31 C
Phnom Penh

លោក ហ៊ុន សែន ប្រាប់ឱ្យមេដឹកនាំក្នុងតំបន់ឱ្យដោះស្រាយបញ្ហាទឹកទន្លេមេគង្គ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់មេដឹកនាំចិន និងមេដឹកនាំតាមដងទន្លេមេគង្គ ថា ការស្រុះស្រួលគ្នាដើម្បីរកដំណោះស្រាយទឹកទន្លេមេគង្គរួមគ្នា គឺជាជោគជ័យនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

វេទិកាអន្តរជាតិមេគង្គ-ឡានឆាង គឺជាជំនួបកំពូលនៃមេដឹកនាំបណ្ដាប្រទេសចំនួន៦ ស្ថិតនៅក្នុងតំបន់ទន្លេមេគង្គ ដូចជា ប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ វៀតណាម និង កម្ពុជា ។

ក្នុងបទអន្តរាគមន៍ របស់លោក ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៣នៅថ្ងៃទី២៤ខែសីហា ក្រោមមូលបទ«ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម» ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ លោកបានលើកឡើងថា ការរួមគ្នាដោះស្រាយបញ្ហារសើបនៃការគ្រប់គ្រងទឹកទន្លេមេគង្គ ឬ ហៅថាទឹកឆ្លងដែន គឺជាជោគជ័យដ៏សំខាន់បំផុតមួយទៀតនៃកិច្ចសហប្រតិបត្តិការនេះ។

យ៉ាងនេះក្តី តាមរយៈអ្នកបកប្រែក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងនោះ នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង បានបង្ហាញការប្តេជ្ញាចិត្តថាចិន នឹងផ្តល់កិច្ចសហការ និងចែករំលែកនូវព័ត៌មានជាក់លាក់ទាំងឡាយក្នុងការគ្រប់គ្រងទឹក ដើម្បីដោះស្រាយការប្រែប្រួលទឹកក្នុងអាងទន្លេមេគង្គ ដែលជាក្តីបារម្ភមួយរបស់ប្រទេសក្នុងតំបន់ទន្លេមេគង្គនាពេលបច្ចុប្បន្ន។

លោកបន្តថា ភាគីចិននឹងខិតខំបន្ថែមទៀតក្នុងការបញ្ចេញទឹកក្នុងរដូវប្រាំងដល់អ្នកនៅខាងក្រោមទន្លេមេគង្គ ដើម្បីដោះស្រាយបញ្ហារាំងស្ងួត ដោយលោកថា កិច្ចសហការក្នុងវិស័យធនធានទឹកនេះជាស្នូលនៃកិច្ចសហប្រតិបត្តិការនៃយន្តការនេះទៀតផងដែរ។

មេគង្គ-ឡានឆាង មានផ្ទៃទន្លេសរុបប្រវែងប្រមាណ ជិត៥ពាន់គីឡូម៉ែត្រ(៤,៨៨០)ដែលហូរកាត់ប្រទេសចំនួន៦ គឺប្រទេសមហាអំណាចចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម ដោយមានផ្ទៃស្ដុកទឹកប្រមាណជិត៨សែនគីឡូម៉ែត្រការ៉េ( ៧៩៥,០០០) ហើយបានផ្តល់ប្រយោជន៍ផ្គត់ផ្គង់ប្រជាជនជាង៣រយលាននាក់( ៣២៦) នៅក្នុងអនុតំបន់មេគង្គ-ឡានឆាងនេះ។

នៅក្នុងឆ្នាំ២០២០នេះ កម្រិតទឹកក្នុងអាងទន្លេមេគង្គមានបម្រែបម្រួលយ៉ាងខ្លាំង ដែលមិនធ្លាប់មានពីមុនមក ពោលគឺកម្រិតទឹកក្នុងអាងទន្លេមេគង្គមានកម្រិតកាន់តែទាបទៅៗ។ ការប្រែប្រួលកម្រិតទឹកនេះ បាននាំឱ្យការបារម្ភខ្លាំងដល់ការប៉ះពាល់ធនធានជលផល និងការខ្វះទឹកសម្រាប់បង្កបង្កើនផលនៅប្រទេសទន្លេមេគង្គក្រោមដូចជាកម្ពុជា និងវៀតណាម។

បញ្ហានេះ ក៏មានការលើកឡើងច្រើនពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ ហើយក៏មានការលើកឡើងពីទំនប់វារីអគ្គិសនីពីសំណាក់ប្រទេសផ្នែកខាងលើរួមមានប្រទេសមហាអំណាចចិន ហើយផ្នែកខាងក្រោមគឺប្រទេសឡាវជាច្រើនកន្លែង។

យ៉ាងនេះក្តី អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានអះអាងកាលពីសប្តាហ៍មុន តាមការលើកឡើងរបស់អ្នកជំនាញថាការប្រែប្រួលរបបទឹកទន្លេមេគង្គ កត្តាចម្បងបំផុត ពុំមែន ដោយសារ តែទំនប់វារីអគ្គិសនីនោះឡើយ ប៉ុន្តែនៅឆ្នាំ២០១៩ និង២០២០ តំបន់នេះទាំងមូលទទួលរងបាតុភូតអែលនីញ៉ូ ដែលនាំឱ្យមានភាពរាំងស្ងួតខ្លាំង ដែលជាហេតុរបបទឹកអាងទន្លេមេគង្គមានការប្រែប្រួល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស