ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានបញ្ជាក់ថា លោកនឹងដឹកនាំក្រុមការងារចុះទៅជួបជាមួយប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ ដែលអះអាងថាបាត់បង់ដីធ្លីដោយសារការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាមកន្លងមក ប៉ុន្តែត្រូវរង់ចាំរបាយការណ៍ពីអាជ្ញាធរខេត្ត ជាមុនសិន។
ការអះអាងនេះ ក្រោយមានការបញ្ជាផ្ទាល់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឱ្យទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង ចុះទៅពិនិត្យផ្ទាល់បញ្ហាដីធ្លី ដែលពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំអះអាងថា បានបាត់ដីរាប់រយហិកតា ក្រោយពេលភាគីកម្ពុជា-វៀតណាម បានបោះបង្គោលរួច។
លោក វ៉ា គឹមហុង បានប្រាប់ក្រុមអ្នកសាព័ត៌មាន នៅក្រោយការបញ្ចប់ពិធីប្រគល់ផែនទីឋានលេខាព្រំដែន ខ្នាត ១លើ២៥ពាន់ ជូនដល់ក្រសួងស្ថាប័នពាក់ព័ន្ធចំនួន៣៥ ដើម្បីយកទៅប្រើប្រាស់ ថា លោកនឹងចុះទៅតំបន់ដែលពលរដ្ឋក្នុងខេត្តត្បូងឃ្មុំអះអាងថាបាត់ដីធ្លី ដោយសារការបោះបង្គោលព្រំដែន ប៉ុន្តែលោករង់ចាំទទួលរបាយការណ៍ អាជ្ញាធរខេត្តឱ្យបានច្បាស់លាស់ជាមុនសិន។
ពលរដ្ឋឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំអះអាងថា ពួកគេបានបាត់បង់ដីស្រែចំការ រាប់រយហិកតា ក្រោយពេលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានបោះបង្គោលព្រំដែនជាផ្លូវការរួច ហើយភាគីវៀតណាមតែងហាមឃាត់មិនឱ្យពួកគាត់ចូលទៅអាស្រ័យផលដីធ្លីដែលពួកគាត់ធ្លាប់កាន់កាប់ពីដើមមកនោះឡើយ។
បញ្ហាព្រំដែននេះហើយ ដែលជាដើមហេតុធ្វើឱ្យប្រធានសហភាពសហជីពកម្ពុជាលោក រ៉ុង ឈុន ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ និងមនុស្ស៤នាក់ផ្សេងទៀត ត្រូវជាប់ពន្ធនាគារ ដោយតុលាការចោទប្រកាន់ពួកគេទាំងនោះពីបទញុះញង់ និងបង្កភាពវឹកវរដល់សង្គមជាតិ។
លោក វ៉ា គឹមហុង ក៏បានបញ្ជាក់ថា តាមតាមទិន្នន័យ ដែលលោកទទួលបាន គឺមានប្រជាពលរដ្ឋតែ១៨នាក់ប៉ុណ្ណោះ ដែលបានបាត់ដី មានន័យថាមានមិនដល់ជាង១៨០នាក់ ដូចអ្វីដែលក្រុមគាំទ្រអតីតប្រឆាំងលើកឡើងនោះទេ។ កាលពីថ្ងៃទី២៥ ខែសីហាលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាទៅ លោក វ៉ា គឹមហុង ឱ្យចុះទៅជួបពលរដ្ឋមួយចំនួន ដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ ក្រោយពេលមានការចោទសួររឿងនេះ ពីសំណាក់សមាជិកឧត្តមក្រឹមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់៕