30 C
Phnom Penh

ជប៉ុនបង្ហាញការគាំទ្រការដើរលើមាគ៌ាប្រជាធិបតេយ្យរបស់កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក ម៉ូតេហ្គី តូស៊ីមីត្សសូ (Motegi Toshimitsu) បានលើកឡើងថា ជប៉ុនបន្តគាំទ្រកម្ពុជា ក្នុងការដើរលើមាគ៌ាទៅរកទិសដៅនៃការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ។

ក្រសួងការបរទេសកម្ពុជា បានប្រកាសថា រដ្ឋមន្ត្រីការបរទេសជប៉ុន លោក ម៉ូតេហ្គី តូស៊ីមីត្សឹ (Motegi Toshimitsu) នឹងមកបំពេញ ទស្សនកិច្ចជាផ្លូវការរយៈពេល ៣ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហានេះ។

ទំព័រហ្វេសប៊ុករបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃសុក្រនេះ ចុះផ្សាយនូវសាររបស់រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនរូបនេះថា «ថ្ងៃនេះ លោកបានមកបំពេញទស្សនៈកិច្ចនៅកម្ពុជាជាលើកដំបូងក្រោយពេលលោកទទួលបានដំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន»។

ក្នុងដំណើរទស្សនៈកិច្ចជាផ្លូវការនេះ លោកនឹងជួបពិភាក្សាយ៉ាងស្មោះត្រង់អស់ពីចិត្តជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន។

រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនរូបនេះ និយាយទៀតថា ក្រោយ សង្គ្រាមស៊ីវិលនៅកម្ពុជា ប្រទេសជប៉ុនបានរួមដំណើរជួយគាំទ្រដល់ដំណើរការស្វែងរកសន្តិភាព ការស្តារឡើងវិញ ក៏ដូចជាការអភិវឌ្ឍន៍ជាបន្តបន្ទាប់របស់កម្ពុជា ដែលនេះជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាពនៃប្រទេសទាំងពីរ។ ជប៉ុនបន្តថា ទំនាក់ទំនងនេះ មានភាពស៊ីជម្រៅថែមទៀត ក្នុងវិស័យផ្សេងៗ ដូចជានយោបាយ សន្តិសុខ វប្បធម៌ សេដ្ឋកិច្ច និងការផ្លាស់ប្តូរធនធានមនុស្សជាដើម។

ប្រមុខការទូតដដែល អះអាងថា ថា កាលពីខែមករាឆ្នាំ២០២០នេះ លោកបានជួបយុវជនកម្ពុជាដែលមានចំណាប់អារម្មណ៍លើនយោបាយចំនួន១០រូប ដែលបានមកធ្វើទស្សនាកិច្ចនៅប្រទេសជប៉ុន ដោយពួកគាត់ទាំងអស់នោះបានសម្តែងចេញនូវស្មារតីចង់អភិវិឌ្ឍប្រទេសរបស់ពួកគេខ្លាំងណាស់។

លោកបន្តថា កម្ពុជាមានធនធានមនុស្សប្រៀបដូចជាកំពូលប្រាសាទអង្គរវត្ត និងប្រាសាទអង្គរធំ ដែលទ្រដោយថ្មរឹងមាំដាក់បន្តុបលើគ្នាជាច្រើនដើម្បីឱ្យខ្ពស់។ លោកបន្តថា យុគសម័យអង្គរដែលបានរីកចម្រើន លូតលាស់ដោយសារការរួមរស់នៅជាមួយគ្នា និងការលាយបញ្ចូលគ្នារវាងសាសនាព្រហ្មញ ឬហិណ្ឌូ និងព្រះពុទ្ធសាសនា។ លើសពីនេះ កម្ពុជាមានប្រវត្តិ និងប្រពៃណី ទទួលយកវប្បធម៌ គំនិតខុសៗគ្នា និងធនធានមនុស្សផ្សេងៗ គ្នាផងដែរ។

ប្រមុខការទូតជប៉ុនរូបនេះ អះអាងថា លោកនឹងបន្តផ្តល់ការគាំទ្រដើម្បីឱ្យប្រទេសកម្ពុជាអាចដើរលើមាគ៌ាសំដៅទៅរកទិសដៅនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យរបស់ខ្លួន ដោយបញ្ចូលនូវកម្លាំងយុវជនជា  សសរទ្រូងរបស់ជាតិ។

ស្របពេលដំណើរទស្សនៈកិច្ចរបស់មន្ត្រីជាន់ខ្ពស់ប្រទេសជប៉ុនមកកម្ពុជានេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch  បានផ្ញើលិខិតមួយទៅកាន់ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ ដើម្បីឱ្យលោកជួយលើកឡើងអំពីបញ្ហារំលោភសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា ឈានទៅស្តារស្ថានភាពប្រទេសជាតិឡើងវិញ។

កន្លងមកគេតែងសង្កេតឃើញថា មហាអំណាចក្នុងតំបន់អាស៊ីមួយនេះ តែងជួយសម្របសម្រួលស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជាម្តងជាពីរដង តាមរយៈអំណាចស្រទន់ ឬ ការទូតបែបទន់ភ្លន់ របស់ខ្លួន។

ការសម្របសម្រួលនោះ ក៏បានរុញឱ្យស្ថានភាពចម្រូងចម្រាសផ្នែកនយោបាយបានប្រសើរ មួយគ្រាលៗដែរ ប៉ុន្តែមិនយូរប៉ុន្មានស្ថានភាពនយោបាយកម្ពុជាក៏វិលទៅរកភាពប្រេះឆាវិញ។

ភាពប្រេះឆានយោបាយនេះហើយ បានក្លាយជាលេសក្នុងការរំលាយគណបក្សសង្រ្គោះជាតិចោលកាលពីចុងឆ្នាំ២០១៧ និងការបន្តធ្វើទុក្ខបុកម្នេញដល់មន្ត្រី និងសកម្មជនបក្សនេះឥតស្រាកស្រាន្ត ក្រោមហេតុផលនៃការអនុវត្តច្បាប់របស់ក្រុមលោកហ៊ុន សែន។

ការបំផ្លាញមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ រំលោភសិទ្ធិមនុស្ស រំលោភសិទ្ធិការងារនេះទៀតសោធ ត្រូវបានសហភាពអឺរ៉ុបសម្រេចជាផ្លូវការក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាកាលពីថ្ងៃទី១២     ខែសីហា បន្ទាប់ពីមើលឃើញថាកម្ពុជាមិនបានធ្វើឱ្យប្រសើរក្នុងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនោះឡើយ។

អឺរ៉ុបអះអាងថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ ភាគរយនោះ គឺជាទណ្ឌកម្មជំហានដំបូងមកលើកម្ពុជាប៉ុណ្ណោះ ប៉ុន្តែប្រសិនបើស្ថានភាពគោរពសិទ្ធិមនុស្ស និងការស្តារលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាបានប្រសើរ កម្ពុជានឹងទទួលបានប្រព័ន្ធអនុគ្រោះពន្ធនេះពេញលេញឡើងវិញផងដែរ។

 ទោះជាយ៉ាងណាក៏ដោយលោក ហ៊ុន សែន ធ្លាប់បញ្ជាក់ហើយថាលោកនឹងមិនទាមទារ EBA ២០% នោះត្រឡប់មកវិញជាដាច់ខាត ហើយក៏មិនអោនក្បាលយកអធិបតេយ្យរបស់ជាតិដើម្បីប្តូរជាមួយជំនួយបរទេសនោះដែរ។

ប៉ុន្តែក្រុមអ្នកឃ្លាំមើលនិយាយថាប្រសិនបើលោក ហ៊ុន សែន មិនព្រមស្តារស្ថានការនយោបាយទេ នោះអ៊ឺរ៉ុបនឹងអាចកាត់ EBA ២០% បន្ថែមទៀត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស