29 C
Phnom Penh

ប្រមុខការពារជាតិ ថាបញ្ហាព្រំដែន ត្រូវបានក្រុមប្រឆាំងយកធ្វើជាអាជីវកម្មនយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រីក្រសួងការពារជាតិ អះអាងថា បញ្ហាព្រំដែនត្រូវបានក្រុមប្រឆាំងយកមកធ្វើអាជីវកម្ម ផ្សព្វផ្សាយរឿងប្រឌិត ដើម្បីកេងចំណេញនយោបាយ ឬជាឈ្នាន់នយោបាយ ដែលនាំទៅជាបញ្ហារើសអើងពូជសាសន៍ ហើយនឹងអាចឈានទៅរកសង្គ្រាមទៀតផង។

ថ្លែងក្នុងពិធីប្រគល់ផែនទីបម្លែងខ្នាត ១លើ២៥ ០០០ ជូនដល់ក្រសួងស្ថាប័នពាក់ព័ន្ធចំនួន៣៥ ដើម្បីយកទៅប្រើប្រាស់នៅថ្ងៃទី២៧ ខែសីហា ប្រមុខការពារជាតិកម្ពុជា លោក ទៀ បាញ់ មានប្រសាសន៍ដោយហៅសកម្មទាំងនោះ គឺមានគោលដៅធ្វើប្រជាភិថុតិយ៉ាងច្បាស់លាស់។ លោកបន្តថា ប្រសិនបើមិនមានការបកស្រាយ និងទប់ស្កាត់នោះទេ គឺជាហានិភ័យមួយដែលអាចនាំឱ្យមានសង្គ្រាមបង្កវិនាសសកម្មដល់ប្រទេសជាតិ និងប្រជាជនផងដែរ។

បើទោះបីជាយ៉ាងនេះក្តី លោកអះអាងថា រាជរដ្ឋាភិបាលមិនរាថយក្រោយទេ ក្នុងការកសាងព្រំដែនមួយ ដែលមានភាពត្រឹមត្រូវតាម  លក្ខណៈបច្ចេកទេសស្របតាមច្បាប់ជាតិ គាំទ្រដោយច្បាប់អន្តរជាតិ និងរក្សាបាននូវអធិបតេយ្យជាតិ។

លើសពីនេះលោក ទៀ បាញ់ និយាយទៀតថា បញ្ហាព្រំដែន ជាបញ្ហាអធិបតេយ្យជាតិ ជាអាយុជីវិតរបស់ជាតិ ដែលតម្រូវឱ្យយើងទាំងអស់គ្នាធ្វើការងារនេះឱ្យបានហ្មត់ចត់ជាទីបំផុត និងអាចទទួលយកបានពីគ្រប់មជ្ឈដ្ឋានទាំងអស់ ខណៈរដ្ឋាភិបាលតែងព្យាយាមលាក់បាំងរឿងជាច្រើនពាក់ព័ន្ធបញ្ហាដែន និងតែងធ្វើទុក្ខបុកម្នេញទៅលើក្រុមជនទាំងឡាយដែលហ៊ានរិះគន់រឿងបញ្ហាដែនព្រំដែន ពិសេសជាមួយវៀតណាម។

ជាក់ស្តែងអតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី លោក ហុង សុខហួរ អតីតសមាជិកតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួន និងឃុំខ្លួនជិត២ឆ្នាំ អំឡុងឆ្នាំ២០១៥និង២០១៦ ពាក់ព័ន្ធការរិះគន់រឿងព្រំដែនកម្ពុជា-វៀតណាម។

ថ្មីៗនេះ ប្រធានសហភាពសហជីពកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន និងប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ព្រមទាំងមនុស្ស៤នាក់ផ្សេងទៀត ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយតុលាការចោទប្រកាន់ពីបទញុះញង់ និងបង្កភាពវឹកវរដល់សន្តិសុខសង្គម ដោយផ្តើមហេតុចេញពីបញ្ហាព្រំដែននេះដែរ។

ទោះបីជាយ៉ាងនេះក្តី ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត នៅថ្ងៃនេះ បានប្រកាសច្រានចោលជាថ្មីទៀត ចំពោះការប្រើប្រាស់ផែនទីថ្មី ខ្នាត១លើ២៥ពាន់ ដែលដឹកនាំគូសដោយប្រទេសវៀតណាម ហើយប្រថាប់ត្រាដោយក្រុមការងារ លោក វ៉ា គឹមហុង នៃភាគីកម្ពុជា រួចបញ្ជូនទៅបោះពុម្ភនៅប្រទេសដាណឺម៉ាក់ នាពេលកន្លងទៅ។

លោក ម៉ែន ណាត បន្តថា ផែនទីប្រភេទថ្មីនេះ ជាការធ្វើឡើងដោយផ្អែកទៅលើមូលដ្ឋានសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋដោយខុសច្បាប់កាលពីឆ្នាំ១៩៨៥ ដែលជាសន្ធិសញ្ញាមិនស្មើភាពគ្នា និងធ្វើឡើងស្ថិតនៅក្រោមការត្រួតត្រាដោយកងទ័ពវៀតណាម។

លោកអះអាងថា បើទោះពីជាសន្ធិសញ្ញាខុសច្បាប់នេះ ត្រូវបានផ្តល់សច្ចាប័នឡើងវិញ តាមរយៈសន្ធិសញ្ញាបំពេញបន្ថែមនាឆ្នាំ២០០៥ និងនៅឆ្នាំ២០១៩ ក៏ដោយ ប៉ុន្តែវានៅតែមិនស្របច្បាប់ដដែល ពីព្រោះវាផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា មាត្រា២ ដែលតម្រូវឱ្យប្រើប្រាស់ផែនទីបោន ខ្នាត១លើ១រយពាន់ របស់ក្រុមភូមិសាស្ត្រឥណ្ឌូចិន ដែលតម្កល់ទុកនៅអង្គការសហប្រជាជាតិ។ បន្ថែមពីនេះ ការប្រើប្រាស់ផែនទីខ្នាត១លើ២៥០០០ ដែលរៀបចំឡើងដោយភាគីវៀតណាមនេះ គឺផ្ទុយស្រឡះពីមាត្រា ៥៥ នៃរដ្ឋធម្មនុញ្ញ និងប្រាសចាកពីខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ ទៀតផង។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះ យល់ឃើញថារដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រកម្ពុជា និងប្រជាជនខ្មែរ ដោយហ៊ានអះអាងទាំងបំពានច្បាប់ជាតិ និងអន្តរជាតិ ថាការបោះបង្គោលព្រំដែននិងការប្រើប្រាស់ផែនទីថ្មីនេះជាការត្រឹមត្រូវទៅវិញ។

ដោយឡែកចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ឬ SMD  ធ្លាប់ចេញសេចក្តីថ្លែងការណ៍ជាច្រើន ដោយលើកឡើងថាបញ្ហាព្រំដែន គឺជារឿងអាយុជីវិតជាតិ ពុំមែនជារឿងកេងចំណេងនយោបាយនោះឡើយ។ ស្ថាប័នដែលមានមូលដ្ឋាននៅក្រៅប្រទេសរូបនេះ លើកឡើងថារដ្ឋាភិបាលលោកហ៊ុន សែន គប្បីប្រើប្រាស់យន្តការអន្តរជាតិ ដូចជាយន្តការអង្គការសហប្រជាជាតិ យន្តការអាស៊ាន ខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១ជាដើម ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម ទាំងព្រំដែនគោក និងព្រំដែនសមុទ្រ។

លើសពីនេះ  SMD ជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដាក់បញ្ហាដែនកោះមួយចំនួនដែលជារបស់កម្ពុជា គ្រប់គ្រងដោយវៀតណាមបច្ចុប្បន្ន រួមមានកោះត្រល់ កោះក្រចកសេះ ជាដើម ប្តឹងទៅតុលាការអន្តរជាតិតែម្តង។

អនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យលោក គឹម សុខ បានប្រាប់សាព័ត៌មាន The Cambodia Daily នៅមុនការផ្សាយនេះបន្តិចថា ផែនទី មាត្រដ្ឋាន ១លើ២៥ពាន់ ជាឯកសារប្រល័យទឹកដីជាតិ ព្រោះខុសពីខ្លឹមសាររដ្ឋធម្មនុញ្ញជាតិ និងកិច្ចព្រមព្រៀងក្រុងប៉ារីស៍ ដែលការពារបូរណភាពទឹកដីជាតិ។

លោកបន្តឯកសារផែនទីខ្នាត ១លើ២៥ពាន់ ហើយធ្វើស្ងាត់ៗជាមួយវៀតណាម ហើយលាក់បាំងពលរដ្ឋខ្មែរ និងគ្មានការចូលរួមពីអ្នកជំនាញបារាំង ដែលជាម្ចាស់គំនូសផែនទីដើមរបស់ប្រទេសកម្ពុជា ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស