27 C
Phnom Penh

សាច់ញាតិ និងអ្នកគ្រាំទ្រ បន្តដាក់ញ្ញត្តិទៅស្ថានទូតលោកសេរីសុំអន្តរាគមន៍ដោះលែងលោក រ៉ុង ឈុន និងយុវជនមួយចំនួនទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាច់ញាតិ និងអ្នកគាំទ្រ ប្រធានសហភាពសហជីពកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ប្រមាណ១០០នាក់ បន្តយកញ្ញត្តិទៅដាក់នៅស្ថានទូតជប៉ុន និងស្ថានទូតអាល្លឺម៉ង់ នៅព្រឹកថ្ងៃអង្គារ៍នេះ ក្រោមការឃ្លាំមើលពីអាជ្ញាធរ និងសន្តិសុខក្រុងរាប់សិបនាក់។

ការដាក់ញ្ញត្តិទៅស្ថានទូតលោកសេរីទាំងពីរនេះ ដោយសាច់ញាតិនិងអ្នកគាំទ្រអះអាងថា ដើម្បីស្នើឱ្យស្ថានទូតទាំងពីរនេះ ជួយអន្តរាគមន៍ទៅរដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែង និងទម្លាក់ចោលបទចោទប្រកាន់លើលោក រ៉ុង ឈុន និងមនុស្សជាច្រើននាក់ផ្សេងទៀត។

ក្មួយប្រុសរបស់លោក រ៉ុង ឈុន គឺ លោក រ៉ុង វ៉ាន់ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការបន្តដាក់ញ្ញត្តិទៅប្រទេសលោកសេរីបន្ថែមទៀតនេះ ព្រោះចង់ឱ្យស្ថានទូតអាល្លឺម៉ង់ និងស្ថានទូតជប៉ុននៅកម្ពុជា ជួយអន្តរាគមន៍ទៅរដ្ឋាភិបាលឱ្យដោះលែងលោក រ៉ុង ឈុន និងមនុស្សដទៃទៀត ឱ្យមានសេរីភាពឡើងវិញ ត្បិតពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។

បន្ថែមពីនេះ ការបន្តតវ៉ា និងដាក់ញ្ញត្តិនេះ គឺដើម្បីបង្ហាញថាអ្នកស្រលាញ់លោកគ្រូ រ៉ុង ឈុន មិននៅស្ងៀមចំពោះភាពអយុត្តិធម៌ឡើយ ព្រមទាំងរិះរកគ្រប់មធ្យោបាយដើម្បីធ្វើយ៉ាងឱ្យប្រធានសហជីពរូបនេះ និងមនុស្សដទៃទៀត មានសេរីភាព ពីព្រោះអ្វីដែលពួកគេលើកឡើងជាការរួមចំណែកឈឺឆ្អាលរឿងសង្គមជាតិ និងជាការសម្តែងមតិដែលស្របទៅតាមច្បាប់តែប៉ុណ្ណោះ។

សមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC)  ដែលបានតាមដានករណីនេះ នលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា សមត្ថកិច្ច និងកងសន្តិសុខ ព្រមទាំងអាជ្ញាធរស្លៀកពាក់ស៊ីវិលប្រមាណ៥០នាក់ បាននាំគ្នារារាំង ក្រុមអ្នកតវ៉ា មិនឲ្យមានការដាក់ញត្តិនេះ ប៉ុន្តែមិនមានករណីប្រើហិង្សាលើអ្នកតវ៉ានោះទេ។

យ៉ាងនេះក្តីសមាគមអាដហុក លើកឡើងថានៅម៉ោង៩ កន្លះ ក្រោយពេលដាក់ញ្ញត្តិនៅស្ថានទូតជប៉ុនរួច ក្រុមអ្នកដាក់ញ្ញត្តិត្រូវបានកងសន្តិសុខរារាំងដំណើររបស់ពួកគេមិនឱ្យ ហែក្បួនដើម្បីយកញ្ញត្តិទៅដាក់បន្តនៅស្ថានទូតអាល្លឺម៉ង់ឡើយ។ ការរារាំងប្រមាណ១ម៉ោង ទើបអាជ្ញាធរអនុញាតឱ្យអ្នកតវ៉ាឡើងជិះរ៉ឺម៉កកង់បី ឬ តុកៗ  ដើម្បីយកញ្ញត្តិទៅដាក់នៅស្ថានទូតអាល្លឺម៉ងបន្តទៀត។

ជាមួយគ្នានេះ ក្រុមអ្នកតវ៉ា បាននាំគ្នាស្រែកទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន និង យុវជនដដៃទៀត រួមទាំងប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ហើយការដាក់ញ្ញត្តិត្រូវបានបញ្ចប់នៅម៉ោងប្រមាណ១១ព្រឹក។

យ៉ាងនេះក្តី លោក រ៉ុង វ៉ាន់ អះអាងថា ពួកគាត់នឹងបន្តយកញ្ញត្តិទៅដាក់នៅស្ថានទូតលោកសេរី និងស្ថានទូតបណ្តាប្រទេសធំៗ នៅកម្ពុជាបន្តទៀត ព្រមទាំងធ្វើសកម្មភាពផ្សេងៗដើម្បីជំរុញឱ្យមានការដោះលែង និងទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងលោក រ៉ុង ឈុង និង មនុស្សមួយចំនួនទៀត។

លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចលោកហ៊ុន សែន ចាប់ខ្លួនទាំងយប់កាលពីថ្ងៃទី ៣១ ខែកក្កដា ក្រោយពេលលោកចេញសេចក្តីថ្លែងការណ៍និងលើកឡើងអំពីបញ្ហាដីធ្លីរបស់ពលរដ្ឋខ្មែរជាប់ព្រំដែនវៀតណាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយពលរដ្ឋអះអាងថាបានបាត់បង់ដីធ្លីរាប់រយហិកតាក្រោយរដ្ឋាភិបាលកម្ពុជា-វៀតណាម បោះបង្គោលព្រំដែនរួច។ មួយថ្ងៃក្រោយមកលោករ៉ុង ឈុន ត្រូវបានតុលាការចោទកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើស និងបង្គាប់ឱ្យឃុំខ្លួនលោកជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ។

សាច់ញាតិ និង អ្នកគាំទ្រលោក រ៉ុង ឈុន បាននាំគ្នាតវ៉ាស្ទើររាល់ថ្ងៃ ចាប់តាំងពីមានការចាប់ខ្លួនលោក ដែលឈានទៅដល់ការចាប់ខ្លួនយុវជនខ្មែរថាវរៈ២នាក់ រួមមានលោកហ៊ុន វណ្ណៈ និងកញ្ញា ឈឿន ដារ៉ាវី ។ ដោយឡែកយុវតីម្នាក់ឈ្មោះ កញ្ញា ស កន្និការ ព្រមទាំងអតីតមន្ត្រីមូលដ្ឋានបក្សសង្រ្គោះជាតិចំនួន២នាក់ទៀតក៏ត្រូវបានចាប់ខ្លួនដោយសារការតវ៉ាឱ្យដោះលែងលោក រ៉ុង ឈុន ផងដែរ។ រីឯប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ក៏ត្រូវបានចាប់ខ្លួនបន្ថែមទៀត ក្រោយពេលបកស្រាយរឿងព្រំដែន ជាកន្លែងដែលនាំឱ្យមានការចាប់ខ្លួនលោក រ៉ុង ឈុន នោះ។ 

រលកនៃការតវ៉ា និងបាតុកម្មទាមទារឱ្យដោះលែងលោករ៉ុង ឈុន នេះ មិនមែនកើតមានតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានរាលដាលដល់ក្រៅប្រទេសផងដែរ។

ជាក់ស្តែងកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ពលរដ្ឋខ្មែរនៅប្រទេសកាណាដា ជាច្រើននាក់បាននាំគ្នាធ្វើបាតុកម្មទាមទារឲ្យតុលាការខ្មែរ ទម្លាក់ចោលការចោទប្រកាន់ ហើយដោះលែងលោក រ៉ុង ឈុន និង អ្នកគាំទ្រផ្សេងទៀតដែលកំពុងជាប់ឃុំទាក់ទងរឿងព្រំដែន។

កាលពីចុងសប្តាហ៍មុនផងដែរ  ក្រុមយុវជនខ្មែរថាវរៈ ផ្ញើលិខិតមួយជូនដំណឹងទៅអាជ្ញាធរក្រុងភ្នំពេញ អំពីកម្មវត្ថុធ្វើបាតុកម្មទាមទារយុត្តិធម៌សង្គម ពិសេសទាមទារ ឱ្យដោះលែងលោក រ៉ុង ឈុន ព្រមទាំងមនុស្ស៤នាក់ផ្សេងទៀត។ បាតុកម្មនេះ គឺ គ្រោងធ្វើឡើងរយៈពេល៩ថ្ងៃចាប់ពីថ្ងៃទី៧ ដល់ថ្ងៃ១៥ ខែកញ្ញាខាងមុខនៅទីលានប្រជាធិបតេយ្យក្នុងទីក្រុងភ្នំពេញ ប៉ុន្តែគម្រោងធ្វើបាតុកម្មនេះ ត្រូវបានអាជ្ញាធរក្រុងភ្នំពេញមិនអនុញ្ញាតឡើយនៅថ្ងៃអង្គារ៍នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស