ជប៉ុន បានអះអាងប្តេជ្ញាជួយ និងគាំទ្រកម្ពុជាក្នុងការជំរុញដំណើរការលទ្ធិប្រជាធិបតេយ្យ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា។ លើសពីនេះ ប្រទេសមហាអំណាចលោកសេរី ក្នុងតំបន់អាស៊ីមួយនេះ នឹងបន្តជួយគាំទ្រដល់ការអភិវឌ្ឍន៍គ្រប់វិស័យនៅកម្ពុជា ពិសេសជំរុញការវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ បានឱ្យដឹងថា ការប្តេជ្ញាទាំងនេះ គឺធ្វើឡើងនៅក្នុងដំណើរទស្សកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុនលោក ម៉ូតេហ្គី តូស៊ីមីត្សឹ (MOTEGI Toshimitsu) នៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់២២សីហា។
ក្នុងដំណើរទេស្សនៈកិច្ចនេះ ដោយលោកបានជួបទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងជួបឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន ហើយក៏មានជំនួបក្រៅផ្លូវការជាមួយប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា ទៀតផង។
ក្រសួងការបរទេសកម្ពុជា លើកឡើងថា លទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក ម៉ូតេហ្គី តូស៊ីមីត្សឹ (MOTEGI Toshimitsu) នៅកម្ពុជា ភាគីជប៉ុន បានសាទរកម្ពុជា ចំពោះការរីកចម្រើនយ៉ាងខ្លាំងក្លាផ្នែកសេដ្ឋកិច្ចក្នុងរយៈពេលកន្លងមក ជាពិសេសគឺការទប់ស្កាត់បានយ៉ាងល្អ នៃការរាលដាលជំងឺកូវីដ-១៩។ ដោយឡែកភាគី កម្ពុជា ក៏ថ្លែងការដឹងគុណដល់ជប៉ុន ដែលបានចូលរួមដល់ការអភិវឌ្ឍន៍នៅកម្ពុជា ក៏ដូចជាបានផ្តល់ជំនួយដល់កម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការបានជួយឧបត្ថម្ភដល់ពលរដ្ឋ ខ្មែរអំឡុងវិបត្តិសុខភាពជាសកលនេះ និងការជួយជ្រោមជ្រែងកម្ពុជាកន្លងមក ។
កម្ពុជា-ជប៉ុន បានពិភាក្សាគ្នា ពីដំណើរអនុវត្តគម្រោងសំខាន់ៗនៅកម្ពុជា រួមមានគម្រោងអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ ផែកុងតឺន័រថ្មីនៅក្រុងព្រះសីហនុ និងផ្លូវជាតិលេខ៥ ដែលនឹងរួមចំណែកដល់ការពង្រីកសកម្មភាពវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ បន្ថែមពីនេះ ភាគីទាំងពីរ ក៏បានសម្តែងសេចក្តីប្រាថ្នារួមក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ សុខាភិបាល អប់រំ និងវប្បធម៌។
ប្រភពដដែលបន្តថា ភាគីទាំងពីរបាន ប្តេជ្ញាចិត្តជាមួយគ្នាថា នឹងបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩ ស្របគ្នានឹងការស្តារសេដ្ឋកិច្ច សង្គមឡើងវិញ។ លើសពីនេះ ភាគីទាំងពីរ បញ្ជាក់ថា ភាគីទាំងពីរបានឯកភាពគ្នា បើក ដំណើរការឱ្យមានការឆ្លងដែនរវាងពលរដ្ឋកម្ពុជា-ជប៉ុន ជាដំណាក់កាលៗ។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែលលើកឡើងថា ជាការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការបន្តគាំទ្រកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា លើជំហាននៃគន្លងលទ្ធិប្រជាធិបតេយ្យ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ។
កាលពីថ្ងៃសុក្រ មុនការមកដល់របស់រដ្ឋមន្ត្រីក្រសួងការបរទេស លោក ម៉ូតេហ្គី តូស៊ីមីត្សឹ ស្ថានទូតជប៉ុនក៏បានបង្ហោះសាររបស់លោក នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយរដ្ឋមន្ត្រីរូបនេះ បានអះអាងថាជប៉ុននឹងបន្តផ្តល់ការគាំទ្រដើម្បីឱ្យប្រទេសកម្ពុជាអាចដើរលើមាគ៌ាសំដៅទៅរកទិសដៅនៃការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ ដោយបញ្ចូលកម្លាំងយុវជនជំនាន់ថ្មីជាសសរទ្រូង ប្រៀបដូចកំពូលប្រសាទអង្គវត្ត ឬ អង្គរធំ ដែលទ្រដោយដុំថ្មដ៏រឹងមាំធំៗ ។
អ្នកវិភាគនយោបាយនៅក្រៅប្រទេស លោក គឹម សុខ លើកឡើងថា ជំហរបែបនេះ បង្ហាញថាជប៉ុនផ្តល់តម្លៃដល់អ្នកជំនាន់ក្រោយ លើនយោបាយអភិវឌ្ឍន៍ជាតិតាមបែបលទ្ធិប្រជាធិបតេយ្យ ដែលលោកហ៊ុន សែន គួរតែចេះខ្មាសអៀនចំពោះជំហរការទូតដ៏ទន់ភ្លន់របស់ជប៉ុននេះផងដែរ៕