គណបក្សសង្គ្រោះជាតិ ដែលនៅតែឈ្មោះផ្ញើលិខិតចំហជូន លោក ហ៊ុន សែន ឲ្យចាត់ការយោធាយួនចូលឈ្លានពានបូរណភាពទឹកដីកម្ពុជា

គណបក្សសង្គ្រោះជាតិ ភាគីលោក សមរង្ស៊ី បានផ្ញើលិខិតចំហមួយច្បាប់ជូនលោក ហ៊ុន សែន ត្រូវមានចិត្តសឿងហ៊ានបញ្ចូនកំលាំងយោធា ទៅបណ្តេញទាហានវៀតណាមដែលកំពុងសាងសង់មូលដ្ឋានទ័ពរឹងមាំ ក្នុងទឹកដីកម្ពុជាទាំងនោះចេញឲ្យអស់ ដូចកាលដែល លោក ធ្លាប់បានអនុវត្តដើម្បីការពារទឹកដីពីការឈ្លានពាន របស់ថៃ និងឡាវ កាលពីពេលកន្លងមក។

លិខិតចំហដែលចុះហត្ថលេខាដោយលោក អ៊ុំ សំអាន ប្រធានគណៈកម្មការកិច្ចការព្រំដែន និងអន្តោប្រវេសន៍ របស់គណបក្សសង្គ្រោះជាតិ ភាគីលោក សមរង្ស៊ី ចាត់ទុកសកម្មភាពយោធាការពារព្រំដែនរបស់   វៀតណាម ជាសកម្មភាពដែលមិនគោរព និងមិនឲ្យតម្លៃដល់កម្ពុជានោះឡើយ ។

លោកបន្តថា វៀតណាម កំពុងបង្ហាញឲ្យឃើញអំពីចេតនា និងមហិច្ឆិតា របស់ខ្លួនក្នុងការឈ្លានពាន និងលេបត្របាក់ទឹកដីកម្ពុជា តាមបណ្តោយព្រំដែនជាប់ជាមួយវៀតណាមយ៉ាងជាក់ច្បាស់។

លោក អ៊ុំ សំអាន បានស្នើឲ្យ លោក ហ៊ុន សែន ត្រូវចាត់វិធានការ ជាក់លាក់ និងម៉ឺងម៉ាត់ ឲ្យទាហានវៀតណាម រុះរើតង់ និងសំណង់រឹងមាំទាំងអស់របស់ខ្លួន និងចាកចេញពីទឹកដីប្រទេសកម្ពុជា ជាបន្ទាន់។

លោក អ៊ុំ សំអាន ជំរុញឲ្យលោក ហ៊ុន សែន ត្រូវហ៊ានចេញមុខប្តឹងទៅក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ និងតុលាការយុត្តិធម៌អន្តរជាតិ ក្នុងទីក្រុងឡាអេ ស្តីពីការចូលឈ្លានពាន របស់វៀតណាម លើទឹកដីកម្ពុជា។

ទោះជាយ៉ាងណាក៏ដោយ លោកក៏សូមសម្តែងនូវការគាំទ្រ និងកោតសរសើរដោយស្មោះ ចំពោះកងកម្លាំងប្រដាប់អាវុធការពារព្រំដែនក្អមសំណរបស់ខ្មែរ ដែលមានសេចក្តីក្លាហ៊ានតតាំងចំពោះការឈ្លានពាន របស់ទាហានវៀតណាមមកលើបូរណភាពទឹកដីកម្ពុជាពេលនេះ។

កាលពីថ្ងៃទី២៦ ខែសីហា លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានផ្ញើលិខិត ឬកំណត់ហេតុមួយច្បាប់ជូន លោកអភិបាលខេត្តកណ្តាល បានរៀបរាប់អំពីសកម្មភាពការពារព្រំដែនខេត្តអានយ៉ាង របស់វៀតណាម ប៉ុស្ដិ៍៩២៥ វិញសឿង ដែលបានរុះរើតង់ចាស់ ដោយផ្លាស់ប្ដូរសាងសង់តង់ថ្មី ជាជម្រករឹងមាំតែម្តង។ សំណង់ថ្មីរឹងមាំនេះ មានទីតាំងជាប់នឹងភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល របស់កម្ពុជា ដោយឃ្លាតពីខ្សែបន្ទាត់ព្រំដែនមានទំនាស់បច្ចុប្បន្ន ចម្ងាយ១២០ម៉ែត្រ។ លិខិតដដែលឲ្យដឹងថា ភាគីវៀតណាម បានបញ្ជាក់ថា គេធ្វើតាមបញ្ជាថ្នាក់លើរបស់គេ ហើយថ្នាក់លើរបស់គេ មាន គម្រោងសាងសង់តង់ថ្មីដែលជាជម្រករឹងមាំ ចំនួន ៤គោលដៅ លើ១០គោលដៅចាស់ ដែលមានស្រាប់»។

យ៉ាងណាក៏ដោយចុះ មកដល់ល្ងាចថ្ងៃទី២៨ ខែសីហានេះ គេមិនទាន់ឃើញមានប្រតិកម្មបែបណាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅលើការឃ្លានពាន របស់យោធាវៀតណាម មកលើបូរណភាពទឹកដី កម្ពុជា នៅតាមព្រំដែនខេត្តកណ្តាល និងខេត្តមណ្ឌលគិរី នៅឡើយទេ ។

ប៉ុន្តែលោក ហ៊ុន សែន ធ្លាប់និយាយក្នុងកិច្ចប្រជុំប្រចាំឆមាស នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ថា “រឿងឈឺឆ្អាលនឹងព្រំដែន រឿងទៅមើលព្រំដែន រឿងស្រលាញ់ទឹកដី គឺជារឿងដ៏ល្អ របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប មិនមែនជារឿងខុសច្បាប់នោះទេ។ ប៉ុន្តែអ្វីដែលជារឿងអាក្រក់មិនអាចអត់អោនឲ្យបាននោះគឺការបំភ្លៃ ការមួលបង្កាច់ និងការញុះញង់ ដែលយកប្រធានបទព្រំដែនមកបំភ្លៃ មូលបង្កាច់ញុះញង់ ក្នុងចលនាលាក់លៀមដ៏អាក្រក់ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ លោកបន្តថា ការមួលបង្កាច់ ការបំភ្លៃខុសពីការពិត ការញុះញង់ វាមិនមែនជាសេរីភាពបញ្ចេញមតិ នៅក្នុងក្របខណ្ឌសង្គមប្រជាធិបតេយ្យនោះទេ ប៉ុន្តែវាជាបទល្មើសជាក់ស្តែង។

ទោះជាយ៉ាងណាក៏ដោយ ចលនានិស្សិត ដើម្បីលទ្ធិប្រជាធិបតេយ្យ កាលពីថ្ងៃទី២៧ ខែសីហា ក៏បានចេញសេចក្តីថ្លែងការណ៍សម្តែងការព្រួយបារម្ភ ចំពោះស្ថានភាពកាន់តែអាក្រក់ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម បន្ទាប់ពីយោធាវៀតណាម បានប្រែក្លាយសំណង់រោងប្រក់តង់កៅស៊ូ ដោយអភិវឌ្ឍទៅជាសំណង់ឈើ ឬដែក ប្រក់ស័ង្កសីដ៏រឹងមាំជំនួស វិញ។

ចលនានិស្សិត បានចាត់ទុកសកម្មភាពបោះតង់ របស់កម្លាំងយោធា  វៀតណាម នៅតាមតំបន់ព្រំដែន ថាកំពុងក្លាយជាជម្រករឹងមាំ ដែលភាគីទាំងពីរកម្ពុជា-វៀតណាម ពុំទាន់មានដំណោះស្រាយត្រឹមត្រូវជាមួយគ្នានៅឡើយនោះ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.