កំលាំងអាជ្ញាធរទីក្រុងភ្នំពេញបាននាំគ្នារារាំងមិនឲ្យសាច់ញាតិរបស់លោក រ៉ុង ឈុន តំណាងអង្គការសមាគមន៍នានា សម្ព័ន្ធសហជីព បណ្តាញយុវជន និងបណ្តាញគ្រួបង្រៀនដង្ហែរញ្ញតិទៅកាន់ស្ថានទូតនានាដើម្បីសុំអន្តរាគមន៍ឲ្យមានការដោះលែងលោក រ៉ុង ឈុន ក្រោមលេសថាធ្វើឲ្យខូចសណ្តាប់ធ្នាប់សង្គមនៅថ្ងៃទី២៤ ខែសីហា ។
លោក ឯម ប៊ុណ្ណារិទ្ធ ក្មួយប្រុសលោក រ៉ុង ឈុន បានដឹកនាំនិស្សិតបញ្ញាវន្ត បណ្តាញយុវជន ពលរដ្ឋ កម្មករ ដង្ហែរញ្ញតិដាក់ជូនការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា(UNHCR)កាលពីព្រឹកម៉ិញនេះ ដើម្បីស្នើរសុំជួយអន្តរាគមន៍ឲ្យមានការដោះលែងលោក រ៉ុង ឈុន ឲ្យមានសេរីភាពឡើងវិញ។
ជាងនេះទៀតពួកគេស្នើសុំឲ្យឧត្តមស្នងការអង្គការសហប្រជាជាតិជួយក្រើនរំលឹកដាស់តឿនរដ្ឋាភិបាលលោក ហ៊ុន សែន ងាកមករកគន្លងលទ្ធិប្រជាធិបតេយ្យ និងគោរពគោលការណ៍សិទ្ធិមនុស្ស។
តំណាងគ្រូបង្រៀនអះអាងថាតំណាងឧត្តមស្នងការអង្គការសហប្រជាជាតិបានទទួលយកញ្ញតិដោយផ្ទាល់ ហើយពួកគេសន្យាថានឹងជួយអន្តរាគមន៍លើការចាប់ខ្លួនលោក រ៉ុង ឈុន ឲ្យអស់ពីសមត្ថភាពតាមផ្លូវច្បាប់ដើម្បីរកយុតិធម៌ជូនលោក។
ញ្ញតិទាំងនោះមិនមែនត្រឹមតែដាក់ជូនឧត្តមស្នងការអង្គការសហប្រជាជាតិតែប៉ុណ្ណោះទេ ពួកគេមានគម្រោងដាក់ជូនស្ថានទូតនានានៅកម្ពុជាដើម្បីឲ្យជួយអន្តរាគមន៍លើករណីលោក រ៉ុង ឈុន នេះថែមទៀត តែត្រូវអាជ្ញាធរខ័ណ្ឌមានជ័យរារាំងមិនអនុញ្ញាតិឲ្យពួកគេបន្តដង្ហែរញ្ញតិរបស់ពួកគេទៅកាន់ស្ថានទូតជប៉ុនបន្តទៀតនោះទេ។
លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ទាំងគ្មានដីកាតុលាការដោយចោទពីបទ ញុះញង់បង្ករឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ការឃាត់ខ្លួននេះធ្វើឡើងក្រោយពេលដែលលោកបានចុះទៅប្រមូលភស្តុតាងពីភាពមិនប្រក្រតីព្រំដែនកម្ពុជា-វៀតណាម ត្រង់ចំនុចបង្គោលលេខ ១១៤ ដល់ ១១៩ តាមការស្នើររបស់ពលរដ្ឋក្នុងឃុំ ត្រពាំងផ្លុង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំដែលពួកគេបានអះអាងថាយោធាវៀតណាម បានរំលោភដីធ្លីរាប់រយហិកតា បណ្តាលឲ្យពួកគេបាត់បង់ដីស្រែចម្ការដែលជាទឹកដីកំណើតពីដូនតារបស់ខ្លួន។ ក្រោយការចាប់ខ្លួនលោក រ៉ុង ឈុន អាជ្ញាធរក្រុងភ្នំពេញបានចាប់ខ្លួនអ្នកតវ៉ាទាមទារឲ្យមានការដោះលែងរូបលោកជាបន្តបន្ទាប់បន្ថែមទៀត រួមមានក្រុមយុវជនខ្មែរថាវរៈ និងលោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះក្រោមបទចោទ ញុះញង់បង្ករឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
កាលពីថ្ងៃទី១៦ សីហា កន្លងទៅនេះលោក ហ៊ុន សែន បានសារភាពថាការចាប់ខ្លួនក្រុមអ្នកតវ៉ារឿងព្រំដែនគឺធ្វើតាមបញ្ជាររបស់លោកតែប៉ុណ្ណោះ លោករំលឹកថាការចាប់ខ្លួនលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភា និងលោក អ៊ំ សំអាន សមាជិកតំណាងរាស្ត្រអតីតគណបក្សង្គ្រោះជាតិក៏ធ្វើឡើងក្រោមការបញ្ជារដោយផ្ទាល់ពីរូបលោកផងដែរ ហើយលោកគម្រាមថាមិនត្រូវឲ្យមានអ្នកតវ៉ារឿងព្រំដែននេះបន្តទៀតជាដាច់ខាត។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាក្នុងកថាខណ្ឌទី១ មាត្រា៤១ ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងការជួបជុំ និងរំលោភលើសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សមាត្រា ១៩ ចែងថា មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការមានមតិ និងការសម្តែងមតិរបស់ខ្លួន។
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២១ ខែសីហា ទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវតែដោះលែងអ្នកទោសមនសិការពីពន្ធនាគារ ដូចជាលោក រ៉ុង ឈុន, យុវជន ហ៊ុន វណ្ណៈ, យុវតី ឈឿន ដារ៉ាវី, កញ្ញា ស កន្និកា, លោក សួង សុភ័ណ្ឌ និងអ្នកផ្សេងទៀតជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ដោយសារការចាប់ខ្លួនអ្នកទាំងនេះធ្វើឡើងផ្ទុយពីស្មារតីនៃរដ្ឋធម្មនុញ្ញ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងកតិការសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ៕