ក្រុមអង្គការសង្គមស៊ីវិល ធ្វើការងារលើកកម្ពស់សិទ្ធិស្ត្រី បានបង្ហាញក្តីបារម្ភជាខ្លាំងចំពោះសេចក្តីព្រាងច្បាប់ស្តីពី សណ្តាប់ធ្នាប់សាធារណៈ ដែលកំពុងស្ថិតនៅក្នុងដៃមន្រ្តីជំនាញសិក្សាបន្ថែម។
ជាមួយគ្នានេះ ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈជាបន្ទាន់ ព្រោះថា ច្បាប់នេះរំលោភបំពានសិទ្ធិស្ត្រី។
ក្នុងសេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការ-សមាគម ជិត៤០ស្ថាប័ន កាលពីថ្ងៃម្សិលមិញ បានលើកឡើងពីក្តីបារម្ភជាខ្លាំងចំពោះមាត្រា ជាច្រើនដែលមានចែងក្នុងសេចក្តីព្រាងច្បាប់នេះ ព្រោះវានឹងធ្វើឱ្យស្ត្រីបាត់បង់លទ្ធភាពទទួលបានសិទ្ធិរបស់ខ្លួន ទាំងជម្រើសនៃការស្លៀកពាក់ និងការប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគេជាសាធារណៈផងដែរ។
ក្រៅពីទាមទារឱ្យរដ្ឋាភិបាលលុបចោលនូវសេចក្តីព្រាងច្បាប់នេះ ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បានស្នើយ៉ាងទទូចឱ្យរាជរដ្ឋាភិបាលរក្សាកាតព្វកិច្ចរបស់រដ្ឋស្របតាមសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិទាំងអស់ និងអនុវត្តសេចក្តីសង្កេតសន្និដ្ឋានឆ្នាំ២០១៩របស់គណៈកម្មាធិការស៊ី-ដ ដែលទាមទារឱ្យរដ្ឋាភិបាលត្រូវវាយតម្លៃលក្ខណៈជាប្រព័ន្ធទៅលើផលប៉ះពាល់នៃវិធានការនានាដែលបានដាក់ចេញ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើយេនឌ័រទៅលើស្ត្រីនិងក្មេងស្រី។
សេចក្តីព្រាងច្បាប់ស្តីពី សណ្តាប់ធ្នាប់សាធារណៈ» ដែលផ្តួចផ្តើមឡើងដោយក្រសួងមហាផ្ទៃ ដែលមាន៨ជំពូកនិង៤៧មាត្រា តាក់តែងឡើងក្នុងគោលបំណងគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈ ឱ្យមានរបៀបរៀបរយ សោភ័ណភាព អនាម័យ បរិស្ថាន ភាពស្ងប់ស្ងាត់ សុវត្ថិភាពសង្គម និងការរក្សាប្រពៃណីជាតិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។ សេចក្តីព្រាងច្បាប់នេះ ស្ថិតនៅក្នុងដៃមន្ត្រីជំនាញនៃក្រសួងមហាផ្ទៃ ដើម្បីសិក្សាបន្ថែម ដោយមិនទាន់បញ្ជូនទៅគណៈរដ្ឋមន្ត្រីដើម្បីអនុម័តនៅឡើយទេ។
សេចក្តីថ្លែងការណ៍ដដែលបន្តថា រដ្ឋាភិបាលគួរតែចាត់ទុកជាអាទិភាពបន្ទាន់ ដើម្បីដោះស្រាយរាល់ទម្រង់នៃការរើសអើងយេនឌ័រ រួមមាន អំពើហិង្សាផ្អែកលើយេនឌ័រនិងការរើសអើងក្នុងប្រព័ន្ធអប់រំ ការចូលរួមផ្នែកសេដ្ឋកិច្ច សង្គម និងនយោបាយ តាមរយៈការកែទម្រង់ច្បាប់និងការផ្លាស់ប្តូរគោលនយោបាយរដ្ឋជាដើម៕