34.8 C
Phnom Penh

សកម្មជនការពារបរិស្ថានបាននាំគ្នាធ្វើយុទ្ធការបំបួសដើមឈើ និងវៃផ្លាកការពារព្រៃឈើនៅតំបន់ជួរភ្នំក្រវាញភាគកណ្តាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមយុវជនដែលមានគ្នាចំនួន៣៤នាក់បាននាំគ្នាធ្វើយុទ្ធការបំបួសដើមឈើ និងវៃផ្លាកការពារព្រៃឈើនៅតំបន់ជួរភ្នំក្រវាញភាគកណ្តាល កាលពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែសីហា ម្សិលម៉ិញនេះ។

យុទ្ធនាការនេះធ្វើឡើងដោយការធ្វើដំណើរថ្មើរជើងឡើងភ្នំអស់រយៈពេល២យប់៣ថ្ងៃ ក្នុងចម្ងាយប្រមាណ៤២គីឡូម៉ែត្រ បំណងបំពាក់ផ្លាកនៅតាមដើមឈើដោយមានសរសេរសារសំខាន់ៗមួយចំនួនដូចជា «យើងរួមគ្នាការពារសម្បត្តិមរតកជាតិយើងទាំងអស់គ្នា» «សូមចូលរួមថែរក្សាមរតកធម្មជាតិ របស់យើងទាំងអស់គ្នា» «មានព្រៃឈើមានជីវិត ចូរកុំភ្លេចជួយថែរក្សា» «យើងត្រូវប្រើប្រាស់ធនធាន ធម្មជាតិប្រកបដោយ និរន្តរភាពនៃបរិស្ថាន» «អ្នក និង ខ្ញុំមិនអាចខ្វះធនធានធម្មជាតិ» «ព្រៃឈើអាចរស់ដោយគ្មានយើង តែយើងមិនអាចរស់ដោយគ្មានព្រៃឈើទេ» «ស្រលាញ់ព្រៃឈើដូចស្រលាញ់ជីវិតរបស់អ្នក» «ស្រលាញ់ធម្មជាតិគឺស្រលាញ់ជាតិ» «បើស្រលាញ់បរិស្ថាន សូមទុកដាក់សម្រាមអោយដូចទូរស័ព្ទក្នុងដៃរបស់លោកអ្នក» «មនុស្សជាកម្មសិទ្ធរបស់ធម្មជាតិ តែធម្មជាតិមិនមែនជាកម្មសិទ្ធរបស់មនុស្សទេ» «ការពារព្រៃឈើដូចការពារជីវិតខ្លួនឯង» «ឈប់កាប់ព្រៃឈើស្មើនឹងឈប់ចិញ្ចឹមជនក្បត់» «កាប់ព្រៃឈើបម្រើអ្នកមានពេលព្រៃហោចហិនយើងជាអ្នករងគ្រោះ»។
សកម្មជនការពារព្រៃឈើដ៏សកម្មម្នាក់ គឺលោក ហេង ស្រស់ បានលើកឡើងថា នៅតំបន់ជួរភ្នំក្រវាញ ជាព្រៃឈើដែលសំបូរទៅឈើមានតម្លៃជាច្រើន ក្នុងនោះលោកក៏មានការព្រួយបារម្មណ៍ខ្លះដែរក្រោយពីឃើញមានការបាញ់ថ្នាំព័ទ្ធយកដើមស្រល់នៅលើខ្នងភ្នំ ក្រពើមួយចំនួន។ លោកបន្តទៀតថា តាមសម្ដីរបស់អ្នកភូមិ បានប្រាប់ថា មានក្រុមហ៊ុនចិនមួយដែលមិនស្គាល់ឈ្មោះ ព្យាយាមឲ្យអ្នកភូមិដើរប្រមូលជ័រស្រល់លក់ទៅឲ្យខ្លួន តែក្រោយមកក៏ត្រូវបានបដិសេធន៍ពីប្រជាពលរដ្ឋ ។

ព្រៃនៅជួរភ្នំក្រវាញគ្របដណ្ដប់កំពូលភ្នំដែលខ្ពស់ជាងគេនៅកម្ពុជាដូចជាភ្នំឳរ៉ាល់ដែលមានកម្ពស់រហូតដល់១ពាន់ ៨១៣ម៉ែត្រ។ ព្រៃទាំងនេះមានទំហំជិត២ម៉ឺនគីឡូម៉ែត្រការ៉េ គឺជាទំហំព្រៃដែលធំជាងគេនៅអាស៊ីអាគ្នេយ៍ និងជាកន្លែងចុងក្រោយបំផុតនៃតំបន់សម្បូរជីវៈចម្រុះឥណ្ឌូ-ភូមា។ ព្រៃនៅជួរភ្នំក្រវាញត្រូវគេចាត់ទុកជាតំបន់មួយក្នុងចំណោមតំបន់សម្បូរជីវៈចម្រុះទាំង៣៥នៅលើភពផែនដី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស