33 C
Phnom Penh

ក្រុមអ្នកការពារសិទ្ធពលរដ្ឋថា របាយការណ៍របស់គណកម្មាធិការសិទ្ធិមនុស្សកម្ពុជា គឺជារបាយការណ៍ខ្យល់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកឃ្លាំមើលបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាបានប្រតិកម្មទៅនឹងសេចក្តីប្រកាសព័ត៌មានរបស់គណកម្មាធិការសិទ្ទិមនុស្សកម្ពុជាថា ជាសេចក្តីប្រកាសមិនអាចទុកចិត្តបាន និងមិនបានឆ្លុះបញ្ជាំងទៅនឹង  បរិបទនៃសង្គមកម្ពុជាជាក់ស្តែង និងជារបាយការណ៍លាក់បាំងទង្វើអាក្រក់របស់រដ្ឋាភិបាលតែប៉ុណ្ណោះ។

ការរិះគន់នេះធ្វើឡើងក្រោយគណកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនស្តីពីលទ្ធផលនៃកិច្ចជំនួបជាមួយអ្នកស្រី រ៉ូ ណាល់ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាតាមប្រព័ន្ធវីដេអូ (Video Conference) នៅឯទីស្នាក់ការគណកម្មាធិការសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី២៥ ខែសីហា ម្សិលម៉ិញនេះ ។

ជំនួបដឹកនាំដោយលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងយុត្តិធម៌ និងក្រសួងសុខាភិបាល ដើម្បីរួមចំណែកផ្តល់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយតាមប្រធានបទដែលលោកស្រី រ៉ូ ណាល់ស្មីតបានលើកឡើង ។

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) បានប្រាប់សាព័ត៌មាន The Cambodia Daily ថា របាយការសិទ្ធិមនុស្ស និងយន្តការស៊ើបអង្គេតរបស់គណកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបានរាយការណ៍ជូនអ្នកស្រី រ៉ូ ណាល់ស្មីត នោះ គឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាលកម្ពុជាដែលត្រូវធ្វើរបាយការណ៍នេះជូនអង្គការសហប្រជាជាតិ ក៏ប៉ុន្តែជាការកត់សម្គាល់របាយការណ៍នេះគ្រាន់តែជាការលើកឡើងដើម្បីការពាររដ្ឋាភិបាល និងមិនឆ្លុះបញ្ជាំងពីទិដ្ឋភាព ឫស្ថានភាពពិតជាក់ស្តែងនៅក្នុងប្រទេសកម្ពុជានោះទេ ជាពិសេសស្ថានភាពរំលោភសិទ្ធិមនុស្ស និងស្ថានភាពរំលោភលើសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋជាដើម។

ក្នុងកិច្ចជំនួបពិភាក្សាគ្នានេះអ្នកស្រី រ៉ូ ណាល់ស្មីត បានលើកលើងនូវប្រធានបទសំខាន់ៗចំនួន៤ រួមមាន៖ ទី១ ការងាររបាយការណ៍សិទ្ធិមនុស្ស និងយន្តការនៃការស៊ើបអង្កេត និងដោះស្រាយពាក្យបណ្តឹងរបស់ពលរដ្ឋពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ទី២ វិធានការឆ្លើយតបនឹងជំងឺកូវីដ ១៩ ទី៣ សេរីភាពនៃការបញ្ចេញមតិ ការជួបជុំ និងសមាគម និងទី៤ ការត្រួតពិនិត្យលើបទដ្ឋានគតិយុត្តិ និងវឌ្ឍនភាពនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌។

គណកម្មាធិការសិទ្ធិមនុស្សកម្ពុជាអះអាងថា ខ្លួនតែងតែចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវជាប្រចាំ និងត្រួតពិនិត្យលើករណីរំលោភសិទ្ធិមនុស្សនៅតាមពន្ធនាគារ មណ្ឌលកែប្រែ កន្លែងឃុំឃាំង និងមណ្ឌលស្តានីតិសម្បទា ដោយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងអង្គការសង្គមស៊ីវិលដើម្បីជុំរុញឲ្យមានការដោះស្រាយស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។

យ៉ាងនេះក្តីអ្នកស្រី រ៉ូ ណាល់ស្មីត នៅតែបង្ហាញពីក្តីបារម្ភ និងកង្វល់ពីការរំលោភសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ សេរីភាពក្នុងការបញ្ចេញមតិ និងការធ្លាក់ចុះនៃដំណើការលទ្ធិប្រជាធិបតេយ្យយ៉ាងខ្លាំង។

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិរូបនេះ ក៏បានស្នើរដល់រដ្ឋាភិបាលកម្ពុជាឲ្យមានកិច្ចពិភាក្សាមួយមុនពេលអ្នកស្រីថ្លែងការណ៍អំពីរបាយការណ៍របស់ខ្លួននៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងទីក្រុងហ្សឺណែវនៅក្នុងខែតុលា ឆ្នាំ២០២០ នាពេលខាងមុខនេះ។

លោក សឹង សែន ករុណាអះអាងថាសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋកំពុងរងការគម្រាមកំហែងពីរដ្ឋាភិបាលកម្ពុជាយ៉ាងធ្ងន់ធ្ងរ ត្បិតការចាប់ខ្លួនសកម្មជនគណបក្សនយោបាយ និងអ្នកតស៊ូមតិ បានកើនឡើងជាបន្តបន្ទាប់ ទាំងក្រុមអ្នកតស៊ូមតិពីបញ្ហាព្រំដែន និងក្រុមអ្នករិះគន់រដ្ឋាភិបាលអំពីជំងឺកូវីដ១៩ ជាដើម ដែលផ្ទុយពីរបាយការណ៍ដែលបានដាក់ជូនលោកស្រី រ៉ូ ណាល់ស្មីតទាំងស្រុង។

លោកបន្តថា ក្រុមអ្នកតស៊ូមតិទាំងនោះកំពុងស្ថិតនៅមន្ទីរឃុំឃាំងនៅឡើយ ក្នុងមានលោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងក្រុមអ្នកតវ៉ាមួយចំនួនទៀតដែលបានតវ៉ាទាមទារឲ្យដោះលែងប្រធានសហភាពសហជីពរូបនេះ។  លោកអំពាវនាវដល់ រដ្ឋាភិបាលកម្ពុជាត្រូវតែទទួលស្គាល់នូវការប្រព្រឹត្តរបស់ខ្លួនចំពោះពលរដ្ឋ សកម្មជនគណបក្សប្រឆាំង និងក្រុមសង្គមស៊ីវិលជាដើម ជាជាងប្រឹងធ្វើរបាយការណ៍ដើម្បីបំភ័នមតិជាតិ និងអន្តរជាតិនាពេលកន្លងមក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស