38 C
Phnom Penh

អាជ្ញាធរថៃបន្តចាប់ខ្លួនមេដឹកនាំនិស្សិតបាតុករ ប្រឆាំងរដ្ឋាភិបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បាតុកម្មប្រឆាំងរដ្ឋាភិបាលចម្រុះរបស់នាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចានៃរាជាណាចក្រថៃ នៅតែបន្តក្ដៅគគុក។ នេះជាបាតុកម្ម របស់ក្រុមចលនានិស្សិតមកពីសម្ព័ន្ធយុវជនដើម្បីសេរីភាពរបស់រាជាណាចក្រមួយនេះ ដែលបានធ្វើឡើងច្រើនសប្ដាហ៍មកហើយ ដើម្បីដាក់សម្ពាធ ទៅលើរដ្ឋាភិបាល អោយរំលាយសភា និងកែប្រែរដ្ឋធម្មនុញ្ញ អោយមានគោលការណ័ប្រជាធិបតេយ្យច្បាស់លាស។

នៅថ្ងៃទី២៦សីហានេះ  ទីភ្នាកងារសារព័ត៌មាន Reuters បានធ្វើសេចក្ដីរាយការណ៍ពីរាជធានីបាងកក មកថា ប៉ូលិសបានចាប់ខ្លួន មេដឹកនាំចលនានិស្សិត២នាក់បន្ថែមទៀតគឺពួកគាត់ ត្រូវបានចាប់ខ្លួននៅថ្ងៃពុធនេះ ដែលជាអ្នកដឹកនាំបាតុកម្មកន្លងមក។ ពួកគាត់ត្រូវបានចាប់ខ្លួន ដោយចោទប្រកាន់ប្រឆាំងការរំលោភបំរាមរបស់អាជ្ញាធរ ដែលហាមជួបជុំគ្នា ដោយសារការភ័យខ្លាចឆ្លងជំងឺកូវិដ និងពីបទ ប្រឆាំងចាប់សន្តិសុខរបស់ប្រទេស។

មេដឹកនាំចលនានិស្សិតទាំង២រូបនេះ គឺមានឈ្មោះ Attep Ruangprapaikitseree និង Panumas Singprom ។ ពួកគាត់ មកពីក្រុម សម្ព័ន្ធយុវជនដើម្បីសេរីភាព។ អ្នកទាំង២ត្រូវបានចាប់ខ្លួន នៅក្នុងខេត្ត Nonthaburi ជាខេត្តមួយជាប់រាជធានីបាងកក។

យុវជន Tattep បានប្រាប់អ្នកសារព័ត៌មានថា អាជ្ញាធរចាប់ខ្លួនលោក ក្រោមបទចោទច្រើនករណី គឺប្រឆាំងរដ្ឋាភិបាល។ នៅពេលប៉ូលិស នាំចេញពីរថយន្ត គឺយុវជន រូបនេះ បានលើក ម្រាមដៃ៣ដែលជានិម្មិតរូបនៃ ការជំរុញអោយងើបឡើងប្រឆាំងអំណាចផ្ដាច់ការ។ មេដឹកនាំនិស្សិត២រូបត្រូវបានចាប់ខ្លួន ក្នុងចំណោម យុវជន១៥នាក់ទៀត ដែលពួកគាត់រងបទចោទ ថាបានបំពានច្បាប់សន្តិសុខក្នុងគ្រាអាសន្ន ដែលប្រទេសជាតិធ្លាក់ក្នុងវិបត្តិរាតត្បាតនៃជំងឺកូវិដ។

Pawinee Ghumsri ជាមេធាវីរបស់ក្រុមសម្ព័ន្ធយុវជនដើម្បីសេរីភាំពបាន និយាយថា យុវនិស្សិតពីររូបនេះ នឹងស្វែងរកការនៅក្រៅឃុំ ។

ក្រុមសម្ព័ន្ធយុវជនដើម្បីសេរីភាពបានធ្វើបាតុកម្ម ទំលាក់រដ្ឋាភិបាលរបស់ប្រាយុទ្ធ ជាងមួយខែមកហើយ ។ ក្រុមនេះមិនបានគាំទ្រ មេដឹកនាំដឹកនាំរដ្ឋប្រហារឆ្នាំ២០១៤នេះទេ។

បាតុករដែលរងការចាប់ខ្លួន ទាំង១៧រូបនេះ អាចនឹងមានទោស ១៥ឆ្នាំ បើអាជ្ញាធរចោទពួកគេមួយករណីទៀត ពីបទប្រមាថព្រះមហាក្សត្រ និងរាជវង្ស ដោយសារបានធ្វើបាតុកម្មរិះគន់ដល់រាជបល្ល័ង្គព្រះរាជា។

តែបែបនេះក្ដី ក្រុមសម្ព័ន្ធយុវជនដើម្បីសេរីភាព បានប្រកាសយកថ្ងៃទី១៩កញ្ញាខាងមុខនេះ ធ្វើការប្រមូលផ្ដុំដ៏ធំមួយលើកទៀត ដើម្បីរំលឹកការដួលរំលំរដ្ឋាភិបាល ជាប់ឆ្នោត ឆ្នាំ២០០៦ដែលរដ្ឋាភិបាលថៃពេលនោះដឹកនាំដោយលោកថាក់ស៊ីនស៊ីណាវ៉ាត្រា។

កាលពីថ្ងៃទីអាទិត្យសប្ដាហ៍កន្លងមកនេះ ពលរដ្ឋថៃនៅក្រុងបាងកក បានប្រមូលផ្តុំគ្នាឡើងដល់ជាង១០ម៉ឺននាក់ ដើម្បីធ្វើបាតុកម្មដាក់សម្ពាធនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ឱ្យចុះចេញពីតំណែង និងបង្កើតរដ្ឋធម្មនុញ្ញថ្មីមួយតាមបែបប្រជាធិបតេយ្យសេរីពិតប្រាកដ។

ទីភ្នាក់ងារសារព័ត៌មានReuters បានធ្វើការកត់សគាល់ថាចំនួនបាតុករដ៏ច្រើនបំផុតនេះគឺមិនធ្លាប់មានចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០១៤។កំណើនអ្នកចូលរួមតវ៉ា បានកើនឡើងបន្ទាប់ពីមេដឹកនាំបាតុកម្មមួយចំនួន ត្រូវសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ ក្រោមបទចោទល្មើសនឹងបម្រាមហាមជួបជុំ។ តែបែបនេះក្ដីភាគច្រើន ត្រូវបានដោះលែងឱ្យនៅក្រៅ។

ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅក្នុងបរិវេណវិមានប្រជាធិបតេយ្យនៅកណ្តាលទីក្រុងបាងកកដោយ ស្រែកទាមទារឱ្យ បង្កើតរដ្ឋធម្មនុញ្ញថ្មី ជំនួសរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ដែលតាក់តែងឡើងដោយពួកយោធា។បាតុករចាត់ទុករដ្ឋធម្មនុញ្ញនេះមិនមានគោលការណ៍ស្មារតីប្រជាធិបតេយ្យឡើយ។ បាតុកម្មនេះដឹកនាំដោយក្រុមសហភាពនិសិ្សតថៃនិងសម្ព័ន្ធយុវជនដើម្បីសេរីភាពដោយបានធ្វើឡើងស្ទើររាល់ថ្ងៃ រយៈពេលជាងមួយខែមកហើយ។

មុននឹងការចាប់ខ្លួន មេបាតុករ នាយករដ្ឋមន្ត្រីបា្រយុទ្ធបានធ្វើការព្រមានជាច្រើនលើកមកហើយ ដោយព្រមានកុំអោយធ្វើការតវ៉ាហួសព្រំដែនច្បាប់។

លោក ប្រាយុទ្ធ បានឈ្នះក្នុងការបោះឆ្នោតសភាកាលពីខែមីនាឆ្នាំ២០១៩  ដោយបានឡើងដឹកនាំរដ្ឋាភិបាលថៃ ចម្រុះ១៩គណបក្ស បន្ទាប់ពីសភាបោះឆ្នោតអោយលោកដឹកនាំស្ថាប័ននីតិប្រតិបត្តិរបស់រាជាណាចក្រនេះ។

ប៉ុន្តែអ្នកសង្កេតការណ៍ខ្លះមិនបានចាត់ទុកការបោះឆ្នោតនិងសភាសព្វថ្ងៃនេះ មានគោលការណ៍ប្រជាធិបតេយ្យពិតប្រាកដឡើយព្រោះកើតចេញពីរដ្ឋធម្មនុញ្ញមួយដែលមិនឆ្លើយតបនឹងឆន្ទៈរបស់ប្រជាជន។ រាជាណាចក្រថៃ បានជួបប្រទះនឹងការបះបោររាប់មិនអស់ឡើយ។ ចំណែកឯការធ្វើរដ្ឋប្រហារ បានកើតឡើង១៩លើកមកហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស