37 C
Phnom Penh

ក្រុមអ្នកឃ្លាំមើលថា ប្រជាពលរដ្ឋខ្មែរបាត់បង់ជំនឿចិត្តលើការអនុវត្តច្បាប់របស់មន្ត្រីរដ្ឋាភិបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំកិច្ចប្រជុំបន្ទាន់ភ្លាមៗជាមួយនឹងតំណាងក្រុមអ្នកទាមទារសិទ្ធិបញ្ចេញមតិដើម្បីយុត្តិធម៌សង្គម និងសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ ៣ រូប នៅរសៀលថ្ងៃទី២៧នេះ។

កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីមានការជូនដំណឹងពីក្រុមអ្នកតស៊ូមតិដើម្បីសេរីភាព និងសិទ្ធិពលរដ្ឋ ដែលសុទ្ធសឹងជាតំណាងពលរដ្ឋតាមសហគម និស្សិតបញ្ញវន្ត កម្មករ ចំនួន ២០០ នាក់ កាលពីថ្ងៃទី២៤ ខែសីហា បានដាក់លិខិតជូនដំណឹងស្តីពីការធ្វើបាតុកម្មដោយសន្តិវិធីដើម្បីឲ្យពលរដ្ឋសំដែងមតិ និងអប់រំ ផ្សព្វផ្សាយគោលការណ៍ច្បាប់សិទ្ធិមនុស្ស ព្រមទាំងអប់រំទស្សនទានតាមបែបព្រះពុទ្ធសាសនា។

កិច្ចពិភាក្សានេះមានការចូលរួមពីលោក អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ លោកអគ្គស្នងការនគរបាលជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសមាសភាពចំនួន១៥ រូបផ្សេងទៀត ព្រមទាំងតំណាងអ្នកតស៊ូរមតិទាំង៣រូប មានលោក មាន ព្រហ្មមុនី លោក ថា ឡាវី និងកញ្ញា អេង ម៉ាឡៃ ផងដែរ ដែលបានធ្វើឡើងនៅសាលារាជធានីភ្នំពេញ កាលពីសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ។

លោក មាន ព្រហ្មមុនី តំណាងក្រុមអ្នកទាមទារសិទ្ធិពលរដ្ឋបានលើកឡើងក្នុងគណនីយ្យFacebook របស់លោកមុននឹងចូលរួមក្នុងដំណើរការកិច្ចពិភាក្សានោះថា យុទ្ធនាការនេះគឺធ្វើឡើងដើម្បីការពារសិទ្ធិសេរីភាពប្រជាពលរដ្ឋ អធិបតេយ្យភាព និងបូរណភាពទឹកដី ហើយនិងប្រកាន់ខ្ជាប់នូវគោលជំហរតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ គោលការណ៍សិទ្ធមនុស្សឲ្យស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិផងដែរ។

យុទ្ធនាការនេះគ្រោងនឹងធ្វើចាប់ពីថ្ងៃទី០២ ខែកញ្ញា រហូតដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៦ល្ងាច នៅទីលានប្រជាធិបតេយ្យថ្មី ក្នុងខ័ណ្ឌឫស្សីកែវ ដោយពួកគេនឹងនាំគ្នាទៅបោះតង់ដេកនៅទីនោះទាំងថ្ងៃទាំងយប់តែម្តង។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា ៣៧ បានចែងយ៉ាងច្បាស់ថា សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធីត្រូវយកមកអនុវត្តក្នុងក្របខ័ណ្ឌនៃច្បាប់។

សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សមាត្រា ១៩ ចែងថា មនុស្សគ្រប់រូប មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដោយគ្មានការជ្រៀតជ្រែក និងសេរីភាពក្នុងការស្វែងរកការទទួលនិងការផ្សព្វផ្សាយព័ត៌មាន និងគំនិតនានា ទោះតាមមធ្យោបាយសំដែងមតិណាមួយក៏ដោយ។

រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២០ បានចេញសេចក្តីណែនាំ អំពីការជួបជុំ ឬប្រមូលផ្តុំទាំងអស់ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកដល់រដ្ឋបាលរាជធានីភ្នំពេញជាដាច់ខាត។ ពួកគេព្រមានថារាល់សកម្មភាពប្រមូលផ្តុំដែលគ្មានការជូនដំណឹងជាលាយលក្ខណ៍អក្សរទេនោះនឹងត្រូវចាត់ទុកថាជាទង្វើខុសច្បាប់ អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

ក្រុមអ្នកឃ្លាំមើលតែងចោទថាការបង្ខិតបង្ខំឲ្យក្រុមអ្នកតស៊ូមតិដាក់លិខិតជូនដំណឹងនោះគ្រាន់តែជាលេសរបស់អាជ្ញាធរប៉ុណ្ណោះ ព្រោះជាច្រើនលើកច្រើនសារមកហើយដែលក្រុមអ្នកតវ៉ាបានដាក់លិខិតជូនរដ្ឋបាលរាជធានីភ្នំពេញ តែមិនដែលទទួលបានការឆ្លើយតប ឬការយល់ព្រមត្រឡប់មកវិញម្តងណាឡើយ។

អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍គាំទ្ររាល់សកម្មភាពតវ៉ាទាមទារដោយសន្តិវិធីដើម្បីសិទ្ធិសេរីភាពមូលដ្ឋានរបស់ពលរដ្ឋទាំងស្រុង ត្បិតការតវ៉ានេះជាសកម្មភាពដែលបានចូលលរួមចជួយលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាយ៉ាងពេញលេញ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស