សមត្ថកិច្ច នៃស្នងការនគរបាលខេត្តព្រះសីហនុ និងបុគ្គលិកក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូត កម្ពុជា (G.T.V.C, Speed Boat Cambodia) របស់លោកឧកញ៉ា ទៀ វិចិត្រ បានស្វែងរកឃើញសពបុរសអ្នកនេសាទម្នាក់ ដែលបានបាត់ខ្លួនក្នុងសមុទ្រទឹកជ្រៅក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នោះឃើញហើយ គឺបានរសាត់ជិតដល់កោះត្រល់។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក បានសហការណ៍ជាមួយក្រុមហ៊ុនអូប័រល្បឿនលឿន G.T.V.C ចំនួន ០២គ្រឿង របស់លោកឧកញ៉ា ទៀ វិចិត្រ សម្រាប់ធ្វើជាមធ្យោបាយបានស្វែងរកសាកសពជនរងគ្រោះឈ្មោះ ឈឹម ឆេង ភេទប្រុស អាយុ៣១ឆ្នាំ ដែលបានធ្លាក់ចូលក្នុងសមុទ្រ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នោះឃើញហើយ នៅជិតវេលាថ្ងៃត្រង់ទី២៥ ខែសីហានេះ។
លោក ជួន ណារិន្ទ បន្តថា ក្រុមល្បាតលើលម្ហសមុទ្រ បានរកឃើញសាកសពបុរសរងគ្រោះ នៅម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ដោយក្រុមកាងារប្រទះឃើញសាកសពអណ្តែតទឹក មានសភាពហើមរលួយ។
សមត្ថកិច្ចបន្តថា ក្រោយរកឃើញសាកសព ក្រុមការងារ ក៏បានផ្តល់ដំណឹងដល់សាច់ញាតិសពបុរសរងគ្រោះ ឲ្យមកពិនិត្យ ហើយសាច់ញាតិជនរងគ្រោះ បានទទួលស្គាល់ថា ពិតជាសពបងប្រុសរបស់ខ្លួន ពិតមែន។
សមត្ថកិច្ចបញ្ជាក់ថា កម្លាំងនគរបាលជំនាញ និងបុគ្គលិកក្រុមហ៊ុន G.T.V.C បានរៀបចំ នាំយកសាកសព ដឹកឡើងមកលើគោកវិញ ដើម្បីឲ្យសមត្ថកិច្ចពិនិត្យតាមបច្ចេកទេស មុននឹងប្រគល់ជូនក្រុមគ្រួសារសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈឹម ឆេង ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ បានធ្លាក់ចូលក្នុងទឹកសមុទ្រ បាត់ខ្លួនកាលពីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅចំណុច ខាងត្បូងឈៀងខាងលិច ពយភ្លើងស៊ីញូ (កោះរ៉ុងសន្លឹម) នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ៕