30.7 C
Phnom Penh

ក្រសួងមហាផ្ទៃនឹងជួបក្រុមអង្គការសង្គមស៊ីវិល ដើម្បីពិនិត្យមើលខ្លឹមសារច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងមហាផ្ទៃអះអាងថា នឹងរៀបចំជជែកពិភាក្សាជាមួយមន្ត្រីអង្គការសង្គមស៊ីវិលជាថ្មីទៀតនៅចុងសប្តាហ៍នេះ ដើម្បីពិនិត្យខ្លឹមសារមាត្រាមួយចំនួន១៤ នៃច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃម្សិលមិញ បានឱ្យដឹងថា ក្រសួងនឹងរៀបចំកិច្ចប្រជុំក្រុមការងាររបស់រដ្ឋាភិបាល ដើម្បីសម្របសម្រួលដោះស្រាយសំណើ និងសំណូមពររបស់ក្រុមអង្គការសង្គមស៊ីវិល នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នាទីស្តីការក្រសួងមហាផ្ទៃ។

គម្រោងជួបប្រជុំនោះគឺ ដើម្បីពិនិត្យខ្លឹមសារមាត្រាចំនួន១៤ នៃច្បាប់ស្តីពី «សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ក្រុមអង្គការសង្គមស៊ីវិល បានស្នើសុំឱ្យមានវិសោធនកម្មឡើងវិញនូវមាត្រាទាំងនេះ ដោយសារមានចរឹត រឹតត្បិតសិទ្ធិសេរីភាព និងសកម្មភាពបំពេញការងាររបស់ពួកគេ។

ច្បាប់ស្តីពី «សមាគម និងអង្គការមិនមែនរដ្ឋាភិបាល» មាន៩ជំពូកនិង៣៩មាត្រា ហើយត្រូវបានប្រកាសឱ្យប្រើប្រាស់នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥។

មាត្រាដែល ក្រុមតំណាងអង្គការសង្គមស៊ីវិលស្នើសុំឱ្យមានការកែប្រែឡើងវិញនោះ រួមមាន មាត្រា១ មាត្រា៥ មាត្រា៨ និងមាត្រាចំនួន១១ផ្សេងទៀត។ ដោយឡែកមាត្រា៣ផ្សេងទៀត ដែលកន្លងមកក្រុមអង្គការសង្គមស៊ីវិលស្នើឱ្យធ្វើវិសោធនកម្មដែរនោះ គឺរក្សាទុកឱ្យនៅដដែលវិញ។

កាលពីថ្ងៃទី២៥ ខែសីហា  ក្រុមអង្គការ សមាគម ជិត១០០ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមមួយ ទាមទារឱ្យក្រសួងមហាផ្ទៃ ពន្លឿនការតាក់តែងសេចក្តីព្រាងច្បាប់និងធ្វើវិសោធនកម្មច្បាប់ សមាគម និងអង្គការក្រៅរដ្ឋាភិបាលនេះ ឱ្យបានឆាប់បំផុត និងមានផែនការច្បាស់លាស់។

ការស្នើនេះ ដោយក្រុមអង្គការ សមាគមទាំងនោះ អះអាងថា ដើម្បីផ្តល់ឱកាសដល់ពួកគេបានសិក្សាបន្ថែម ទៅលើខ្លឹមសារជាក់ស្តែងក្នុងសេចក្តីព្រាងច្បាប់នៃវិសោធនកម្មច្បាប់នេះទាំងមូល និងបន្តសហការជជែកពិភាក្សាជាមួយអង្គការសង្គមស៊ីវិលជាបន្តបន្ទាប់ ក្នុងបរិយាកាសល្អប្រសើររហូតដល់សេចក្តីព្រាងវិសោធនកម្មច្បាប់ទាំងមូលត្រូវបានអនុម័តដោយស្ថាប័ននីតិបញ្ញត្តិ។

ក្រសួងមហាផ្ទៃ អះអាងថា កន្លងមកក្រុមការងាររដ្ឋាភិបាលបានរៀបចំកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ចំនួន៦ លើក រួចមកហើយ ជាមួយតំណាងអង្គការសង្គមស៊ីវិលដើម្បីស្វែងយល់ពីគោលបំណងនិងហេតុផល ក្នុងការស្នើសុំធ្វើវិសោធនកម្មច្បាប់ សមាគម និងអង្គការក្រៅរដ្ឋាភិបាលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស