ព័ត៌មានជាតិ

លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន៤គ្រឿងទៀត ដើម្បីជួយស្វែងរកបុរសអ្នកនេសាទម្នាក់ កំពុងបាត់ខ្លួនក្នុងលម្ហសមុទ្រ

By ឌឹ ខេមបូឌា ដេលី

August 26, 2020

ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ លោកឧកញ៉ា ទៀ វិចិត្រ បានអំពាវនាវ និងរំលឹកជាថ្មីទៀត ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាពិសេសប្រជានេសាទសមុទ្រ ឲ្យប្រយ័ត្នអំពីសុវត្ថិភាពក្នុងពេលធ្វើដំណើរទៅកម្សាន្តនៅតាមបណ្តាកោះនានា ជាពិសេសអ្នកធ្វើរបរនេសាទ ព្រោះអំឡុងពេលនេះ នៅលើលម្ហសមុទ្រ ឬផ្ទៃសមុទ្រ អាកាសធាតុបន្តមានភ្លៀងធ្លាក់ ខ្យល់បោកបក់ និងមានរលកសមុទ្រធំៗ មិនទាន់ស្ងប់នៅឡើយទេ គិតមកត្រឹមថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០នេះ។

សារអំពាវនាវ របស់ប្រធានសមាគមជលយានខាងលើនេះ  បានកើតឡើងជាថ្មីទៀត បន្ទាប់ពីរូបលោក ទទួលបានព័ត៌មានមកថា មានប្រជានេសាទសមុទ្រម្នាក់ ឈ្មោះ ឈឹម ឆេង ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅបច្ចុប្បន្ន រស់នៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ បានធ្លាក់ចូលទៅក្នុងទឹកសមុទ្រ បាត់ខ្លួនកាលពីយប់ថ្ងៃទី២០ ខែសីហា ហើយរហូតមកដល់រសៀលថ្ងៃចន្ទ ទី២៤ ខែសីហានេះ នៅពុំទាន់រកឃើញជនរងគ្រោះនៅឡើយទេ។

គេហទំព័រក្នុងស្រុកឈ្មោះ “កម្ពុជាថ្ងៃនេះ” បានដកស្រង់សម្តីលោកឧកញ៉ា ទៀ វិចិត្រ  ដែលជាប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូតកម្ពុជា (G.T.V.C, SPEED BOAT CAMBODIA) ចុះផ្សាយនៅថ្ងៃច័ន្ទនេះថា លោកបានបញ្ជូនបុគ្គលិកជំនាញ អមដោយអូប័រល្បឿនលឿន០៤គ្រឿង សហការជាមួយកងកម្លាំងសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋានខេត្តព្រះសីហនុ និងសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធដ៏ទៃទៀត ដើម្បីចុះជួយស្វែងរកបុរសរងគ្រោះម្នាក់ ដែលកំពុងបាត់ខ្លួន នៅក្នុងសមុទ្រទឹកជ្រៅ ក្នុងអំឡុងពេលរូបគាត់ចេញទៅធ្វើរបរនេសាទ នៅលើលម្ហសមុទ្រខាងក្រៅកោះរ៉ុង ហើយបាត់ខ្លួន កាលពីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០  រហូតមកដល់ពេលនេះ មិនទាន់រកឃើញទេ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈឹម ឆេង ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ  បានធ្លាក់ចូលក្នុងទឹកសមុទ្រ បាត់ខ្លួន  កាលពីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅចំណុច ខាងត្បូងឈៀងខាងលិច ពយភ្លើងស៊ីញ៉ូ (កោះរ៉ុងសន្លឹម) នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹមក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

សាក្សីអ្នករួមដំណើរជាមួយបុរសរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ឃើញបុរសរងគ្រោះរូបនេះ បានលោតចេញពីទូក ពេលបោះយុថ្កា រៀបចំដាំបាយចំអិនម្ហូបសម្រាប់ទទួលទានដូចរាល់ដង ហើយក៏បានបាត់ខ្លួនរហូត ដោយមិនឃើញជនរងគ្រោះឡើងពីទឹកសមុទ្រមកលើទូកវិញទេ។

ចំពោះករណីនេះ សមត្ថកិច្ចស្ថាប័នជំនាញ ក៏កំពុងបន្តរួមសហការគ្នាចុះស្រាវជ្រាវ ដើម្បីស្វែងរកបុរសរងគ្រោះខាងលើ ដោយយកចិត្តទុកដាក់ ប៉ុន្តែមិនទាន់ទទួលបានដំណឹងអ្វីនោះទេ គិតត្រឹមរសៀលថ្ងៃច័ន្ទដើមសប្តាហ៍នេះ។

ចំណែក លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) នៅព្រឹកថ្ងៃចន្ទនេះ ក៏បានចុះពិនិត្យផ្ទាល់ និងបានបែងចែកក្រុមអូប័រល្បឿនលឿនជា ០៤គោលដៅផ្សេងគ្នា ដើម្បីស្វែងរកជនរងគ្រោះជាបន្តទៀតនៅលើលម្ហសមុទ្ររួមមាន៖ គោលដៅទី១ កោះរ៉ុង គោលដៅទី២ កោះរ៉ុងសន្លឹម គោលដៅទី៣ កោះថាស កោះពស់គោលដៅទី៤ តាមអូឈើទាល រហូតដល់មកោះស្រមោច 

យ៉ាងនេះក្តី គេនៅមិនទាន់ដឹងពីជោគវាសនា របស់ជនរងគ្រោះឈ្មោះ ឈឹម ឆេង ថានឹងអាចនៅមានជីវិត ឬបែបណានៅឡើយទេ គិតត្រឹមរសៀលថ្ងៃចន្ទ ទី២៤ ខែសីហានេះ៕