35 C
Phnom Penh

យុវជននាំគ្នាធ្វើយុទ្ធនាការលើបណ្តាញសង្គមឲ្យមានការដោះលែង លោក រ៉ុង ឈុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យុវជន និងមន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួន បាននាំគ្នាធ្វើយុទ្ធនាការលើបណ្តាញសង្គមហ្វេសប៊ុក ដែលមានឈ្មោះថា លោក រ៉ុង ឈុន ស្អាតស្អំ។ ពួកគេអះអាងថា យុទ្ធនារការនេះ ធ្វើឡើងដើម្បីទាមទារឱ្យតុលាករដោះលែងប្រធានសហភាពសហជីពកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ដោយថាលោកមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់នោះឡើយ។

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី លើកឡើងនៅគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះថា យុទ្ធនាការ រ៉ុង ឈុន ស្អាតស្អំនេះ គឺមានគោលបំណង ស្នើឱ្យតុលាការលើកលែងការចោទប្រកាន់ និងដោះលែងលោក ព្រមទាំងយុវជនផ្សេងទៀត ឱ្យមានសេរីភាពឡើងវិញ។

អ្នកស្រី បញ្ជាក់ថា យុទ្ធនាការនេះ ធ្វើឡើងរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៩ កន្លះយប់ ដោយពលរដ្ឋអាចចូលរួមបានគ្រាន់តែមានអាវឬ ពាក់អាវដែលមានរូបលោក រ៉ុង ឈុន ឬសរសេរនៅលើក្រដាស ដាក់ថា ដោះលែងលោក រ៉ុង ឈុន ហើយថតរូប រួចបង្ហោះ។

ស្រដៀងគ្នានេះ យុវតី សូ មេត្តា ក៏បានលើកឡើងពីការធ្វើយុទ្ធនាការនេះ គឺធ្វើឡើងដើម្បីស្នើឱ្យតុលាការ ទម្លាក់ការចោទប្រកាន់ទាំងអស់ និងដោះលែង លោក រ៉ុង ឈុន និងយុវជនដទៃទៀត ដែលជាប់ព័ន្ធសំណុំរឿងជាមួយគ្នានេះ ដើម្បីឱ្យពួកគេមានសេរីភាពដូចដើមវិញ។

ក្រៅពីនេះ ក៏មានយុវជន និងយុវតី ជាច្រើនទៀត បានផ្តើមធ្វើយុទ្ធនាការនេះ ក្រោយពេលសកម្មភាពតវ៉ារបស់ពួកគេ នៅមុខតុលាការ ដែលទាមទារឱ្យដោះលែងលោករ៉ុង ឈុន កន្លងមករងការព្រមាន និងរងការប្រើអំពើហិង្សា ពីសំណាក់អាជ្ញាធរក្រុងភ្នំពេញ ព្រមទាំងរងការព្រមានចាត់វិធានការច្បាប់ពីសំណាក់ក្រសួងយុត្តិធម៌ថែមទៀតផង។

គិតត្រឹមថ្ងៃសុក្រនេះ លោក រ៉ុង ឈុន ត្រូវបានចាប់ និងឃុំខ្លួនរយៈពេល ២៩ ថ្ងៃហើយ ដោយតុលាការបានចោទប្រកាន់លោកពីបទ ញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍ បន្ទាប់ពីលោកបានចេញសេចក្តីថ្លែងការណ៍ និងបកស្រាយពាក់ព័ន្ធការអះអាងរបស់ពលរដ្ឋនៅក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលថា បានបាត់បង់ដីធ្លីជាច្រើនហិកតា ក្រោយពេលរដ្ឋាភិបាលបោះបង្គោលព្រំដែនជាមួយវៀតណាមរួច។

សំណុំរឿងនេះ បានធ្វើឱ្យមនុស្សជាង១០នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ រួមទាំងប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ដែលត្រូវបានចាប់ខ្លួន ប៉ុន្តែសមត្ថកិច្ចបានដោះលែងយុវជន៤នាក់មកវិញ ក្រៅពីនេះបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសជា                       បណ្តោះអាសន្ន ដោយតុលាការចោទប្រកាន់ពួកគេប្រហាក់ប្រហែលគ្នា គឺពីបទញុះញង់ និងបង្កភាពវឹកវរដល់សង្គមជាតិ។

ទាំងអង្គការជាតិ និងអន្តរជាតិមួយចំនួន បានទាមទារឱ្យរដ្ឋាភិបាលដោះលែងឱ្យមានសេរីភាពវិញ និងទម្លាក់ចោលរាល់ការចោទប្រកាន់ទៅលើពួកគេទាំងនោះ ព្រោះថាការចាប់ខ្លួនពួកគេជាការដើរផ្ទុយពីគោលការណ៍សិទ្ធិមនុស្សជាសកល និងជាការបំបិទសិទ្ធិសេរីភាពពលរដ្ឋ ខណៈលោក ហ៊ុន សែន កាលពីថ្ងៃទី១៦ ខែសីហា អះអាងថាការលើកឡើងពាក់ព័ន្ធបញ្ហាព្រំដែនជាមួយវៀតណាម ពុំមែនជាសិទ្ធិបញ្ចេញមតិឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស