29 C
Phnom Penh

ប្រមុខការទូតចិន-វៀតណាមជួបគ្នាអំពីជម្លោះដែនសមុទ្រក្នុងវត្តមានកងទ័ពអាមេរិកនៅសមុទ្រចិនខាងត្បូង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅទីបំផុតរដ្ឋន្ត្រីការបរទេសចិន លោក វ៉ាងយី បានសម្រេចធ្វើដំណើរមកជាន់ទឹកដីព្រំដែន ចិន -វៀតណាម ដែល ព្រំដែនគោកនេះហើយធ្លាប់ត្រូវកងទ័ពចិននាំទ័ពរាប់ម៉ឺននាក់ចូលលុកលុយ កាលពីសង្រ្គាមឆ្នាំ១៩៧៩ គឺភ្លាមៗបន្ទាប់រដ្ឋាភិបាលសង្គមនិយមវៀតណាមលើកទ័ពទៅ ផ្ដួលរំលំរបប កម្ពុជាប្រជាធិបតេយ្យនៃពួកឧទ្ទាមខ្មែរក្រហម។ របបអាវខ្មៅខ្មែរក្រហមដែលបក្សកុម្មនិស្តចិនគាំទ្រ បានឡើងកាន់កំណាចដោយចុងកាណុង នៅថ្ងៃទី១៧មេសា១៩៧៥។ 

គេហទ័ព China Military.com បានចុះផ្សាយនៅថ្ងៃទី២៥សីហានេះថា កាលពីថ្ងៃទី២៣សីហា រដ្ឋន្ត្រីការបរទេសចិន លោក វ៉ាងយី និងសមភាគី វៀតណាម Pham Binh Minh បានទៅទស្សនាខ្សែបន្ទាន់ព្រំដែន រួមនៃប្រទេសទាំងពីរ។ ក្នុងនោះ លោក វ៉ាងយីបានចូលរួមការរំលឹកខួប២០ឆ្នាំនៃការកំណត់ខ្សែបន្ទាត់ព្រំដែនគោកជាមួយវៀតណាម។

លោក វ៉ាងយីបានអញ្ជើញ សមាភាគីរបស់ ដែលជារដ្ឋមន្ត្រីការបរទេសវៀតណាម គឺលោក Pham Binh Minh មកទស្សនា ព្រំដែនរួម នៃប្រទេសទាំងពីរ នៅក្នុងតំបន់ព្រំដែន Dongxing នៃខេត្ត Guangxi Zhuang ប្រទេសចិន។ ក្នុងព្រឹត្តិការណ៍នេះ លោករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានពិនិត្យនិងអង្កេតដោយផ្ទាល់ ការអភិវឌ្ឍនៅតំបន់ព្រំដែនដោយបានទស្សនា ទាំងក្នុងទឹកដីចិននិងវៀតណាម។

ប្រមុខការទូតទាំងពីរប្រទេសបានចុះទៅដល់កន្លែងបោះបង្គោលព្រំដែនថ្មអក្សរក្រហមហើយនិយាយប្ដេជ្ញាចំពោះមុខគ្នាថានឹងលើកកម្ពស់ភាពជាដៃគូក្នុងកិច្ចសហប្រតិបត្តិការយោគយល់គ្នា រវាង ចិន និងវៀតណាម ក្នុងកម្រិតថ្មីមួយទៀត។

លោកវ៉ាងយី បានថ្លែងក្នុងពិធីនោះថា៖ យើងត្រូវតែរៀនពីដំណោះស្រាយអនុវត្តបានយ៉ាងជោគជ័យនូវដំណោះស្រាយជម្លោះព្រំដែនគោក គឺត្រូវដោះស្រាយបញ្ហាព្រំដែនទឹកអោយបានរួសរាន់ និងមានការយោគយល់គ្នា។

លោក វ៉ាងយីបន្ដថា ចិននិងវៀតណាម បានបង្កើនបទពិសោធន៍ជាគុណតម្លៃក្នុងការកំណត់ព្រំដែនគោក និង សម្រេចបាន នូវការកំណត់ព្រំដែនទឹករួមគ្នា។

លោកកត់សម្គាល់ថា ប្រទេសចិននិងវៀតណាម មានសមត្ថភាពពេញលេញ មានវិចារណញាណក្នុងការបន្ដការចរចា និង ការប្រឹក្សាអំពីបញ្ហាព្រំដែនទឹកដែលជាប់គាំង។

រដ្ឋមន្ត្រីការបរទេសចិន ទទូចថា ភាគីយើងទាំងសងខាង ត្រូវតែផ្ដោតលើបញ្ហាទាំងមូលជាពិសេសកម្រិតទំនាក់ទំនងទ្វេភាគី ហើយនឹងតម្រូវការសហប្រតិបត្តិការយូរអង្វែងជាមួយគ្នាបន្តទៀត តាមរយៈការអនុវត្តកិច្ចសន្ទនា  ការប្រឹក្សាយោបល់ ការរកដំណោះស្រាយ ដែលភាគីទាំងសងខាងអាចទទួលយកបាន ក៏ដូចជាការរួមគ្នាលើកស្ទួយសន្ដិភាព ស្ថេរភាព នៅសមុទ្រចិនខាងត្បូង។

នេះជាជំនួបដ៏សំខាន់ទីពីររវាងរដ្ឋមន្រ្ដីការបរទេសនៃប្រទេសកុម្មុយនិស្តដូចគ្នាក្នុងអំឡុងពេលភាពតានតឹងសមុទ្រចិនខាងត្បូងកើតឡើងប៉ុន្មានខែចុងក្រោយនេះ។

ប៉ុន្ដែជំនួបលើកមុននោះគឺធ្វើឡើងកាលពីថ្ងៃទី២១ ខែកក្កដាតាម វីដេអូសន្និសីទតែប៉ុណ្ណោះ។ យ៉ាងណាចិនមានជំនឿថា សន្និសីទលើកមុននោះគឺគ្រាន់តែជាសារដែលថា វៀតណាមអាចបញ្ជៀសបាននូវការយល់ខុសចំពោះចិនក្នុងករណីសមុទ្រចិនខាងត្បូង។

នៅក្នុងកិច្ចប្រជុំកាលនោះដែរ ចិនបានរិះគន់ អាមេរិកដែលតែងតែបង្កជម្លោះមនោគមន៍វិជ្ជាហើយទាមទារអោយប្រទេសតូចៗរើសអាមេរិកជាមេរបស់ខ្លួន។ លោក វ៉ាងយី បន្តទៀតថា ទាំងចិននិងវៀតណាម គឺជាប្រទេសសង្គមនិយមដូចគ្នាដឹកនាំដោយគណបក្សកុម្មុយនីស្ដ មានប្រព័ន្ធនយោបាយសង្គមនិយមដូចគ្នា គឺមិនត្រូវឈ្លោះគ្នាទេ។

តែយ៉ាងណាតំណាងរដ្ឋាភិបាលវៀតណាម ដូចជាពុំទាន់ឃើញថាបានឆ្លើយតប នឹងអនុសាសន៍របស់ចិនមកកាន់ខ្លួននៅឡើយទេ។

តែបែបនេះក្ដី គឺជាសកម្មភាព ការទូតនៃប្រទេសទាំងពីរ ស្វែងយល់ពីគ្នាទៅវិញទៅមកចំពេលមានសេចក្ដីរយាការណ៍មកថា ក្រុងប៉េកាំងមើលទៅដូចជាបន្ទន់ចិត្តទោទន់ ទៅរកវៀតណាម ។

សារព័ត៌មានរបស់រដ្ឋចិន Global Times  បានចុះផ្សាយភ្លាមៗនូវអត្ថបទរបស់ខ្លួន ដោយដាក់ចំណងជើងថា ចិនទទូចអោយវៀតណាម ស្ថាបនា កិច្ចព្រមព្រៀង កាលពីអតីតកាល ឆ្ពោះទៅរកសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះ។

តែអ្នកសង្កេតការណ៍ យល់ថាចិនលួងចិត្តវៀតណាមអោយដោះស្រាយ ជម្លោះព្រំដែនទឹកជាមួយខ្លួនដោយមិនចាំបាច់ពឹងផ្ដែកផ្ដួលសហរដ្ឋអាមេរិកនោះទេ។

Global Times បានរំលឹកថា កាលពី២០ឆ្នាំមុន ចិន និង វៀតណាមសម្រេចបាននូវការកំណត់ព្រំដែនគោកជាមួយគ្នា។ ២០ឆ្នាំក្រោយជម្លោះព្រំដែនទឹកនៅសមុទ្រចិនខាងត្បូងក៏កើតឡើង តែចិនល្បួងវៀតណាមអោយមើលប្រវត្តិសាស្រ្ដ ឆ្នាំ២០០០នោះ គឺឃើញថា គ្មានទេអន្ដរាគមន៍ពីប្រទេសខាងក្រៅ ដែលក្រុងប៉េកាំងហៅថាជា ដំណោះស្រាយព្រំដែនសន្ដិភាព ស្ថេរភាព និង សហប្រតិបត្តិការ បានកើតឡើង យ៉ាងត្រចះត្រចង់។

ចិន និង វៀតណាម បានប្រារព្ធខួប២០ឆ្នាំនៃការកំណត់ព្រំប្រទល់ដែនគោករវាងប្រទេសទាំងពីរ។ ចិនបានរំលឹកម្ដងទៀតថា សន្ធិសញ្ញាព្រំដែនគោកប្រវត្តិសាស្រ្ដរវាងប្រទេសទាំងពីរ គឺជាសារដែលបញ្ជាក់ច្បាស់ៗថា ប្រទេសជិតខាងនឹងគ្នាអាចដោះស្រាយជម្លោះព្រំដែនដោយគ្មានឥទ្ធិពលពីសំណាក់ប្រទេសខាងក្រៅឡើយ។

អ្នកជំនាញភូមិសាស្ត្រនយោបាយជាច្រើនរបស់ចិន បានផ្ដល់ទស្សនៈ ថា ចិនមើលឃើញវៀតណាម អាចដោះស្រាយជម្លោះព្រំដែនទឹកជាមួយចិនដោយមិនចាំបាច់អន្ដរាគមន៍របស់សហរដ្ឋអាមេរិក។

តែទំនងចិនមិនច្រឡំទេ ដែលបានមកលួងចិត្តវៀតណាម ហើយចិនពិតជាដឹងច្បាស់ណាស់ថា វៀតណាម ឥឡូវ បានចាប់យកអាមេរិកជាមិត្តនឹងខ្លួនរួចទៅហើយ ដោយក្រុងហាណូយបានស្នើសុំអោយអាមេរិក ជួយការពារទូកនេសាទវៀតណាម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស