31 C
Phnom Penh

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ថា ការព្យាយាមស្នើឱ្យជប៉ុនដាក់សម្ពាធលើកម្ពុជានឹងរងភាពបរាជ័យដ៏អាម៉ាស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកនាំពាក្យក្រសួងយុត្តិធម៌របស់កម្ពុជា លោក ជិន ម៉ាលីន បានលើកឡើងដោយមិនបញ្ចេញឈ្មោះថា ក្រុមណាមួយព្យាយាមស្នើឱ្យជប៉ុនដាក់សម្ពាធកម្ពុជាពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស នឹងបរាជ័យយ៉ាង                 អាម៉ាស់។

សរសេរនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃម្សិលមិញ លោក ជិន ម៉ាលីន លើកឡើងថាឆ្លងតាមបទពិសោធន៍នៃការសិក្សា និងរស់នៅប្រទេសជប៉ុនជាច្រើនឆ្នាំកន្លងមក លោកសង្កេតឃើញថាជប៉ុនមានលក្ខណៈពិសេសពីរគួរឱ្យគត់សម្គាល់។ លោកបន្តថាទី១ ប្រជាជនជប៉ុនជាប្រជាជាតិដែលមានសីលធម៌ខ្ពស់ ចេះជួយយកអាសាគ្នា និងគោរពឱ្យតម្លៃគ្នាទៅវិញទៅមក។ ដោយឡែកទី២លោកថា រដ្ឋាភិបាលជប៉ុនមានគោលនយោបាយការបរទេសជួយដល់ប្រទេសដ៏ទៃដោយផ្តោតលើការអភិវឌ្ឍន៍ជាធំ គោរពនូវអធិបតេយ្យភាព និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃឡើយ។

លក្ខណៈពិសេសពីរសំខាន់នេះហើយ ដែលលោកជិន ម៉ាលីន ហ៊ានអះអាងថា ការដែលក្រុមណាមួយព្យាយាមស្នើសុំឱ្យជប៉ុនដាក់សម្ពាធ និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដែលជារដ្ឋអធិបតេយ្យ នឹងច្បាស់ជាទទួលរងនូវភាពបរាជ័យយ៉ាងអាម៉ាស់ជាមិនខាន។

ការលើកឡើងដោយមិនបញ្ចេញចំឈ្មោះរបស់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលនេះ ក្រោយពេលអង្គការឃ្លាំមើលសិទ្ធិមនុស្សHuman Rights Watch បានផ្ញើទៅប្រមុខការទូតជប៉ុនលោក ម៉ូតេហ្គី តូស៊ីមីត្សឹ ដោយជំរុញឱ្យលោក លើកយកបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យមកជជែកជាមួយកម្ពុជាអំឡុងដំណើរទស្សនៈកិច្ចរបស់លោកមកកាន់កម្ពុជានៅចុងសប្ដាហ៍នេះ។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាឱ្យដឹងដែរថា ក្នុងដំណើរទស្សនកិច្ចនោះ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ មកកម្ពុជា លោកគ្រោងជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុនផងដែរ។

យ៉ាងនេះក្តី កាលពីថ្ងៃពុធ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានផ្ញើលិខិតទៅប្រមុខការទូតជប៉ុន អំពីបញ្ហាសំខាន់ៗ ដែលលោកគប្បីលើកមកជជែកគ្នាជាមួយ ថ្នាក់ដឹកនាំកម្ពុជា ពិសេសបញ្ហាប្រឈមមុខនៃវិបត្តិសិទ្ធិមនុស្ស ការបង្ក្រាបសកម្មជនសិទ្ធិមនុស្ស និងបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ព្រមទាំងការធ្វើទុកបុកម្នេញលើអតីតមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិ ពិសេសការរំលាយចោលគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៧ជាដើម។

កាលពីខែមិថុនា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសហើយថា លោកនឹងប្រើយុទ្ធសាស្ត្រកាត់ក្បាល និងបំបែកដងខ្លួនគណបក្សសង្រ្គោះជាតិឱ្យរលាយសាបសូន្យ ប្រសិនបើពួកគេហ៊ានយកឱកាសនៃវិបត្តិកូវីដ១៩ ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោក។

ក្រោយសារព្រមានរបស់បុរសខ្លាំងមិនបានប៉ុន្មាន សកម្មភាពចាប់ខ្លួនអតីតមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិក៏កើតមានឡើងជាបន្តបន្ទាប់ ខណៈដែលសំណុំរឿងខ្លះជាសំណុំរឿងចាស់ក្តី។

ការតាមកម្ចេចគណបក្សប្រឆាំងឥតឈប់ឈរនេះ ត្រូវបានក្រុមអ្នកតាមដានសង្គមនិយាយថា នឹងមិនមានប្រយោជន៍អ្វីសោះឡើយដល់ជាតិ ប៉ុន្តែជាការបង្ហាញពីភាពបែកបាក់ជាតិកាន់តែខ្លាំង និងជាការដើរផ្ទុយពីគោលការណ៍ប្រាថ្នាចង់ឱ្យមានការរួមរស់ នៅក្នុងភាពសុខដុមរមនាក្នុងសង្គមជាតិជាមួយគ្នា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស