ក្រសួងយុត្តិធម៌អះអាងថា រយ:ពេល១០០ថ្ងៃ ឬជាង៣ខែ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានីខេត្ត គឺ មានសំណុំរឿងព្រហ្មទណ្ឌ ជិត១ម៉ឺន (៨,១១៣) សំណុំរឿងដែលបានកកស្ទះកន្លងមក ឬស្មើនឹង ៦៣% ត្រូវបានជំនុំជម្រះរួច។
ការអះអាងថានេះ ក្រោយពេលរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មីឡើងកាន់តំណែង គឺលោក កើត រិទ្ធ បានប្រជុំរៀបចំ និងអនុវត្តយុទ្ធនាការដោះស្រាយរាល់សំណុំរឿងដែលកកស្ទះនៅតាមបណ្តាសាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស ដោយប្រកាសចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ នៅថ្ងៃស្រុក ទី២៧ខែសីហា បញ្ជាក់ថា ជាលទ្ធផលនៃការអនុវត្តយុទ្ធនាការរយៈពេល ១០០ថ្ងៃ កន្លងមកនេះ សំណុំរឿងព្រហ្មទណ្ឌដែលត្រូវបានជំនុំជម្រះរួចនៅតាមសាលាដំបូងរាជធានី ខេត្តទូទាំងប្រទេស មានចំនួនសរុប៨ពាន់ ១១៣ ឬ ស្មើនឹង ៦៣% នៃសំណុំរឿងដែលបានកកស្ទះ។
ក្រសួងយុត្តិធម៌បន្តថា ផ្អែកលើការខិតខំដោះស្រាយបញ្ហាប្រឈមនានានៅតាមបណ្ដាសាលាដំបូងរាជធានី ខេត្ត ដោយក្រុម ការងារទាំង៤ និងលេខាធិការដ្ឋានរបស់ គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងតាមសាលាដំបូងរាជធានី ខេត្ត ជាពិសេស មានការចូលរួមដ៏សកម្មប្រកប ដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់មន្ត្រីតាមសាលាដំបូងរាជធានី ខេត្តទាំងនោះ។
គណៈកម្មការនៃក្រសួងយុត្តិធម៌ដដែលនេះ សង្ឃឹមថា សាលាដំបូងរាជធានី ខេត្តនៅទូទាំងប្រទេស នឹងបន្តខិតខំដោះស្រាយការកកស្ទះសំណុំរឿងនៅតាម អង្គភាពឱ្យចប់សព្វគ្រប់នៅត្រឹមដំណាច់ឆ្នាំ២០២០នេះ ដោយប្រកាន់ខ្ជាប់នូវអភិក្រមការងារក្នុង យុទ្ធនាការចំនួន៤ រួមមាន «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ»។
ផ្អែកតាមទិន្នន័យពីមន្ត្រីតុលាការកន្លងមកធ្លាប់ឱ្យដឹងថា គ្រាន់តែសាលាដំបូងរាជធានីភ្នំពេញមួយប៉ុណ្ណោះ សំណុំរឿងដែលនៅសល់មិនទាន់ចាត់ការរួច កាលពីឆ្នាំ២០១៩ មានប្រមាណ ១ម៉ឺន២ពាន់សំណុំរឿង ហើយសំណុំរឿងដែលចូលថ្មីជាមធ្យម មានចន្លោះពី៧រយ ទៅ៩រយសំណុំរឿងក្នុងមួយខែ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ធ្លាប់អះអាងថា អ្នកជាប់ឃុំបច្ចុប្បន្នមានចំនួនជាង៣ម៉ឺននាក់ ហើយអ្នកជាប់ឃុំច្រើនលើសលប់គឺ មិនទាន់ជំនុំជម្រះនៅឡើយ ពោលជាការជាប់ឃុំបណ្តោះអាសន្នតែប៉ុណ្ណោះ។ លោកក៏បានលើកឡើងពីក្តីបារម្ភចំពោះស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារ ដោយសារអ្នកជាប់ឃុំមានចំនួនច្រើនពេក ហើយអ្នកជាប់ឃុំកាន់តែច្រើន គឺពាក់ព័ន្ធបទល្មើសគ្រឿងញៀន។
កាលពីថ្ងៃទី១៣ ខែឧសភា អង្គការលើកលែងទោសអន្តរជាតិ Amnesty International បានចេញរបាយការណ៍មួយបង្ហាញថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រដ្ឋាភិបាលកម្ពុជា រយៈពេល ៣ឆ្នាំកន្លងមកនេះ គឺបរាជ័យ។
របាយការណ៍បញ្ជាក់ថា ភាពបរាជ័យនេះ បានជំរុញឱ្យមានការកើនឡើងនូវការរំលោភសិទ្ធិមនុស្ស ការប្រើមធ្យោបាយឃុំឃាំងហួសកម្រិតបង្កឱ្យមានហានិភ័យដល់សេវាសុខភាពសាធារណៈ និងបង្កើតឱកាសប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ព្រមទាំងមានការបែងចែកបក្ខពួកអ្នកជាប់ឃុំតាមរយៈអ្នកមានអ្នកក្រផងដែរ៕