាធារណៈរបស់ប្រមុខដឹកនាំរដ្ឋាភិបាល មិនបានអនុវត្តលោក ហ៊ុន សែន មិនត្រឹមមានឈ្មោះជាបុរសខ្លាចទេ ប៉ុន្តែមជ្ឈដ្ឋានខ្លះនឹងហៅគាត់ថា បុរសខ្លៅ ដែលនិយាយឱ្យរួចតែពីមាត់។

លោកបន្តថា អ្នកខ្លាំងពិតប្រាដកគឺប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលប់មួយនគរគាំទ្រ ហើយលោក ក៏មិនមែនជាបុរសខ្លាំងនោះដែរ ប៉ុន្តែគ្រាន់តែជាអ្នកមែនទែននិយម ឬអ្នកជាតិជាក់ស្តែងនិយមប៉ុណ្ណោះ។

អ្នកវិភាគរូបនេះ ថាយើងរួមគ្នាតទល់ជាមួយលោក ហ៊ុន សែន ពុំមែនដើម្បីអួតថាខ្លួនខ្លាំងនោះទេ ប៉ុន្តែដោយសារតែការស្រែកឃ្លានយុត្តិធម៌ និងសេរីភាពប្រជាធិបតេយ្យ សម្រាប់ជាតិតែប៉ុណ្ណោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស