27 C
Phnom Penh

សាលាឧទ្ធរណ៍ច្រានចោលបណ្តឹងសុំនៅក្រៅឃុំរបស់លោក រ៉ុង ឈុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានសម្រេចច្រានចោលបណ្តឹងរបស់សហមេធាវី លោក រ៉ុង ឈុន ដែលស្នើសុំឱ្យតុលាការពិចារណា ឱ្យប្រធានសហភាពសហជីពកម្ពុជារូបនេះ បាននៅក្រៅឃុំជាបណ្តោះអាសន្ន ដោយទទួលយកការសម្រេចរបស់សាលាដំបូង និងបង្គាប់ឱ្យឃុំខ្លួនលោករ៉ុង ឈុន នៅក្នុងពន្ធនាគារព្រៃស ដដែល។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់សវនាការ នៅសាលាឧទ្ធរណ៍នាព្រឹកថ្ងៃពុធនេះ សហមេធាវីលោក រ៉ុង ឈុន ម្នាក់ គឺលោក ជួង ជូងឺ មានប្រសាសន៍ថា ប្រធានសភាស៊ើបសួរសាលាឧទ្ធរណ៍ បានសម្រេចច្រានចោលបណ្ដឹងទាំងពីរដែលប្តឹងប្រឆាំងលោក រ៉ុង ឈុន ដោយសារ ដើម្បីបញ្ចប់បទល្មើសកុំឱ្យកើតជាថ្មី និងដើម្បីរក្សាលោក រ៉ុង ឈុន ទុកជូនតុលាការចាត់ការតាមនីតិវិធី។

មេធាវីការពារក្តីរូបនេះយល់ថា ការសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ ធ្វើឡើងមិនត្រឹមត្រូវ និងបានប៉ះពាល់ដល់សិទ្ធិសេរីភាពកូនក្តីរបស់លោក។

លោកអះអាងថា មូលហេតុដែលក្រុមមេធាវីរបស់លោកប្ដឹងជំទាស់នឹងការសម្រេចឃុំខ្លួន លោក រ៉ុង ឈុន ដែលប្តឹងមកកាន់សាលាឧទ្ធរណ៍នេះ ដោយសារការចូលចាប់ខ្លួនកូនក្ដីរបស់លោក ធ្វើឡើងដោយខុសច្បាប់។

ជាងនេះទៀត ការប្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្ននោះ ដោយសារកូនក្ដីលោកមានមុខរបរ និងមានទីលំនៅច្បាស់លាស់ ហើយបន្ត      សហការជាមួយសមត្ថកិច្ចដោយមិនរត់គេចខ្លួនទៅណាឡើយ។

សវនាការរបស់លោករ៉ុង ឈុន នៅសាលាឧទ្ធរណ៍នៅព្រឹកថ្ងៃពុធនេះ ធ្វើឡើងជាពីរវគ្គ ដោយចៅក្រមបានបំបែកសំណុំរឿងជាពីរតាមបណ្តឹងពីររបស់សហមេធាវី។ ទី១ គឺបណ្តឹងប្រឆាំងនឹងដីកាឃុំខ្លួន និងបណ្តឹងទី២ គឺបណ្តឹងប្រឆាំងនឹងដីកាមិនព្រមដោះលែងលោករ៉ុង ឈុន របស់សាលាដំបូងរាជធានីភ្នំពេញ។ ប៉ុន្តែបណ្តឹងទាំងពីរនោះ ត្រូវបានសាលាឧទ្ធរណ៍ច្រានចោលទាំងអស់។

ប្រធានសហភាពសហជីពកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ព្រមទាំងជាអតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចូលចាប់ខ្លួននៅផ្ទះរបស់លោកទាំងយប់កាលពីថ្ងៃទី៣១ ខែកក្កដា ។

មួយថ្ងៃក្រោយមក លោក ត្រូវបានសាលាដំបូងក្រុងភ្នំពេញសម្រេចបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បន្ទាប់ពីលោក បានចេញសេចក្តីថ្លែងការណ៍ និងបកស្រាយពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ តាមការអះអាងរបស់ពលរដ្ឋមូលដ្ឋាន។

នៅខាងក្រៅសាលាឧទ្ធរណ៍នៅព្រឹកនេះវិញ ក៏មានសាច់ញាតិ ពលរដ្ឋ និងអ្នកគាំទ្រលោក រ៉ុង ឈុន បន្តតវ៉ាទាមទារឱ្យតុលាការដោះលែងលោក និងអ្នកជាប់ឃុំផ្សេងទៀតពាក់ព័ន្ធសំណុំរឿងនេះ ឱ្យមានសេរីភាពវិញ ត្បិតពួកគេមិនបានធ្វើអ្វីខុសដូចការចោទប្រកាន់ឡើយ។

ការតវ៉ានេះ ធ្វើឡើងបើទោះបីជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ធ្លាប់ចេញលិខិតព្រមានចាត់វិធានការច្បាប់ដល់ក្រុមអ្នកតវ៉ាទាមទារឱ្យដោះលែង លោក រ៉ុង ឈុន ក្តី និងបានចាប់ខ្លួនមនុស្សជាង១០នាក់ ក៏ពួកគេនៅតែបន្តធ្វើសកម្មភាពទាមទារ ឱ្យដោះលែងលោក រ៉ុង ឈុន ដដែល។

កាលពីថ្ងៃទី ២៤ខែសីហា យុវជន សាច់ញាតិ តំណាងសមាគមគ្រូបង្រៀន សហជីព និងសង្គមស៊ីវិលប្រមាណ២០នាក់ បាននាំគ្នាដាក់ញ្ញត្តិទៅ ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជានៃអង្គការសហប្រជាជាតិ ដើម្បីសុំអន្តរាគមន៍ឲ្យមានការដោះលែងប្រធានសហភាពសជីពកម្ពុជាលោក រ៉ុង ឈុន។

ក្រៅពីស្នើទៅអង្គការសហប្រជាជាតិ ក្រុមអ្នកដាក់ញ្ញត្តិទាំងនោះ ក៏បានធ្វើដំណើរទៅដាក់ញ្ញត្តិនៅស្ថានទូតជប៉ុនប្រចាំកម្ពុជាឱ្យជួយអន្តរាគមន៍លើបញ្ហានេះ ប៉ុន្តែត្រូវបានខកខានដោយសារអាជ្ញាធរ និងក្រុមសន្តិសុខក្រុងភ្នំពេញរារាំង៕ 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស