29.3 C
Phnom Penh

លោកហ៊ុន សែន បញ្ជាឱ្យលោកវ៉ា គឹមហុង ចុះពិនិត្យមើលព្រំដែនក្នុងខេត្តត្បូងឃ្មុំតំបន់ដែលពលរដ្ឋអះអាងថាបាត់ដី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចុះទៅជួបពលរដ្ឋមួយចំនួន ដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ ក្រោយពេលបោះបង្គោលជាមួយភាគីវៀតណាមរួចកាលពីពេលកន្លងមក។

ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លោក ពេជ្រ ស្រស់ បានអះអាងនៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃអង្គារ៍នេះថា  ប្រមុខដឹកនាំរដ្ឋាភិបាលលោកហ៊ុន សែន បានបញ្ជាឲ្យឯកឧត្តម វ៉ា គឹមហុង ចុះទៅជួបពលរដ្ឋ ដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ ក្រោយបោះបង្គោលព្រំដែនរួច ហើយលោកនឹងរួមដំណើរជាមួយលោក វ៉ា គឹមហុង ទៅតំបន់ជម្លោះនោះទៀតផង។

លោកបន្តថា  បទបញ្ជារបស់ លោកហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីបូកសរុបការងារឆមាសទី៤ ដែលធ្វើឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែសីហា ហើយបញ្ជានេះ ក៏ធ្វើឡើងតាមសំណួររបស់លោក ដែលបានសួរទៅកាន់នាយករដ្ឋមន្រ្តីផងដែរ។

លើសពីនេះ លោកហ៊ុន សែន ក៏បានណែនាំឱ្យរដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រីរៀបចំសិក្ខាសាលា ឱ្យពលរដ្ឋ សិស្ស និស្សិត បានចូលស្តាប់ និងសួរអំពីបញ្ហាព្រំដែនផងដែរ។

ការលើកឡើងអំពីបញ្ហាព្រំដែនជាមួយប្រទេសជិតខាងនេះ បានកើតឡើងផុសផុល និងក្លាយជាបញ្ហារសើបឡើងវិញ ក្រោយពេលភាគីទាហានវៀតណាមបានបោះតង់នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ចំនួនជិត៣រយទីតាំង ពិសេសនៅតំបន់មិនទាន់ឯកភាពគ្នា ក្រោមហេតុផលថាដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

បន្ថែមពីនេះ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យហៅកាត់ថា SMD ដែលជាស្ថាប័នមួយទើបនឹងរៀបចំរចនាសម្ព័ន្ធនិងដាក់ឱ្យដំណើរការឡើងវិញ ដោយមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍ម្តងហើយម្តងទៀត ថ្កោលទោសភាគីវៀតណាមដែលបោះតង់រំលោភលើអធិបតេយ្យភាពរបស់កម្ពុជា។

ជាងនេះទៀត  SMD ក៏បានជំរុញឱ្យរដ្ឋាភិបាល លោកហ៊ុន សែន ប្រើប្រាស់យន្តការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម និងដាក់ពាក្យប្តឹងទៅតុលាការអន្តរជាតិដើម្បីទាមទារយកដែនកោះកម្ពុជា រួមមានកោះត្រល់ កោះក្រចកសេះ និងដែនកោះមួយចំនួនទៀត ដែលវៀតណាមគ្រប់គ្រងនាពេលបច្ចុប្បន្ន។

ជាមួយគ្នានេះ ព្រឹត្តិការណ៍នៃការដោះដូរផែនទី ដោយបម្លែងពីខ្នាត១លើ១ពាន់ មកជាខ្នាត១លើ ២៥ពាន់ ពីសំណាក់ថ្នាក់ដឹកនាំកម្ពុជានិង វៀតណាម កាលពីពេលថ្មីៗនេះ ក្រុមចលនានិស្សិត ក៏បានថ្កោលទោសដាច់អហង្ការ ដោយថាជាការធ្វើឡើងដើម្បីបំពេញចិត្តវៀតណាម និងផ្តល់ផលចំណេញទៅមហាមិត្តម៉ឺនឆ្នាំនេះ ហើយកម្ពុជាជាអ្នកខាតបង់យ៉ាងពិតប្រាកដ។

បញ្ហាព្រំដែនបានកក្រើកឡើង ក្រោយពេលរដ្ឋាភិបាលលោកហ៊ុន សែន បានចាប់ខ្លួនប្រធានសហភាពសហជីពកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ក្រោយពេលលោកបានលើកឡើងពីបញ្ហា បាត់ដី របស់ពលរដ្ឋជាប់ព្រំដែនកម្ពុជា-វៀតណា នៅខេត្តត្បូងឃ្មុំ ។

ការចាប់ខ្លួនលោក រ៉ុង ឈុន មិនបានធ្វើឱ្យរឿងរ៉ាវស្ងប់ឡើយ ត្បិតយុវជន ពលរដ្ឋមួយចំនួនបានចេញតវ៉ាតាមដងផ្លូវ និងតាមបណ្តាញសង្គម ទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងអ្នកធ្វើការងារសង្គមរូបនេះជាបន្ទាន់ ប៉ុន្តែការតវ៉ាទាំងនោះ ក៏ឈានទៅចាប់ខ្លួនមនុស្សជិត១០នាក់បន្ថែមទៀតនិងបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ន រួមទាំងប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ បន្ទាប់ពីលោកបានបកស្រាយរឿងព្រំដែនក្នុងខេត្តត្បូងឃ្មុំ ជាទីកន្លែងដែលនាំឱ្យមានការចាប់ខ្លួនលោក រ៉ុង ឈុន នោះ។ ទាំងលោក រ៉ុង ឈុន និងអ្នកផ្សេងទៀត ត្រូវបានតុលាការបានចោទប្រកាន់ជុំវិញបទល្មើសប្រហាក់ប្រហែលគ្នា គឺពាក់ព័ន្ធបទញុះញង់ និងបង្កភាពវឹកវរដល់សង្គមជាតិ។

ទោះបីជាយ៉ាងនេះក្តី ទាំងអង្គការជាតិ និងអន្តរជាតិ បានហៅការចាប់ខ្លួនពួកគេពេលនេះ ជាការបំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការធ្វើទុក្ខបុកម្នេញទៅលើក្រុមអ្នកហ៊ានរិះគន់ឥតស្រាកស្រាន្ត ដែលផ្ទុយពីគោលការជាតិ និងអន្តរជាតិ។

ក្រុមអង្គការទាំងនោះ បានទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ពិចារណាដោះលែងអ្នកជាប់ឃុំទាំងនេះ និងទម្លាក់ចោលរាល់ការចោទប្រកាន់ ទៅលើពួកគេផងដែរ។

ប៉ុន្តែសម្រាប់លោក ហ៊ុន សែន អះអាងកាលពីថ្ងៃទី ១៦ ខែសីហាថា ការចាប់ខ្លួនពួកគេដែលរិះគន់រឿងព្រំដែននេះ គឺដើម្បីទប់ស្កាត់ការបង្កផលប៉ះពាល់ដល់ទំនាក់ទំនង និងនាំឱ្យមានសង្គ្រាមជាមួយប្រទេសជិតខាងតែប៉ុណ្ណោះ។ លោក ក៏ថែមទាំងព្រមានចាប់ខ្លួនពលរដ្ឋបន្ថែមទៀត ប្រសិនបើពួកគេធ្វើការរិះគន់រឿងព្រំដែនជាមួយប្រទេសជិតខាងបន្តទៀតនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស