31 C
Phnom Penh

សង្គមស៊ីវិលចំនួន ៥០០ ស្ថាប័នទាមទារឲ្យរដ្ឋាភិបាលកែប្រែមាត្រាមួយចំនួននៃច្បាប់គ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមសង្គមស៊ីវិលក្នុងស្រុកបាននាំគ្នាជំទាស់ទៅនឹងច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ថាជាឧបសគ្គសម្រាប់ពួកក្នុងការសំដែងមតិ ការទាមទារសិទ្ធិសេរីភាព និងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ការជំទាស់នេះធ្វើឡើងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីវិសោធនកម្មច្បាប់ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ក្នុងសណ្ឌាគារសាន់វេ កណ្តាលទីក្រុងភ្នំពេញ ដែលមានតំណាងអង្គការក្រៅរដ្ឋាភិបាល និងសមាគមចំនួន៥០០ស្ថាប័នចូលរួម។

អង្គការទាំងនោះរួមមាន៖ គណកម្មាធិការប្រតិបត្តិការពារដើម្បីកម្ពុជា អង្គការគណកម្មាធិការជាតិដើម្បីការបោះឆ្នោតដោយសេរី និងយុតិធម៌នៅកម្ពុជា វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា សម្ព័ន្ធដៃគូរដើម្បីការអភិវឌ្ឍន៍បែបប្រជាធិបតេយ្យ និងអង្គការរាប់រយទៀត។

លោក យ៉ង់ គឹមអេង នាយកអង្គការ ភីឌីភី លើកឡើងថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលបានយល់ព្រមដាក់សំណើរដើម្បីឲ្យរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ឲ្យបានឆាប់ ត្បិតបញ្ញតិ និងមាត្រាមួយចំនួននៃច្បាប់នេះបានប៉ះពាល់ដោយផ្ទាល់មកលើការបំពេញការងាររបស់អង្គការសង្គមស៊ីវិល និងសមាគម ក្នុងការតស៊ូមតិ ការលើកកម្ពស់សិទ្ធិមនុស្ស តម្លាភាព និងគណនេយ្យភាពនៅក្នុងសង្គម។

លោកបញ្ជាក់ថា អង្គការសមាគម ក្នុងស្រុក និងអង្គការបរទេសដែលកំពុងប្រតិបត្តិការលើវិស័យផ្សេងៗគ្នាចំនួន ៥០០ ស្ថាប័ន និងអង្គការដៃគូរបាននាំគ្នាស្នើរសុំធ្វើវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់នេះ រួមមាន មាត្រា១ មាត្រា២ មាត្រា៧ និងមានត្រាចំនួន១២ទៀត។ ពួកគេនិយាយថាមាត្រាទាំងនោះហើយ គឺជាឧបសគ្គចំបងដល់លំហរសេរីភាពរបស់អង្គការ សង្គមស៊ីវិល និងដំណើរការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។

ច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល‍ ដែលមាន៩ជំពូក និង៣៩មាត្រា ត្រូវបានអនុម័តដោយរដ្ឋសភាជាតិ កាលពីខែកក្កដា ឆ្នាំ២០១៥។ ច្បាប់នេះបាននាំឲ្យមានការតវ៉ាជាខ្លាំងពីក្រុមសង្គមស៊ីវិលនិងសមាគមតាំងពី២០១៣។

កាលពីខែកញ្ញា ឆ្នាំ២០១៩ អង្គការសមាគមទាំងនោះ បានដាក់សំណើរទៅក្រសួងមហាផ្ទៃឲ្យធ្វើវិសោធនកម្ម ចំនួន ១៤ មាត្រានៃច្បាប់នេះ ដែលជាការរាំងស្ទះក្នុងការអនុវត្តសេរីភាពរបស់ពួកគេ។ ជាលទ្ធផលក្រុមអង្គការ សង្គមស៊ីវិលទាំងនោះបានជួបពិភាក្សាជាមួយក្រុមការងារក្រសួងមហាផ្ទៃចំនួន ៦លើក ប៉ុន្តែមកទល់នឹងពេលនេះ ពុំទាន់ដឹងពីលទ្ធផលយ៉ាងណានៅឡើយទេ។ រដ្ឋាភិបាលកម្ពុជាធ្លាប់លើកឡើងថា ច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះនឹងរារាំងអំពើភេរវកម្ម និងការលាងលុយកខ្វក់។

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ធ្លាប់ប្រាប់សារព័ត៌មានសំលេងសហរដ្ឋអាមេរិកថា(VOA)ថា ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមានចេតនាដាក់ឲ្យអង្គការសមាគមស្ថិតក្រោមចំណុះក្រសួងមហាផ្ទៃ ជាជាងកិច្ចសហការ។ លោក យ៉ង គឹមអេង អះអាងថាច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ គឺជាច្រកទ្វាររបស់សង្គមស៊ីវិលក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ និងក្លាយជាដៃគូរពិតប្រាកដជាមួយរាជរដ្ឋាភិបាល ប៉ុន្តែច្រកទ្វារមួយនេះធំ ឬតូច គឺវាអាស្រ័យទៅលើកិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងអង្គការសង្គមស៊ីវិល ដៃគូរអភិវឌ្ឍន៍ និងមា្ចស់ជំនួយនានាផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស