30 C
Phnom Penh

ប្រទេសវៀតណាមប្រែក្លាយពីការបោះតង់កៅស៊ូ ប្រែទៅជាសង់សំណង់ដែករឹងមាំនៅតាមព្រំដែនវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីរាជការ និងប្រជាពលរដ្ឋ រស់នៅតាមបណ្តាខេត្តមួយចំនួន នៅជាប់ព្រំដែនកម្ពុជា-វៀតណាម រួមមាន៖ ខេត្តមណ្ឌលគិរី និងខេត្ត  តាកែវ ជាដើម បានអះអាងថា ប៉ុន្មានសប្តាហ៍កន្លងមកនេះ ទាហានយួនបានប្រែក្លាយពីការសង់រោងប្រក់តង់កៅស៊ូ នៅតាមព្រំដែន ដោយបានសង់ទៅជាដំណង់រឹងមាំ ឬប្រែក្លាយទៅជាការសាងសង់ប៉ុស្តិ៍យាម ឬប៉ុស្តិ៍យោធា ដែលធ្វើអំពីឈើប្រក់ស័ង្កសីជំនួសវិញ ក្នុងប៉ុន្មានសប្តាហ៍កន្លងមកនេះ។

ប្រភពដដែលបញ្ជាក់ថា គេឃើញទាហានយួន បានបន្តសង់រោងឈើ និងដែករឹងមាំ ជំនួសឲ្យសំណង់រោងប្រក់តង់កៅស៊ូ ដែលពួកគេបានសង់កាលពីខែមុន។ 

យ៉ាងនេះក្តី ទាំងមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋ ដែលបានឃើញទិដ្ឋភាព របស់ទាហានយួន ដែលបន្តគឃ្លើនបន្តសាងសង់រោង ឬសំណង់រឹងមាំជាច្រើនកន្លែងនៅតាមព្រំដែនកម្ពុជា-វៀតណា ខេត្តមណ្ឌលគិរី និងខេត្តតាកែវជាដើម គឺពួកគេបានត្រឹមតែបង្ហាញការហួសចិត្ត និងសោកស្តាយ ដែលថ្នាក់ដឹកនាំនៅតាមបណ្តាខេត្តទាំងនោះ ជាពិសេសប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន មិនហ៊ានចេញមុខទប់ស្កាត់ ឬមិនមានចំណាត់ការ ជាមួយភាគីវៀតណាមទាល់តែសោះ។

ជាងនេះទៀត ក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន មានគណៈកម្មការកិច្ចការព្រំដែនជាដើម  ហាក់មានចេតនាចង់លាក់បាំង ទៅលើសកម្មភាព របស់ទាហានយួន ដែលបានប្រែក្លាយពីការសង់រោងប្រក់តង់កៅស៊ូ ហើយសង់ជំនួស ដោយសំណង់ដែក និងឈើរឹងមាំនៅតាមព្រំដែនកម្ពុជា-វៀតណាមជំនួសវិញ។

ផ្តើមពីបញ្ហានេះ ទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋមួយចំនួន បានស្នើដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយបំភ្លឺ និងមានវិធានការទប់ស្កាត់ ចំពោះសកម្មភាពសង់រោងរឹងមាំ របស់ភាគីយួន នៅតាមព្រំដែននេះផង ជាជាងប្រើកម្លាំងសមត្ថកិច្ច និងតុលាការ មកគំរាមកំហែង និងចាប់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកឈឺឆ្អាលរឿងព្រំដែនដាក់គុកច្រវ៉ាក់។

ដោយឡែក មន្ត្រីរាជការ និងប្រជាពលរដ្ឋ រស់នៅខេត្តតាកែវវិញ ក៏បានអះអាងថា រាល់ថ្ងៃនេះ ទាហានយួន បានសង់ប៉ុស្តិ៍យាមថ្មីធ្វើពីឈើរឹងមាំ នៅលើដីខ្មែរ ស្ថិតនៅតំបន់ថ្មបីដុំ ភូមិថ្មបីដុំ ឃុំកណ្តុលជ្រុំ ស្រុកបុរីជលសារ ខេត្តតាកែវ។

ត្រង់ចំណុចនេះ ខាងភាគីយួន និងលោកស្រី កុយ ពិសី មន្ត្រីគណៈកម្មការកិច្ចការព្រំដែន បានឆ្លើយដោះសារថា ទាហានវៀតណាម នឹងដកតង់ទៅវិញ នៅពេលចប់ជំងឺកូវីដ-១៩ ប៉ុន្តែជាក់ស្តែងពេលនេះ បែរភាគីយួន បានប្រែក្លាយពីសង់រោងប្រក់តង់កៅស៊ូ ដោយជំនួសវិញ នូវសំណង់ដែក និងឈើរឹងមាំប្រក់ស័ង្កសី  ឬក្លាយទៅជាសំណង់ប៉ុស្តិ៍យាមយ៉ាងរឹងមាំទៅវិញ។

ទាក់ទិនបញ្ហានេះដែរ បណ្តាញសង្គម ឬផេកហ្វេសប៊ុក របស់លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក៏បានបង្ហាញសារថា តើចប់ជំងឺកូវីដ-១៩ យួននឹងរើតង់ និងរុះរើប៉ុស្តិយាមទៅវិញដែរ? យួនខ្ចីដីខ្មែរបោះតង់ ដូចយួនខ្ចីដីកម្ពុជាក្រោមពីស្តេច ជ័យ ជេដ្ឋាទី២ រយៈពេល៥ឆ្នាំ ដើម្បីហាត់ទាហានអញ្ចឹង, ហើយខ្មែរនៅតែមិនចេះចាំភ្លេចខ្លួនរហូតទៀត។

លោក អ៊ុំ សំអាន បន្ត រហូតមកដល់ពេលនេះ យួនបានបោះតង់ចំនួន ២៨៧កន្លែងនៅតាមព្រំដែន។ ហើយថា ឥឡូវនេះរោងតង់ប្រក់កៅស៊ូទាំងអស់នោះ កំពុងប្រែក្លាយជាប៉ុស្តិ៍យោធា ដែលសាងសង់ពីឈើ និងបេតុងជាបណ្តើរៗហើយដែរ។

លោកបន្តថា តាមប្រភពព័ត៌មានច្បាស់ការណ៍មកថា អាជ្ញាធរខ្មែរបានតែដើរមើលក្បែរ ប៉ុស្តិ៍យោធាយួនទាំងនោះដែរ ប៉ុន្តែមិនហ៊ានតវ៉ាឬធ្វើអីទាហានយួននោះទេ។ រីឯលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ ស្ងាត់ឲ្យឈឹង អត់ហ៊ានក្អក អំពីទាហានយួនបន្តសង់រោងរឹងមាំនៅតាមព្រំដែននេះទេ។ ហើយក៏មិនបានបញ្ជូនទព័ទៅទប់ទល់នឹងការឈ្លានពាន របស់ទាហានយួន ដូចការទប់ទល់ពីការឈ្លានពានរបស់ឡាវ និងថៃកន្លងមកនោះដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស