28 C
Phnom Penh

អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ៣ រូប សុំសិទ្ធិធ្វើនយោបាយពីរដ្ឋាភិបាលឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិចំនួន៣ រូប បានសម្រេចដាក់លិខិតទៅឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។

តាមរយៈលិខិត៣ដាច់ដោយឡែកពីគ្នានៅថ្ងៃទី២៧ខែសីហានេះ បានឱ្យដឹងថា អតីតមន្ត្រីជាន់ខ្ពស់ទាំង៣ រូបនោះ រួមមានអតីតគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ និងជាអតីតសមាជិកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ លោក សុន ឆ័យ ។ ទី២ អតីតសមាជិកក្រុមការងារគណបក្សសង្រ្គោះជាតិខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការនាយក លោក វ៉ា សាម៉ុន។ ទី៣ គឺ អតីតសមាជិកក្រុមការងារខេត្តកំពង់ចាមដដែល និងជាសមាជិកគណៈកម្មាធិការនាយក គណបក្សសង្រ្គោះជាតិ លោក តាវ គឹមឈន ។

ក្នុងលិខិតដាក់ជូនលោក ស ខេង នៅថ្ងៃព្រហស្បតិ៍នេះ បានស្នើសុំលើកបម្រាមសិទ្ធិនយោបាយ ដើម្បីផ្តល់សម្បទារដល់ពួកគេទាំង៣រូប មានសិទ្ធិធ្វើនយោបាយឡើងវិញ។

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលបានសម្រេចរំលាយគណបក្សសង្រ្គោះជាតិចោល និងសម្រេចដាក់បម្រាមមន្ត្រីជាន់ខ្ពស់គណបក្សនេះចំនួន១១៨ រូប មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ព្រមទាំងដកហូតដំណែងគណបក្សប្រឆាំងតាំងពីថ្នាក់មូលដ្ឋានរហូតដល់តំណាងរាស្ត្រ និងព្រឹទ្ធសភា យកទៅបែងចែកឱ្យគណបក្សផ្សេង ពិសេសប្រគល់ទៅឱ្យគណបក្សប្រជាជនកម្ពុជាតែម្តង។

ការសម្រេចរំលាយ និងដាក់បម្រាមមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងពេលនោះ ពាក់ព័ន្ធនឹងសំណុំរឿងរបស់ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ៣ខែកញ្ញា ឆ្នាំ២០១៧ ដោយលោកហ៊ុន សែន ចោទថាក្បត់ជាតិ ខណៈមកទល់ពេលបច្ចុប្បន្នសំណុំរឿងនេះ នៅបន្តមិនទាន់បញ្ចប់នៅឡើយ ហើយលោកកឹម សុខា  តុលាការនៅមិនទាន់សម្រេចថាមានទោសឬ អត់នៅឡើយផង។

សហគមន៍ជាតិ និងអន្តរជាតិ ពិសេសសហរដ្ឋអាមេរិក បានចាត់ទុកការចាប់ខ្លួននិងឃុំខ្លួន លោក កឹម សុខា ព្រមទាំងការរំលាយគណបក្សប្រឆាំងជារឿងនយោបាយ ដែលប្រឌិតឡើងដោយព្រះរាជអាជ្ញា ពិសេសការចោទប្រកាន់ថាសហរដ្ឋអាមេរិកនៅពីក្រោយខ្នងការរៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន ប៉ុន្តែមកទល់ពេលនេះ អាមេរិកថាគ្មានភស្តុតាងអ្វីទាំងអស់។

មកទល់ពេលបច្ចុប្បន្ន មានអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិដែលជាប់បម្រាមធ្វើនយោបាយចំនួន១២នាក់ប៉ុណ្ណោះ ដែលបានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដោយពួកគេទាំងនោះខ្លះវិលទៅធ្វើនយោបាយជាមួយគណបក្សរបស់កូន វិលទៅធ្វើជាមន្ត្រីរាជការ និងមានខ្លះទៀតទៅបង្កើតគណបក្សនយោបាយថ្មីជាដើម៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស