30.7 C
Phnom Penh

អ្នកឃ្លាំមើលសិទ្ធិមនុស្សអះអាងថា សិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋខ្មែរត្រូវបានហាមឃាត់ទាំងស្រុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីសិទ្ធិមនុស្សក្នុងស្រុកអះអាងថា សេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋកំពុងញាំញីទៅដោយការរារាំង និងការប្រើអំពើហិង្សារបស់សមត្ថកិច្ចរដ្ឋាភិបាលក្រុងភ្នំពេញ។

អ្នកនាំពាក្យរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា បានប្រាប់សាព័ត៌មាន The Cambodia Daily ថា ខណៈស្ថានភាពនយោបាយនៅតែបន្តតានតឹងដូចសព្វថ្ងៃនេះ វាជាការបង្អាក់មួយដែរដល់ការស្នើរសុំរបស់ក្រុមអ្នកតវ៉ាទាំងឡាយ។ លោកបញ្ជាក់ថាកន្លងមកសមត្ថកិច្ចតែធ្វើការគម្រាមកំហែងលើក្រុមអ្នកតវ៉ាទាំងនោះរហូតឈានដល់ការបង្ក្រាបដោយហិង្សាថែមទៀត។

កាលពីថ្ងៃទី២៩ ខែសីហា សកម្មជនសិទ្ធិមនុស្សលោក មាន ព្រហ្មមុនីបានអះអាងថាលើទំព័រFacebookផ្ទាល់ខ្លួនរបស់លោក ដោយភ្ជាប់ជាមួយលិខិតរដ្ឋបាលមួយដែលមានការយល់ព្រមពីសាលាក្រុងភ្នំពេញកាលពីថ្ងៃទី២៨ ខែសីហា ដែលអនុញាតិឲ្យតំណាងប្រជាពលរដ្ឋ សិស្ស និស្សិត ធ្វើបាតុកម្មអហិង្សារយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី ១៥ ខែកញ្ញា ទាមទារឲ្យលែងលោក រ៉ុង ឈុន និងអ្នកជាប់ឃុំដទៃទៀតដែលបានតវ៉ាបញ្ហាព្រំដែន។

យ៉ាងនេះក្តីនៅរសៀលថ្ងៃអង្គារ ទី០១ កញ្ញា នេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់វិទ្យុបារាំង (RFI) ថា អាជ្ញាធរក្រុងភ្នំពេញបានសម្រេចមិនអនុញ្ញាតឲ្យក្រុមយុវជនខ្មែរថាវរៈ ធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ដូចដែលអាជ្ញាបានយល់ព្រមកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ កន្លងទៅ នោះទេ។

លោកបន្តថា ការបដិសេធនេះ ដោយសារតែក្រុមយុវជនទាំងនោះមិនគោរពតាមខ្លឹមសារនៃកិច្ចប្រជុំ ដែលថាការជួបជុំនៅទីលានប្រជាធិបតេយ្យ នឹងមិនឲ្យមានអ្នកចូលរួមលើសពី២០០នាក់នោះ។ លោកបន្តថាក្រុមយុវជនទាំងនោះបានធ្វើការអំពាវនាវតាមរយៈទំព័រហ្វេសប៊ុករបស់ពួកគេជាសាធារណៈដោយសុំឲ្យមានការចូលរួមធ្វើបាតុកម្មលើសពីការកំណត់ដែលមានចែងក្នុងកិច្ចព្រមព្រៀង។

ក្រុមអ្នកការពារសិទ្ធិពលរដ្ឋតែងរិះគន់ថាការបង្ខិតបង្ខំឲ្យក្រុមអ្នកតស៊ូមតិដាក់លិខិតជូនដំណឹងនោះគ្រាន់តែជាលេសរបស់អាជ្ញាធរប៉ុណ្ណោះ ព្រោះជាច្រើនលើកច្រើនសារមកហើយដែលក្រុមអ្នកតវ៉ាបានដាក់លិខិតជូនរដ្ឋបាលរាជធានីភ្នំពេញតែមិនដែលទទួលបានការឆ្លើយតប ឬការយល់ព្រមត្រឡប់មកវិញម្តងណាឡើយ ទោះមានការយល់ព្រមក៏តែងមានលេសមិនចេះចប់ដើម្បីបញ្ឈប់ស្នើរសុំនោះវិញទាល់តែបាន។

លោក សឹង សែនករុណា បញ្ចាក់ថាក្នុងសង្គមលទ្ធិប្រជាធិបតេយ្យពលរដ្ឋម្នាក់ៗមានសិទ្ធិតវ៉ាទាមទារ គ្រប់រូបភាព ជាសំណេរ និងជាការសំដែងមតិ ស្របទៅតាមឆន្ទៈរបស់ពួកគេ និងស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស