26 C
Phnom Penh

ក្រុមអ្នកឃ្លាំមើលបញ្ហាព្រំដែន ព្រមានអំពីការបោះតង់កៅស៊ូ របស់យោធាវៀតណាម ប្រែទៅជាសំណង់ជម្រករឹងមាំថាអាចរុញទំនាស់ព្រំដែន ធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកឃ្លាំមើលបញ្ហាព្រំដែន សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពកាន់តែអាក្រក់  នៅតាមបន្ទាត់ព្រំដែនកម្ពុជា-វៀត ណាម ក្រោយពេលយោធាវៀតណាម បានប្រែក្លាយសំណង់រោងប្រក់តង់កៅស៊ូ ដោយអភិវឌ្ឍទៅជាសំណង់ឈើ ឬដែក ប្រក់ស័ង្កសី ដ៏រឹងមាំ ស្របពេលដែលតំបន់នោះ ភាគីកម្ពុជា-វៀតណាម ពុំទាន់មានដំណោះស្រាយត្រឹមត្រូវជាមួយគ្នានៅឡើយនោះ។

សេចក្តីថ្លែងការណ៍ របស់ចលនានិស្សិត ដើម្បីប្រជាធិបតេយ្យ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ បានចាត់ទុកសកម្មភាព របស់យោធាវៀតណាម ថា បានបង្ហាញអំពីមហិច្ឆតាឈ្លានពាន និងគំរាមកំហែង របស់ប្រទេសវៀតណាម មកលើប្រទេសកម្ពុជា មិនព្រលែងឡើយ។

ក្រុមនេះនិយាយថា ប្រទេសវៀតណាមនៅតែចិញ្ចឹមចិត្ត និងមានឧបាយកលបង្កើតបញ្ហាជាមួយកម្ពុជា នៅតាមតំបន់ព្រំដែនជាដរាប ហើយឆ្លៀតឱកាសកាត់ច្រៀកយកដីខ្មែរយកទៅគ្រប់គ្រង តាមវិធីកសាងសំណង់រឹងមាំថ្មីៗ, ការធ្វើផ្លូវថ្មីៗ ឬការជីកព្រែកថ្មីៗ, ជីកប្រឡាយថ្មីៗ រហូតដល់មានការបង្កើតភូមិវៀតណាម ចូលជ្រៅក្នុងទឹកដីកម្ពុជា។ 

 ចំណែកលិខិតរបស់លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដែលផ្ញើជូនអភិបាលខេត្តកណ្តាល កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ បានអះអាងក្នុងកម្មវត្ថុ ស្តីអំពីសកម្មភាពការពារព្រំដែនខេត្តអានយ៉ាង របស់វៀតណាម ប៉ុស្ដិ៍ ៩២៥ វិញសឿង ដែលបានរុះរើតង់ចាស់ ដោយផ្លាស់ប្ដូរសាងសង់តង់ថ្មី ជាជម្រករឹងមាំ។

សំណង់ថ្មីរឹងមាំនេះ មានទីតាំងកៀកកិត ស្ទើរជាប់នឹងភូមិ ក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល របស់កម្ពុជា ដោយឃ្លាតពីខ្សែបន្ទាត់ព្រំដែនទំនាស់បច្ចុប្បន្ន ចម្ងាយប្រមាណ១២០ម៉ែត្រប៉ុណ្ណោះ។

លិខិតដដែលនេះ បានពន្យល់ទៀតថា «នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២០ កម្លាំងប៉ុស្ដិ៍នគរបាលការពារព្រំដែនក្អមសំណ យោធាការពារព្រំដែនកង៦០១ និងនាយប៉ុស្ដិ៍ក្អមសំណ នៃភាគីខ្មែរ បានទៅជួបជាមួយប្រធានប៉ុស្ដិ៍ ៩២៥វិញសឿង នៃភាគីវៀតណាម ដើម្បីទាមទារឲ្យវៀតណាម បញ្ឈប់សកម្មភាព សាងសង់តង់ថ្មីនេះ។ ប៉ុន្តែភាគីវៀតណាម បានបញ្ជាក់ថា គេធ្វើតាមបញ្ជាថ្នាក់លើរបស់គេ ហើយថ្នាក់លើរបស់គេ មាន គម្រោងសាងសង់តង់ថ្មី (ជម្រករឹងមាំ) ចំនួន៤គោលដៅ លើ ១០គោលដៅចាស់ ដែលមានស្រាប់»។ 

ទោះជាយ៉ាងណាក៏ដោយ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ យល់ថា ទឹកដីជាតិកម្ពុជា កាន់តែរអិលធ្លាក់ក្នុងស្ថានភាពអាសន្នរើមិនរួច នៅពេលដែលវៀតណាម កាន់តែបង្ហាញទង្វើឈ្លានពានបែបយោធា ដោយគ្មានញញើត។ 

ក្រុមនេះនិយាយថា រដ្ឋាភិបាលកម្ពុជា បែរជាខំប្រឹងខ្ទប់សកម្មភាពការពារទឹកដីព្រំដែនជាតិ របស់ពលរដ្ឋខ្មែរ ដោយការធ្វើទុក្ខបុកម្នេញ, ការចាប់ដាក់គុក និងគម្រាមដល់អាយុជីវិត អ្នកដែលហ៊ានចេញមុខ សម្តែងមតិ ឬតវ៉ា លើករណីប្រទេសវៀតណាមបន្តឈ្លានពានទឹកដី ខ្មែរ ហើយ លោក ហ៊ុន សែន ក៏មិនហ៊ានក្អកជាមួយវៀតណាម នោះដែរ។

បន្ថែមលើនេះ គេសង្កេតឃើញថា ទឹកដីខ្មែរនៅតំបន់ខ្លះទៀតនៅតាមព្រំដែន ក៏ឃើញសកម្មភាព របស់ប្រទេសវៀតណាម បានចូលប្លន់ស្រស់ៗ យកដីស្រែចម្ការ របស់ប្រជាពលរដ្ឋខ្មែរ ធ្វើជាកម្មសិទ្ធិរបស់វៀតណាម ដូចជាទឹកដីខ្មែរ ផ្នែកខ្លះនៃតំបន់ដាក់ដាំ ខេត្តមណ្ឌលគីរី, ភូមិកំណើត របស់លោក ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា និងបញ្ហាព្រំដែនមួយផ្នែកនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលនាំទៅដល់ការចាប់ឃុំខ្លួន លោក រ៉ុង ឈុន, លោក សួង សុភ័ណ្ឌ, យុវជន ហ៊ុន វណ្ណៈ, យុវតី ឈឿន ដារ៉ាវី, កញ្ញា ស កន្និកា និងសកម្មជនមួយចំនួនទៀត ដោយបង្ខំដាក់គុកច្រវ៉ាក់។

ដោយសារវិបត្តិព្រំដែនជាតិកាន់តែធ្ងន់ធ្ងរ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ នៅតែជម្រុញឲ្យ រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវប្រឹងប្រែងបង្ហាញជំហរបម្រើប្រយោជន៍ខ្មែរខ្លះ ដោយត្រូវហ៊ានធ្វើលិខិតជូនដំណឹងអំពីការឈ្លានពាន របស់វៀតណាមនេះ ទៅកាន់សហប្រធានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលធានានូវបូរណភាពទឹកដីកម្ពុជា, អង្គការសហប្រជាជាតិ ដែលធានាឲ្យរដ្ឋនីមួយៗគោរពដែនអធិបតេយ្យគ្នា, និងសមាគមអាស៊ាន(ASEAN) ដែលតម្រូវឲ្យរដ្ឋសមាជិក «គោរពឯករាជ្យភាព អធិបតេយ្យភាព សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិនៃរដ្ឋ សមាជិកអាស៊ានទាំងអស់» ។

ទោះជាបែបនេះក្តី អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានបង្ហាញជំហ៊ ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ របស់ខ្លួន ដោយបានវាយតម្លៃខ្ពស់ ចំពោះជនរួមជាតិទាំងអស់ ដែលបានយកចិត្តទុកដាក់ឈឺឆ្អាលព្រួយបារម្ភពីបញ្ហាព្រំដែន ជាអាយុជីវិត នៃអធិបតេយ្យ របស់ជាតិដែលសបញ្ជាក់ឲ្យឃើញពីមនសិកា ឆន្ទៈ ស្មារតីសាមគ្គីជាតិដ៏រឹងមាំ ដែលជាកាតព្វកិច្ច របស់ប្រជាពលរដ្ឋគ្រប់រូប។

ទន្ទឹមគ្នានេះ អង្គភាពអ្នកនាំពាក្យ ក៏សង្កេតឃើញថា កន្លងមកថ្មីៗនេះ មានមតិមួយចំនួន ក៏ដូចជាវិទ្យុខ្លះ បានលើកឡើងដោយចោទប្រកាន់ បង្អាប់បង្ខូចមកលើរាជរដ្ឋាភិបាលថា “បានបិទសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ ក្នុងការជជែក ឬលើកឡើង ពីបញ្ហាព្រំដែន របស់ជាតិ”។

ត្រង់ចំណុចនេះ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល ក៏បានលើកយកប្រសាសន៍ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថ្លែងនៅក្នុងកិច្ចប្រជុំឆមាស នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ថា “រឿងឈឺឆ្អាលនឹងព្រំដែន រឿងទៅមើលព្រំដែន រឿងស្រលាញ់ទឹកដី គឺជារឿងដ៏ល្អ របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប មិនមែនជារឿងខុសច្បាប់នោះទេ។ ប៉ុន្តែអ្វីដែលជារឿងអាក្រក់ ដែលរដ្ឋាភិបាលមិនអាចអត់អោនឲ្យបាននោះ គឺការបំភ្លៃ ការមួលបង្កាច់ និងការញុះញង់ ដែលយកប្រធានបទព្រំដែនមកបំភ្លៃ មូលបង្កាច់ញុះញង់ ក្នុងចលនាលាក់លៀមដ៏អាក្រក់ ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ការមួលបង្កាច់ ការបំភ្លៃខុសពីការពិត ការញុះញង់ វាមិនមែនជាសេរីភាពបញ្ចេញមតិ នៅក្នុងក្របខណ្ឌសង្គមប្រជាធិបតេយ្យនោះទេ គឺជាបទល្មើសជាក់ស្តែង”៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស