អតីតមន្ត្រីមូលដ្ឋានរបស់គណបក្សសង្រ្គោះជាតិ នៅខេត្តកំពត សង្ឃឹមថា នៅថ្ងៃទី២៥ ខែសីហា ខាងមុខតុលាការនឹងទម្លាក់ចោលបទចោទប្រកាន់មកលើខ្លួន និងអ្នកជាប់ឃុំនយោបាយដទៃទៀត។
អតីតសមាជិកក្រុមប្រឹក្សាឃុំជាប់ឆ្នោតមកពីអតីតគណបក្សសង្រ្គោះជាតិ នៅឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត អ្នកស្រី ប៉ែន មុំ ហៅ ស្រីមុំ ត្រូវបាន អយ្យការអមសាលាដំបូងខេត្តកំពត បានសម្រេចចោទប្រកាន់ពីបទ រួមគំនិតក្បត់ តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ កម្ពុជាកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ។
តុលាការខេត្តកំពត បានបញ្ជាក់ថា ការចោទប្រកាន់អ្នកស្រី ប៉ែន មុំដោយសារសកម្មភាពរបស់អ្នកស្រីពាក់ព័ន្ធនឹងការកៀរគរ និងបំផុសបំផុលឲ្យមហាជនចូលរួមក្នុងផែនការផ្តួលរំលំរដ្ឋាភិបាលតាមរយៈផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្សី។ ប៉ុន្តែក្រោយមកតុលាការបានសម្រេចដោះលែងអ្នកស្រីឱ្យនៅក្រៅឃុំបណ្តោះអាសន្ន កាលពីខែវិច្ឆិកាឆ្នាំ២០១៩ បន្ទាប់ពីមានការបញ្ជាពីលោក ហ៊ុន សែន ឱ្យដោះលែងអតីតសកម្មជន និងមន្ត្រីគណបក្សសង្រ្គោះជាតិក្នុងសំណុំបទញុះញង់ និងរួមគំនិតក្បត់ជាតិនេះ។
តែយ៉ាងនេះក្តី អ្នកស្រីនៅមិនទាន់មានសេរីភាពពេញលេញនៅឡើយទេដោយត្រូវបង្ហាញខ្លួនមុខសមត្ថកិច្ចមូលដ្ឋានរៀងរាល់ខែ និងពិបាកក្នុងការរកស៊ីទទួលទានត្បិតនៅជាប់បណ្តឹងនៅឡើយ ហើយនៅថ្ងៃទី២៥ខែសីហា ខាងមុខ អ្នកស្រីត្រូវឡើងសវនាការក្នុងសំណុំរឿងរបស់ខ្លួនផងដែរ។
អ្នកស្រី ប៉ែន មុំ ស្នើឱ្យតុលាការខេត្តកំពត ទម្លាក់ចោលបទចោទប្រកាន់ លើអ្នកស្រី និងអតីតមន្ត្រីគណបក្សប្រឆាំងដទៃទៀត ពិសេសលោក រ៉ុង ឈុន ឱ្យមានសេរីភាពឡើងវិញ ដោយសារពួកគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់អ្វីនោះឡើយ។
បន្ថែមពីនេះ អ្នកស្រី ស្នើឱ្យលោកនាយរដ្ឋមន្ត្រីហ៊ុន សែន គិតគូរអំពីប្រជាពលរដ្ឋ និងសង្គមជាតិ ដោយត្រូវមានការសណ្តោសប្រណីឱ្យអ្នកនយោបាយដូចគ្នា មិនត្រូវមានការគុំគួន ត្បិតតែគោលនយោបាយឬ គំនិតផ្ទុយពីគ្នាក៏ដោយ ដើម្បីបង្ហាញពីឆន្ទៈបង្រួបបង្រួមជាតិពិតប្រាកដ ដូចអ្វីដែលប្រមុខរដ្ឋាភិបាលធ្លាប់លើកឡើង។
ទោះបីជាយ៉ាងនេះក្តី កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានសារជាថ្មីទៀត ក្នុងការប្រើប្រាស់យុទ្ធសាស្ត្រ កាត់ក្បាលបំបែកដងខ្លួនរបស់គណបក្សសង្រ្គោះជាតិបន្ថែមទៀត ពិសេសនឹងតាមកម្ទេចអ្នកនៅក្នុងស្រុក ដែលហ៊ានបង្កចលាចល ក្រោមលេសជំងឺកូវីដ១៩ ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោក។
ស្របគ្នានឹងសារព្រមាននេះយ៉ាងហោចណាស់មានអតីតសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត និងមន្ត្រីមូលដ្ឋានគណបក្សសង្រ្គោះជាតិជិត១០រូបហើយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់គិតត្រឹមចុងខែសីហានេះ ដោយតុលាការសម្រេចឃុំខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើស បទរួមគំនិតក្បត់ និងញុះញង់កុំឱ្យយោធាស្តាប់បង្កាប់ជាដើម ។
កន្លងមក ក្រុមអ្នកឃ្លាំមើលសង្គមបានចាត់ទុកការតាមកម្ទេចបក្សប្រឆាំងពីសំណាក់រដ្ឋាភិបាលលោកហ៊ុន សែន នោះថានឹងមិនផ្តល់ប្រយោជន៍អ្វីដល់ប្រជាជន និងប្រទេសជាតិនោះឡើយ ប៉ុន្តែជាការបង្ហាញកាន់តែច្បាស់ពីរូបភាពបែកបាក់ជាតិកាន់តែខ្លាំងតែប៉ុណ្ណោះ៕