ក្រសួងសុខាភិបាលបានអះអាងថា អ្នកជំងឺកូវីដ១៩ ចំនួន៦ នាក់បន្ថែមទៀតត្រូវបានព្យាបាលឱ្យជាសះស្បើយ និងអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ត្រឡប់ទៅផ្ទះវិញនៅថ្ងៃសុក្រនេះ។
ក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២១ខែសីហា ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ចំនួន៦នាក់ បានជាសះស្បើយ និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយពេលលទ្ធផលធ្វើតេស្តពួកគេគឺអវិជ្ជមានចំនួន២លើក។
ក្រសួងបន្តថា អ្នកទាំង៦នាក់នោះ គឺជាជនជាតិខ្មែរដែលទើបត្រឡប់មកពីក្រៅប្រទេស ដោយ៤នាក់នៅខេត្តត្បូងឃ្មុំ និង២នាក់ទៀតនៅរាជធានីភ្នំពេញ។ នៅថ្ងៃសុក្រនេះដែរ ក្រសួងអះអាងថា មិនមានករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីទៀតនោះឡើយ។
ប្រភពដដែលបញ្ជាក់ថា គិតត្រឹម ថ្ងៃទី២១ ខែសីហា កម្ពុជាបានរកឃើញអ្នកកើតជំងឺកូវីដ១៩ សរុបចំនួន ២៧៣នាក់ ដោយក្នុងនោះស្រី្តមានចំនួន ៥៤នាក់ និងបុរស ២១៩នាក់។
ដោយឡែក អ្នកជំងឺដែលត្រូវបានព្យាបាលជាសះស្បើយសរុបចំនួន២៥៩នាក់ និង អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ និងក្នុងស្ថានទូតអាមេរិក មានចំនួនសរុប១៤នាក់ទៀត៕