26 C
Phnom Penh

ក្រុមអ្នកឃ្លាំមើលព្រំដែនព្រមានថា ព្រំដែនកម្ពុជា-វៀតណាមកំពុងស្ថិតក្នុងភាពប្រកាសអាសនុ្ន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកឃ្លាំមើលព្រំដែននៅថ្ងៃសុក្រ ទី២៨ ខែសីហា នេះ បានចោទ លោក ហ៊ុន សែន និងលោក ទា បាញ់ ថាកំពុងក្បត់ប្រជាជាតិខ្មែរលក់ទឹកដីរបស់ខ្លួនឲ្យទៅ វៀតណាមតាមរយៈការប្រើផែនទីខុសច្បាប់ ៣ប្រភេទ។

អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានរិះគន់ថារដ្ឋាភិបាលលោក ហ៊ុន សែន កំពុងកាត់ទឹកដីឲ្យវៀតណាមតាម                រយៈ ការប្រើមធ្យោបាយរៀបចំបង្កើតខ្សែព្រំដែនថ្មីដោយយកផែនទីខុសច្បាប់ទាំង៣ប្រភេទធ្វើជាមូលដ្ឋាន។

លោកបន្តថា ទី១ គឺការយកផែនទីបោន (Bonce) ខ្នាត១/១០០.០០០ ចំនួន២៦ផ្ទាំងដែលបានបោះពុម្ពនៅប្រទេសវៀតណាម។ ទី២ គឺការយកផែនទី យូធីអឹម (UTM) ខ្នាត ១/៥០.០០០ ចំនួន ៤០ផ្ទាំងដែលទាហានអាមេរិកកាំងប្រើសម្រាប់តែសម័យសង្គ្រាមវៀតតែប៉ុណ្ណោះ ហើយផែនទីនោះ គឺខុសទៅនឹងរដ្ឋធម្មនុញ្ញទាំងស្រុង។ ទី៣ គឺការយកផែនទីខ្នាត ១/២៥.០០០ ដែលរដ្ឋាភិបាលលោក ហ៊ុន សែន បានលួចធ្វើស្ងាត់ៗជាមួយប្រទេសវៀតណាម។

ការរិះគន់នេះធ្វើឡើងក្រោយការថ្លែងសុន្ទរកថារបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទា បាញ់ ដែលបានថ្លែងក្នុងពិធីប្រគល់ និងទទួលផែនទីឋានលេខាព្រំដែនគោកខ្នាត ១/២៥.០០០ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម នៅឯវិមានសន្តិភាពក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ម្សិលម៉ិញ។

ក្នុងពិធី ប្រគល់ និងទទួលផែនទីឋានលេខាព្រំដែនគោកខ្នាត ១/២៥.០០០ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាមនេះ លោក ទា បាញ់ បានអះអាងថាផែនទីខ្នាត ១/២៥.០០០ ជាផែនទីបង្ហាញពីលទ្ធផលប្រមាណ ៨៤% ដែលកម្ពុជា និងវៀតណាមសម្រេចបានលើការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនដែលផលិតឡើងតាមបែបបច្ចេកវិទ្យាទំនើបមានភាពជាក់លាក់ ហើយខ្សែបន្ទាត់ព្រំដែននៅលើផែនទីនេះ ត្រឹមត្រូវតាមខ្សែព្រំដែនដូចមាននៅលើផែនទីបោន (Bonce) ខ្នាត ១/១០០.០០០ ដែលបានបោះពុម្ពដោយភូមិសាស្ត្រឥណ្ឌូចិន។

លោកបញ្ចាក់ថាចំពោះបង្គោលព្រំដែននីមួយៗមានភ្ជាប់ ឈីប (Chip) ដែលបង្ហាញទីតាំងភូមិសាស្ត្រលើដីជាក់ស្តែងយ៉ាងជាក់លាក់ ដែលបង្ករលក្ខណៈងាយស្រួលក្នុងការប្រើប្រាស់ ខណៈផែនទីបោន (Bonce) ខ្នាត ១/១០០.០០០ មានត្រឹមតែខ្សែព្រំដែនទូទៅប៉ុណ្ណោះ។

លោក ទៀ បាញ់ បានរិះគន់ថាមានមជ្ឈនដ្ឋានមួយចំនួនបង្កើតស្មារតីជាតិនិយមជ្រុល ធ្វើឲ្យមានការបែកបាក់ជាតិ បង្កើតភាពភ័ន្តច្រំឡំនៅក្នុងចំណោមសាធារណៈមតិជាតិ និងអន្តរជាតិ ដើម្បីកេងចំនេញនយោបាយដែលអាចបង្ករគ្រោះមហន្តរាយដ៏ធំធេងសម្រាប់កម្ពុជាទាំងមូល ព្រមទាំងសន្តិសុខរវាងកម្ពុជា ជាមួយប្រទេសជិតខាងក្នុងតំបន់ថែមទៀត។

ចំណែក លោក ហ៊ុន សែន វិញ តែងអះអាងថាការបោះបង្គោលព្រំដែនដែលធ្វើឡើងដោយទ្វេរភាគីរវាងកម្ពុជា-វៀតណាម គឺលោកមិនបណ្តោយឲ្យបាត់ដីសូម្បីមួយមីលីម៉ែត្រជាដាច់ខាត។ លោកបញ្ជាក់ ថា ក្រោមការបង្កើតខ្សែព្រំដែនថ្មីកម្ពុជាមានតែចំណេញដីពីខាងភាគីវៀតណាមប៉ុណ្ណោះ។

កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ លោក ហ៊ុន សែន បានព្រមានចាប់ខ្លួនក្រុមអ្នកតវ៉ាអំពីបញ្ហាព្រំដែនគ្មានករណីលើកលែងជាដាច់ខាត ដោយលោកចាត់ទុកថាជាសកម្មភាពអ្នកតវ៉ាទាំងនោះកំពុងបង្ករអសន្តិសុខរវាងប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) យ៉ាងធ្ងន់ធ្ងរដែលអាចឈានដល់ការប្រឈមមុខនឹងការផ្ទុះសង្គ្រាមទៀតផង។

ក្រោយការព្រមានរបស់លោក ហ៊ុន សែន បាន១០ថ្ងៃ លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានជូនផ្ញើរលិខិតមួយច្បាប់ចុះថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២០ ដល់អភិបាលខេត្តកណ្តាល ដោយបានរៀបរាប់ អំពីសកម្មភាពការពារព្រំដែនខេត្តអានយ៉ាង របស់វៀតណាម ប៉ុស្ដិ៍៩២៥ វិញសឿង ដែលបានរុះរើតង់ចាស់ ដោយផ្លាស់ប្ដូរសាងសង់តង់ថ្មី ជាជម្រករឹងមាំ។

សំណង់ថ្មីរឹងមាំនេះ មានទីតាំងកៀក កិតស្ទើរជាប់នឹងភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល របស់កម្ពុជា ដោយឃ្លាតពីខ្សែបន្ទាត់ ព្រំដែនទំនាស់បច្ចុប្បន្ន ចម្ងាយប្រមាណ១២០ម៉ែត្រប៉ុណ្ណោះ ។

ខាងភាគីវៀតណាមបានបញ្ជាក់ថា គេធ្វើតាមបញ្ជាថ្នាក់លើរបស់គេ ហើយថ្នាក់លើរបស់គេមានគម្រោងសាងសង់តង់ថ្មី ដែលជាជម្រករឹងមាំ ចំនួន៤គោលដៅ លើ១០គោលដៅចាស់ ដែលមានស្រាប់»បន្ថែមទៀត។

មុននឹងមានការសាងសង់តង់ថ្មីជាជម្រករឹងមាំទាំងនេះ ពួកគេបានបោះតង់ប្រក់ដំបូលកៅស៊ូរចំនួន ២៨៤ ជាហូរហែរអស់រយៈពេលជាច្រើខែមកហើយតាមខ្សែព្រំដែនក្នុងតំបន់មិនទាន់ឯកភាពទាំងនោះក្រោមលេសបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

កាលពីថ្ងៃទី២៧ ខែសីហា ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ចាត់ទុកថាទឹកដីជាតិកម្ពុជាកាន់តែរអិលធ្លាក់ក្នុងស្ថានភាព គ្រោះអាសន្នរើមិនរួច នៅពេលដែលវៀតណាមកាន់តែបង្ហាញទង្វើឈ្លានពាន បែបយោធា ដោយគ្មានញញើត ហើយរដ្ឋាភិបាលកម្ពុជា ប្រឹងខ្ទប់សកម្មភាពការពារព្រំដែនជាតិរបស់ពលរដ្ឋខ្មែរ តាមរយៈការធ្វើទុក្ខបុកម្នេញ ការចាប់ដាក់គុក និងគម្រាមដល់អាយុជីវិតពលរដ្ឋខ្មែរ និងយុវជនខ្មែរកាន់តែខ្លាំងទៅវិញ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស