28 C
Phnom Penh

ប្រសិនបើលោក ហ៊ុន ម៉ាណែត ស្នងដំណែងពីឳពុករបស់លោកមែន នោះលោកនឹងមិនអាចរក្សាកេរ្តិ៍ដំណែលឪពុករបស់លោកបាន ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហ៊ុនម៉ាណេត គឺជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្ដី  ហ៊ុនសែន ដែលត្រូវបានគេសន្មតថានឹងស្នងតំណែងពីឪពុករបស់លោកក្នុងពេលឆាប់ៗនេះ។

បុរសរូបនេះទទួលបានការអប់រំតាមកម្មវិធីសិក្សាយោធារបស់អាមេរិក  ហើយលោកត្រូវគេមើលឃើញថានឹងក្លាយ ជាសម្ព័ន្ធភាពដ៏មានសក្ដានុពលមួយរបស់អាមេរិក ប៉ុន្ដែនៅពេលដែលគាត់ត្រឡប់មកមាតុភូមិវិញ លោកបានកសាងឡើងវិញវិស័យយោធាក្នុងប្រទេសដោយទទួលជំនួយយោធាពីប្រទេសចិនទៅវិញ។

ទន្ទឹមនឹងពេលដែលនាយករដ្ឋមន្រ្ដីកាន់អំណាចយូរជាងគេនៅកម្ពុជាគឺលោកហ៊ុនសែន ទើបបានមកពីទស្សនកិច្ចនៅប៉េកាំងកាលពីខែកុម្ភៈ។

អំឡុងពេលទស្សនកិច្ចនោះ បុរសម្នាក់ដែលនៅពីក្រោយលោកហ៊ុនសែនពេលនោះ បានចាប់ដៃនឹងរដ្ឋមន្រ្ដីការបរទេសចិនលោកវ៉ាងយីនិងបានថតរូបអនុស្សាវរីយ៍ជាមួយមេដឹកនាំកំពូលរបស់ចិនគឺលោក ស៊ីជិនពិង។ បុរសនេះ គឺជាកូនច្បងរបស់លោកហ៊ុនសែន គឺលោកហ៊ុនម៉ាណែត។ ដោយមើលឃើញនឹងភ្នែក ឈុតឆាកទាំងនោះគឺជាភស្ដុតាងដែលមិនមែនតែសម្រាប់ភាពរឹងមាំនៃទំនាក់ទំនងរបស់លោកហ៊ុនសែននឹងក្រុងប៉េកាំងនោះទេ ប៉ុន្ដែគឺជាការពង្រឹងសក្ដានុពលទាយាទរបស់លោកគឺលោកហ៊ុនម៉ាណែត។

ទស្សនកិច្ចនោះបានប្រព្រឹត្តទៅនៅពេលមួយដែលពិភពលោកព្យួរជើងហោះហើរជាច្រើនទៅចិន ចំពេលភាពរីករាលដាលខ្លាំងនៃការឆ្លងរលកទីមួយនៃកូវីដ១៩។ ខណៈប្រទេសជាច្រើនបានដាក់ទណ្ឌកម្មលើរដ្ឋាភិបាលរបស់លោកហ៊ុនសែនជុំវិញករណីបញ្ហាសិទ្ធិមនុស្ស ការរំលោភសិទ្ធិការងារ អំពើពុករលួយ គឺស្រាប់តែឃើញទំនាក់ទំនងរបស់ចិនជាមួយកម្ពុជាកាន់តែរឹងមាំទៅរឹងមាំទៅៗ។ ហើយក៏ចំពេលដែលអាមេរិកនិងចិនកំពុងតែប្រជែងឥទ្ធិពលគ្នានៅអាស៊ីអាគ្នេយ៍ គឺថាមពលរបស់ពួកគេកាន់តែពង្រីកឡើងក្នុងគោលបំណងស្ទាបស្ទង់អំពីជំហររបស់មេដឹកនាំដែលត្រៀមខ្លួនឡើងកាន់អំណាចថាតើគាត់មានភាពទោ ទន់ទៅរកលោកខាងលិច ឬក្រុងប៉េកាំង។

លោកឧត្តមសេនីយ៍ហ៊ុនម៉ាណែតជាមេដឹកនាំកំពុងរង់ចាំឡើងកាន់អំណាច។ គេមើលឃើញសកម្មភាព និងភាពលិចធ្លោររបស់លោកហ៊ុនម៉ាណែតគ្រោងនឹងកាន់ការងារដ៏ឧត្តម មានការកើនឡើងចាប់ពីខែមិថុនាឆ្នាំ២០២០នេះ។

ឧត្តមសេនីយ៍ឯកផ្កាយបីរូបនេះ បានឡើងតំណែងគ្រឹតៗពីអនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ទៅជាប្រធានយុវជនបក្សប្រជាជនកម្ពុជា។

គណបក្សនេះបានកាន់អំណាចនៅកម្ពុជាតាំងពីឆ្នាំ១៩៧៩ ហើយបានពង្រឹងអំណាចរបស់ខ្លួនតាំងពីគណបក្សសង្គ្រោះជាតិត្រូវបានហាមឃាត់មិនអោយធ្វើនយោបាយនៅឆ្នាំ២០១៧មក។ មុនការបោះឆ្នោតឆ្នាំ២០១៨ លោកហ៊ុនសែនដែលមានវ័យ៦៨ឆ្នាំ បានថ្លែងថា អនាគតរបស់លោកម៉ាណែត គឺអាស្រ័យទៅលើបក្ស និងប្រជាជនថាតើអាចគាំទ្រកូនច្បងរបស់លោកជានាយករដ្ឋមន្រ្ដីឬអត់។ តែលោកហ៊ុនសែននិយាយនៅក្នុងសុន្ទរកថានោះថា លោកនឹងនៅបន្ដកាន់អំណាច១០ឆ្នាំទៀត។

យ៉ាងណាក៏ដោយចេតនាជាក់ស្ដែងរបស់លោកហ៊ុនសែន អាចមានឧបសគ្គរាំងខ្ទប់ជាច្រើនសម្រាប់ឪពុក និងកូនទាំងពីរនាក់នេះ។ លោកកំពុងតែប្រយុទ្ធនឹងក្រុមសេសសល់គាំទ្រគណបក្សសង្គ្រោះជាតិ ខណៈកម្ពុជាមានភាពមិនច្បាស់លាស់ខាងផ្នែកសេដ្ឋកិច្ចនៅអំឡុងពេលកូវីដ១៩ ហើយចលាចលសង្គមបានកើតមានឡើង ព្រោះមានការកើនឡើងនូវការដាក់សម្ពាធលើសេរីភាពបញ្ចេញមតិ និងការរឹតត្បិតលើសង្គមស៊ីវិល។

តែទោះបែបនេះក៏ដោយអ្នកអង្កេតការណ៍មើលឃើញថា ការស្នងតំណែងរបស់លោកហ៊ុនម៉ាណែតគឺកាន់តែជារឿងជៀសមិនរួច។

លោក សំ សឿន (Sam Seun) អ្នកនាំពាក្យរាជបណ្ឌិតសភាកម្ពុជាពន្យល់ក្នុងបទសម្ភាសន៍ជាមួយសាព័ត៌មាន South China Mrning Post ថាលោក ហ៊ុនម៉ាណែត ដែលត្រូវបានតែងតាំងអោយដឹកនាំ យុវជនគណបក្សប្រជាជនកម្ពុជា ព្រោះលោកហ៊ុនសែនយល់ថានៅពេលអនាគត យុវជននឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំកម្ពុជា ហើយលោកចង់ធានាថា កម្ពុជារួចរាល់សម្រាប់មេដឹកនាំអនាគត។

តាមការរំពឹងទុក បើសិនលោក ហ៊ុន ម៉ាណែត នៅថ្ងៃណាមួយទទួលតំណែងពីឪពុកបាន គឺផ្លូវរបស់លោកទៅរកអំណាចនោះនឹងដើរខុសគ្នាពីឪពុករបស់លោក។ លោក ហ៊ុន ម៉ាណែត បច្ចុប្បន្នមានវ័យ៤២ឆ្នាំហើយ លោកកើតនៅថ្ងៃទី២០ តុលា ឆ្នាំ១៩៧៧ ក្នុងរបបវាលពិឃាតខ្មែរក្រហម ហើយលោកហ៊ុនសែននៅពេលនោះគឺជាអតីតកម្មាភិបាលខ្មែរក្រហមម្នាក់។

ប៉ុន្ដែនៅពេលកំណើតរបស់លោកហ៊ុនម៉ាណែត របបដឹកនាំនេះក៏ធ្វើវិសុទ្ធកម្ម ហើយលោកហ៊ុនសែន និងកម្មាភិបាលរបស់លោកមួយចំនួនក៏បានរត់ភៀសខ្លួនទៅកាន់ប្រទេសវៀតណាម។ លោក ហ៊ុន សែន ដែលជួយវៀតណាមអោយលុកលុយចូលកម្ពុជាក្នុងឆ្នាំ១៩៧៩ គឺនៅខែមករា របបប៉ុលពត ក៏បរាជ័យ ហើយបង្កើតឲ្យមានក្រុមទ័ពព្រៃក្នុងសង្រ្កាមស៊ីវិលនៅកម្ពុជា។

ភាពជោគជ័យនេះបានធ្វើអោយលោកហ៊ុនសែនក្លាយជាឧបនាយករដ្ឋមន្រ្ដីមួយរូបដែលស្ថិតក្នុងរដ្ឋាភិបាលលើកបន្ដុបដោយវៀតណាម ហើយលោកបានឆក់យកតំណែងកំពូលនេះនៅឆ្នាំ១៩៨៥ បន្ទាប់ពីការស្លាប់របស់នាយករដ្ឋមន្រ្ដីចាន់ស៊ី។ ក្រុមប្រឆាំងថា កម្ពុជាកាន់តែស្និទ្ធនឹងចិន គឺកំពុងប្រលែងលេងនឹងភ្លើង។

ក្រុមប្រឆាំងចោទថា រដ្ឋាភិបាលរបស់លោកហ៊ុនសែនបានធ្វើទុក្ខទោស អ្នកទោសនយោបាយរាប់ពាន់នាក់នៅពេលលោកហក់កាន់តំណែងជានាយករដ្ឋមន្រ្ដី ប៉ុន្ដែលោកទទួលបានសិទ្ធិពេញលេញក្នុងតួនាទីមួយនេះនៅពេលដែលបក្សពួករបស់លោកបានយល់ព្រមចុះសន្ធិសញ្ញាសន្ដិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។

សន្ធិសញ្ញានេះហើយដែលត្រួសត្រាយផ្លូវអោយមានប្រតិបត្តិការរបស់កងរក្សាសន្ដិសុខអង្គការសហប្រជាជាតិហើយបានបើកប្រទេសកម្ពុជាឲ្យមានការវិនិយោគពីបរទេស។

ទោះមានការបោះឆ្នោតដោយមានការរៀបចំពីអង្គការពិភពលោកក្ដី តែជាលទ្ធផល ការបោះឆ្នោតសភាត្រូវបានទុកមួយឡែក ហើយលោកហ៊ុនសែនបាន កាន់អំណាចជាមួយនឹងសម្ដេចនរោត្តមរណឬទ្ធិ ដែលប្រទេសមួយមាននាយករដ្ឋមន្ត្រី២រូប។

ក្នុងរយៈពេលតែជាង២ឆ្នាំប៉ុណ្ណោះ លោកហ៊ុនសែនបានរៀបចំ រដ្ឋប្រហារបង្ហូរឈាមមួយដើម្បីឆក់យកតំណែងពីសត្រូវរបស់លោកហើយឡើងកាន់អំណាចក្នុងឆ្នាំ១៩៩៧ ទោះពេលនោះមាននាយករដ្ឋថ្មីម្នាក់មកជំនួសសម្ដេចក្រុមព្រះក៏ដោយ។ ពេលនោះលោក ហ៊ុន ម៉ាណែត កំពុងរៀននៅសាលាបណ្ឌិតសភាយោធា West Point ក្នុងសហរដ្ឋអាមេរិក។

នៅឆ្នាំ១៩៩៩ លោកហ៊ុនម៉ាណែត បានក្លាយជាជនជាតិខ្មែរដំបូងគេបញ្ចប់ការសិក្សានៅសកលវិទ្យាល័យយោធាដ៏ល្បីបំផុតនេះ។ បន្ទាប់ពីលោកបានអនុបណ្ឌិតពីអាមេរិក និងបញ្ចប់ថ្នាក់បណ្ឌិតនៅអង់គ្លេស លោក ហ៊ុន ម៉ាណែត បានត្រឡប់មកកម្ពុជានៅឆ្នាំ២០០៨។

ភ្លាមៗបន្ទាប់ពីលោកត្រឡប់មកវិញ លោកបានទទួលភារកិច្ចយ៉ាងសំខាន់មួយក្នុងដំណើរការចរចានឹងការដែលទាហានថៃបានចូលឈ្លានពានតំបន់ប្រាសាទព្រះវិហាររបស់ខ្មែរ។

នៅឆ្នាំ២០០៨ នោះដែរ គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈ ភ្លូកទឹកភ្លូកដី គឺ៩០ លើ១២៣អាសនៈ។ នេះជាជោគជ័យនៃយុទ្ធសាស្រ្ដយោធា ដែលអ្នកសង្កេតការណ៍មួយចំនួនមើលឃើញថា ភាពស្ងប់ស្ងាត់នៃជម្លោះនៅប្រាសាទព្រះវិហារ គឺជាការជម្រុញឲ្យមានការគាំទ្រសម្រាប់បក្សនេះ ហើយក៏ជាគុណសម្បត្តិសំរាប់ លោក ហ៊ុន ម៉ាណែត ដែរ។

យ៉ាងណាក៏ដោយ លោក Sebastian Strangio អ្នកកាសែតម្នាក់ និង ជាអ្នកនិពន្ធម្នាក់ដែលសរសេរឯកសារអំពីការឡើងកាន់អំណាច និងការក្ដាប់អំណាចរបស់លោកហ៊ុនសែ អះអាងថាតួនាទីរបស់លោក ហ៊ុន ម៉ាណែត ក្នុងជម្លោះព្រំដែននោះ មានចំនុចដែលសង្ស័យ។

លោកបន្តថាអ្វីដែលជាការពិតរយៈពេលបីឆ្នាំក្រោយមក លោក ហ៊ុន ម៉ាណែត បានឡើងឋានន្តរសក្តិផ្កាយមាសពីរ ហើយពីរឆ្នាំក្រោយមកលោក ហ៊ុន ម៉ាណែតបានឡើងផ្កាយមាសបី។

មុនការបោះឆ្នោតឆ្នាំ២០១៨ លោក ហ៊ុន ម៉ាណែត បានទទួលតួនាទីជាអគ្គមេបញ្ចការរងកងយោធពលខេមរភូមិន្ទ ដែលតំណែងនេះប្រៀបដូចជាការពារឪពុករបស់លោកអំឡុងពេលបោះឆ្នោតមួយដែលអាមេរិក និងអ្នកសង្កេតការណ៍ជាច្រើនចាត់ទុកថា ជាប្រជាធិបតេយ្យធាក់ថយក្រោយព្រោះតែការរំលាយបក្សសង្គ្រោះជាតិ ជាបក្សប្រឆាំងដ៏ធំបំផុតនៅកម្ពុជា ហើយឆ្នាំ២០១៨នោះគណបក្សប្រជាជនកម្ពុជាក៏ឈ្នះអាសនៈទាំងអស់១២៥នៅក្នុងរដ្ឋសភាដែរ។ ប៉ុន្ដែសំណួរនៅតែកើតមានអំពីការវិវត្តន៍នៃការផ្លាស់ប្ដូរអាជីពរបស់លោក ។

សាស្រ្ដាចារ្យនៅសកលវិទ្យាល័យ Emeritus និងជាអ្នកប្រវត្តិសាស្រ្ដយោធា លោក Carl Thayer និយាយថា លោក ហ៊ុន ម៉ាណែត មានបទពិសោធន៍យោធាតិចជាងអ្នកដទៃ នៅក្នុងតំណែងផ្កាយបីរបស់លោកនេះ។

លោកCarl Thayer បានចង្អុលបញ្ជាក់អំពីការតម្លើងតំណែងរបស់លោក ហ៊ុន ម៉ាណែត តាំងពីលោកត្រឡប់មកកម្ពុជានៅឆ្នាំ២០០៨បានក្លាយជាវីរសេនីយ៍ឯកតែម្ដង។ លោកថានៅប្រទេសអភិវឌ្ឍន៍ជឿនលឿន តំណែងដែលអ្នកទទួលបានគឺអាស្រ័យទៅលើពេលវេលានិងតួនាទី ដែលមនុស្សបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ប៉ុន្តែគេនឹងមិនអាចទទួលបានការតំឡើងឋានន្ដរសក្តិដោយធ្វើកិច្ចការតិចតួចនោះទេ។ លោកបន្តថា គាត់គឺជាមេបញ្ចាការរង ប៉ុន្ដែគាត់មិនដែលបញ្ជាទ័ព នៅក្នុងសមរភូមិនោះទេ។

យ៉ាងណាក៏ដោយ នាយកប្រតិបត្តិទូទៅនៃវិទ្យាស្ថានរាជបណ្ឌិតសភាកម្ពុជា លោក គិន ភា អះអាងថា លោកហ៊ុន ម៉ាណែត បានទទួលតំណែងនេះសមស្របនឹងការងាររបស់លោកនៅក្នុងការធ្វើទំនើបកម្មយោធានៅក្នុងប្រទេសរបស់លោក គឺលោកហ៊ុនម៉ាណែតជាអ្នកកែទម្រង់ និងជាអ្នកកសាងសមត្ថភាពរបស់កងទ័ព ជាអ្នករៀបចំសព្វាវុធនិងជាអ្នកលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសជាច្រើន។ លោកបន្តថា លោក ហ៊ុន ម៉ាណែត បានកសាងដៃគូទំនាក់ទំនងយោធារវាងកម្ពុជា និងចិន ដ៏មានសារសំខាន់។

ចិននេះហើយគឺជាអ្នកផ្គត់ផ្គង់សព្វាវុធធន់ធ្ងន់ហើយក៏ជាអ្នកវិនិយោគទុនដ៏សំខាន់បំផុតក្នុងតំបន់សេដ្ឋកិច្ចពិសេស នៅកម្ពុជា ជាពិសេសគម្រោងធំៗនៅតាមខេត្តជាប់ឆ្នេរសមុទ្រដូចជាក្រុងព្រះសីហនុ ហើយចិនក៏ជាម្ចាស់ជំនួយ និងកម្ចីកសាងថាមពលវារីអគ្គិសនីថែមទៀត។

ប៉ុន្តែក្នុងចំណោមគម្រោងទាំងនេះ ជាពិសេសគម្រោងនៅខេត្តជាប់ឆ្នេរ សមុទ្រ អាចជាហានិភ័យសំរាប់សហរដ្ឋអាមេរិក ខណៈកម្ពុជាអាចនឹងជាប្រទេសក្នុងផែនការមួយដែលចិនចង់សង់មូលដ្ឋានទ័ពជើងទឹករបស់ខ្លួន។

អ្នកប្រវត្តិសាស្ត្រលោក Carl Thayer លើកឡើងថាចិនដែលមានទំនាក់ទំនងក្នុងការផ្ដល់ជំនួយនៃរបបខ្មែរក្រហមអំឡុងពេលសង្រាមស៊ីវិល គឺពេលនេះបានគាំទ្ររដ្ឋាភិបាលលោកហ៊ុនសែន ធ្វើជាឃ្លាំងនៃសេដ្ឋកិច្ចហើយមានឥទ្ធិពលលើវិស័យយោធាកម្ពុជា ជាពិសេសការសិក្សារៀនសូត្រពីចិនទៅលើថ្នាក់ដឹកនាំកម្ពុជាកាន់តំណែងធំៗនៃវិស័យនេះ។

កាលពីឆ្នាំ២០១៩ លោកហ៊ុនសែន និយាយថា កម្ពុជាបានទិញអាវុធដល់ទៅ៤០លានដុល្លារពីចិន។ ហើយថ្មីៗនេះទៀត ពលរដ្ឋបានចោទជាសំណួរ អំពីការទិញនូវរថយន្ដដឹកទាហានដល់ទៅ៣០០គ្រឿងពីប្រទេសចិនអំឡុងពេលកូវីដ១៩ ដែលរុញអោយពលរដ្ឋខ្មែររាប់សែននាក់ជាកម្មករធ្លាក់ទៅក្នុងភាពលំបាកលំបិនកាន់តែខ្លាំងឡើង។ប៉ុន្ដែលោកហ៊ុនម៉ាណែតបានអះអាងថា រដ្ឋាភិបាលមិនប្រើកម្ចីថវិកាជាតិទេ គឺពឹងផ្អែកលើកិច្ចខិតខំប្រឹងប្រែងការរៃអង្គាសរបស់ឪពុក លោក ទៅវិញទេ។

ប៉ុន្តែក្នុងពេលជាមួយគ្នានោះដែរ លោកបដិសេធនូវការចុះផ្សាយថាចិន ជាអ្នកបរិច្ចាគរថយន្ដទាំងនេះអោយកម្ពុជា ខណៈកម្ពុជាបានធូរស្រាលដោយសារកូវីដ១៩ ហើយបានបញ្ជូនអ្នកជំនាញសុខាភិបាលនិងសម្ភារៈថ្នាំពេទ្យអោយចិនផងដែរ។ ចំណែកភាពតានតឹងរវាងចិននិងអាមេរិករិកចេះតែបន្ដកើនឡើងពាក់ព័ន្ធនឹងជម្លោះនៅសមុទ្រចិនខាងត្បូង ដែលលោក ហ៊ុន ម៉ាណែត កំពុងតែស្ថិតក្នុងស្ថានភាពលំបាក។

ទោះបីបានរៀនសូត្រទទួលបានការអប់រំពីអាមេរិក ហើយអ្នកជំនាញមួយចំនួនមើលឃើញថាលោក ហ៊ុន ម៉ាណែត ជាសម្ព័ន្ធមិត្តនឹងក្រុងវ៉ាស៊ីនតុន ក៏ដោយ ប៉ុន្តែអ្នកនិពន្ធ Strangio ថាលោកហ៊ុនម៉ាណែតចង់រក្សាជំហររបស់លោកដើម្បីបង្កើនយុទ្ធសាស្រ្ដបន្ថែមទៀតរវាងអាមេរិកនិងចិន។

លោកបន្តថាក្នុងពេលលោក ហ៊ុន សែន មានអំណាចណែនក្នុងដៃ គឺការផ្ទេរអំណាចទៅលោកហ៊ុនម៉ាណែតទំនងមិនមានឧបសគ្គអ្វីនោះទេ។ ទោះជាបែបនេះក្តី លោកមើលមិនឃើញថា លោក ហ៊ុន ម៉ាណែត អាចរក្សាបាននូវកេរ្តិ៍តំណែលរបស់ឪពុកលោកបាននោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស